ជាតិ
វីដេអូ
នួន បុប្ផា កំពុង​រីករាយ​នឹង​ការងារ​កាត់ដេរ ទោះ​ខ្លួន​មាន​ពិការភាព​
27, Mar 2020 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា នួន បុប្ផា ជា​ជនរងគ្រោះ​ដោយ​គ្រាប់មីន​មួយរូប ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​ទៀត​នៅ​កម្ពុជា​។ បុប្ផា បាន​បាត់បង់​ជើង​ស្តាំ តាំងពី​នាង​នៅ​ក្មេង​ម្ល៉េះ គឺ​នៅក្នុង​ឆ្នាំ​២០០៤​។ បច្ចុប្បន្ន នាង​មាន​វ័យ​២៧​ឆ្នាំ កំពុង​ប្រកបការងារ​កាត់ដេរ​ស​ម្លៀ​ក​បំពាក់​យ៉ាង​រីករាយ នៅ​ហាង​កាត់ដេរ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​។ ការងារ​កាត់ដេរ ដែល​បានផ្តល់​ចំណូល​សមរម្យ​ឲ្យ​នាង អាចជួយ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅឯ​ស្រុកកំណើត​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​កញ្ញា បុប្ផា ស្ត្រី​ពិការ​ជើង​ជាជាង​កាត់ដេរ​ដូចតទៅ​៖

 
 
​ជា​កូន​ទី​៥ ក្នុងចំណោម​បងប្អូន ៩​នាក់ កញ្ញា នួន បុប្ផា បាន​បាត់បង់​ជើង​ខាងស្ដាំ​ត្រឹម​ជង្គង់ ដោយសារ​រត់​ជាន់​គ្រាប់មីន កាលពី​ឆ្នាំ​២០០៤​។ កាល​នៅ​វ័យក្មេង ការពិការ​ជើង​នេះ មិនបាន​ធ្វើ​ឲ្យ​កញ្ញា បុប្ផា បាក់​ទឹកចិត្ត​ឡើយ ប៉ុន្តែ​នៅពេល​វ័យ​វិវត្តន៍ បានធ្វើ​ឲ្យ បុប្ផា តូច​ចិត្តនឹង​ខ្លួនឯង ដែលជា​បន្ទុក​របស់​គ្រួសារ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស្ត្រី​វ័យ​២៧​ឆ្នាំ​រូបនេះ អះអាងថា ធ្លាប់​ចង់​សម្លាប់ខ្លួន​ចំនួន ៣​លើក​ផងដែរ​។ កញ្ញា នួន បុប្ផា រៀបរាប់​ដូច្នេះ​៖ «​ខ្ញុំ​លួច​សម្លាប់ខ្លួន​៣​ដង​។ ពេល​ក្រោយៗ​ទៀត បន្ទាប់ពី​ចេញពីផ្ទះ មក​ខាងក្រៅ ទើប​ខ្ញុំ​ឃើញថា មាន​អ្នកផ្សេង គេ​ពិបាក​ឬ​ពិបាក​ជាង​យើង​ទៀត​។ ពេលនោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទឹកចិត្ត​ខំប្រឹង​រើ​បម្រាស​ខ្លួនឯង​ឲ្យ​ដូច​សព្វថ្ងៃ តាំងពី​ពេលនោះ​មក ខ្ញុំ​ក៏បាន​សុំ​អ្នកមានគុណ ដើម្បី​មក​រៀន​ជំនាញ​មួយ នៅ​អង្គការ​ជនពិការ​»​។ 
 
​ក្រុមគ្រួសារ​ជា​ផ្នែក​មួយ​ដ៏​ធំ ដែល​ជំរុញ​ទឹកចិត្ត បុប្ផា ឲ្យ​ខំប្រឹង​ត​ទៅមុខទៀត បើទោះបីជា​នាង​ពិការ​ក៏ដោយ​។ ក្រោយ​មានការ​ងារ​ល្អ និង​សង្គម​ឲ្យ​តម្លៃ កញ្ញា បុប្ផា លែងមាន​គំនិត​ចង់​សម្លាប់ខ្លួន និង​ប្រឹងប្រែង ដើម្បី​ជីវិត និង​គ្រួសារ​។ កញ្ញា បុប្ផា ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ព្រោះ​សព្វថ្ងៃ ខ្ញុំ​បានធ្វើការ​រកលុយ​ជូន​ដល់​គ្រួសារ​ខ្លះ និង​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​នឹង​ខ្លួនឯង​»​។ 
 
«​សព្វថ្ងៃនេះ ខ្ញុំ​គិតថា​ខ្ញុំ​ពិការ មិនមែន​រឿង​អី​សំខាន់​ទេ ព្រោះ​វា​ជា​ធម្មជាតិ​របស់ខ្ញុំ​យូរហើយ ខ្ញុំ​អាច​ទទួលយក​វា​បាន​។ ទោះបី​អ្នកផ្សេង​មើល​មក ថា​យើង​ពិការ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា គេ​ជា​សិទ្ធិ​របស់គេ គេ​គិតក្នុងចិត្ត​គេ យើង​ពិការ​មែន ប៉ុន្តែ​បេះដូង​យើង​មិន​ពិការ​ទេ​។ យើង​ត្រូវតែ​ខំប្រឹង ដើម្បី​ជីវិត​យើង និង​គ្រួសារ​របស់​យើង យើង​កុំ​គិតពី​អ្នកផ្សេង បើ​គេ​មើលងាយ​យើង ឲ្យ​គេ​មើលចុះ តែ​យើង​កុំ​មើលងាយ​ខ្លួនឯង​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា នួន បុប្ផា​។ 
 
​ការងារ​ជាជាង​កាត់ដេរ​នេះ បានធ្វើ​ឲ្យ​កញ្ញា នួន បុប្ផា មាន​ក្ដី​សុខ បន្ទាប់ពី​រៀន​ជំនាញ​នៅក្នុង​អង្គការ​ជនពិការ និង​បានធ្វើ​ការងារ​នៅក្នុង​ហាង​កាត់ដេរ​សម្លៀកបំពាក់​បុរាណ និង​សម័យមួយ​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។ កញ្ញា បុប្ផា បង្ហាញ​ក្ដីរំភើប​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ស្រឡាញ់​ការងារ​នេះ​។ ពីដំបូង ខ្ញុំ​មិន​គិតថា ខ្ញុំ​រៀន​ជំនាញ​ខាង​កាត់ដេរ​នេះ​ទេ ប៉ុន្តែ​ពេលដែល​ខ្ញុំ​ចូលទៅ​រៀន វា​ផ្ដល់​ក្ដី​សុខ និង​ក្ដីសង្ឃឹម​ឲ្យ​យើង​គិតដល់​អនាគត​»​។ 
 
​ជាងកាត់ដេរ​រូបនេះ ក៏បាន​លើកទឹកចិត្ត​ដល់​អ្នក​ពិការ​ទាំងអស់ មិនត្រូវ​អស់សង្ឃឹម​នឹង​ពាក្យសម្ដី​អ្នកដទៃ និង​ត្រូវ​ផ្ដល់​ស្នាមញញឹម​ឲ្យ​ខ្លួនឯង​៕ 

Tag:
 ពិការ​ជើង​
  កាត់ដេរ​
  តស៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com