អន្តរជាតិ
ថៃ ព្រួយបារម្ភពីគម្រោងសាងសង់ទំបន់វារីអគ្គិសនីនៅហ្លួងព្រះបាង ឧបនាយករដ្ឋមន្រ្តីថៃ លោកPrawit Wongsuwon
× ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwon នាថ្ងៃទី២៥ ខែមីនា បានលើកឡើងពីការបារម្ភ ជុំវិញគម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅហ្លួងព្រះបាង ប្រទេសឡាវ ដែលធ្វើឲ្យទឹកទន្លេមេគង្គស្រកខុសពីធម្មតា និងសភាពទឹកមានការប្រែប្រួល។
តាមរយៈកិច្ចប្រជុំរបស់គណៈកម្មាធិការទន្លេមេគង្គថៃ បញ្ហាចម្រូងចម្រាស់លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាង ប្រទេសឡាវ ត្រូវបានគេលើកយកមកពិភាក្សា។ ថៃមិនពេញចិត្តឡើយនឹងគម្រោងទំនប់វារីអគ្គិសនីទំហំ ១៤០០មេហ្គាវ៉ាត់នេះ ព្រោះវាបានបង្កឲ្យ កម្រិតទឹកទន្លេមេគង្គនៅក្នុងប្រទេសថៃ ធ្លាក់ចុះខុសពីធម្មតា។
ដោយមើលឃើញថាទំនប់វារីអគ្គិសនី បង្កឲ្យមានផលប៉ះពាល់ខ្លាំង គណៈកម្មាធិការទន្លេមេគង្គថៃ នឹងបញ្ជូនសេចក្តីសម្រេចរបស់ខ្លួន តាមរយៈការិយាល័យធនធានទឹក ទៅគណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីបញ្ជាក់ពីជំហររបស់ថៃ។ គណៈកម្មការទន្លេមេគង្គ ត្រូវបានបង្កើតឡើងរួមគ្នាដោយប្រទេសចំនួន៤ ដូចជា ឡាវ ថៃ កម្ពុជា និងវៀតណាម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwon បានលើកឡើងថា ទន្លេមេគង្គ មិនមានស្ថានភាពល្អឡើយពេលនេះ ជាពិសេសគឺកម្រិតទឹកទន្លេ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កឲ្យមានផលប៉ះពាល់ដល់ខេត្តថៃចំនួន ៨ឯណោះ។ ជាពិសេសលោក Prawit បញ្ជាក់ថា ជំហររបស់ថៃ គឺស្ថិតនៅលើកិច្ចសហប្រតិបត្តិអន្តរជាតិ ដើម្បីស្ថេរភាពទន្លេមេគង្គ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីហ្លួងព្រះបាងនេះ នឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅតាមទន្លេយ៉ាងខ្លាំងដូចជា កម្រិតទឹកធ្លាក់ចុះ ទិន្នផលត្រីមានតិចជាងមុន ទឹកទន្លេប្រែពណ៌ខុសពីធម្មតាជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com