COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ លើក​ពេល​អូឡាំពិក ជប៉ុន​នឹងត្រូវ​ចំណាយ​ក្បែរ​៣​ពាន់​លាន​ដុល្លារ​ទៀត​
27, Mar 2020 , 8:39 am        
រូបភាព
​ការផ្លាស់ប្តូរ​ពេល​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នឹងធ្វើ​ឲ្យ​ជប៉ុន​កើន​ការចំណាយ​បន្ថែម​យ៉ាងច្រើន​ស​ន្ទឹ​ក​។ បន្ទាប់ពី​យល់ព្រម​ពន្យារពេល​ការប្រកួត នៅ​ថ្ងៃទី​២៦ ខែមីនា​នេះ ម្ចាស់ផ្ទះ​ជប៉ុន​បាន​កោះហៅ​ក្រុមការងារ​ដើម្បី​ចាប់ផ្តើម​ធ្វើការ​ងារ​ដែល​ស្មុគស្មាញ​បំផុត​មិន​ធ្លាប់​ជួប​ពីមុនមក​។​


 
​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​បានសម្រេច​ពន្យា​ពេល​ទៅ​ឆ្នាំក្រោយ ដោយសារ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19​។ អ្នករៀបចំ​ការប្រកួត បង្ហាញ​ភាពស្មុគស្មាញ និង​ឈឺក្បាល​ក្រោយពេល​ផ្លាស់ប្តូរ​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​ទៅ​ឆ្នាំ​បន្ទាប់​ដោយ​គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់​។​
 
«​ពីមួយ​ជំហាន​ទៅមួយ​ជំហាន យើង​ត្រូវ​ធានា​ឲ្យ​បាន​ច្បាស់​ថា​រាល់​បញ្ហា​គឺ​យើង​ត្រូវតែ​អាច​ដោះស្រាយបាន​»​។ នាយក​ប្រតិបត្តិ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​លោក Toshiro Muto ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ដំបូង​ជាមួយ​ក្រុមការងារ ដោយ​លោក​សង្កត់ធ្ងន់​លើក​ការចំណាយ​បន្ថែម​គឺ​ពិតជា​ច្រើន​លើសលុប​។​
 
​យ៉ាងណា​លោក Muto មិនទាន់​អាច​ប៉ាន់​ស្មានថា​ដំណើរការ​នៃ​ការពន្យារពេល​ការប្រកួត​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​អាច​ចំណាយ​បន្ថែម​អស់​ប៉ុន្មាន​នៅឡើយ​នោះទេ​។​
 
​បើ​យោងតាម​សារព័ត៌មាន​ជប៉ុន Nikkei daily អ្នករៀបចំ​បាន​ប៉ាន់​ស្មានថា​នឹងត្រូវ​ចំណាយ​ប្រាក់​បន្ថែមចំនួន ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត រួមទាំង​ការជួល​អគារ ការ​កក់​សណ្ឋាគារ និង​ការបង់ប្រាក់​បន្ថែម​សម្រាប់​បុគ្គលិក និង​សន្តិសុខ​ផង​។ ប៉ុន្តែ ការចំណាយ​នេះ​អាច​ធ្លាក់ចុះ​វិញ​មួយចំនួន​អាស្រ័យ​លើ​ការចរចារ​។​
 
​ការផ្លាស់ប្តូរ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ គឺ​មិនមែន​ប្ដូរ​តែ​ការប្រកួត​នោះទេ​។ ផ្ទាំង​ផ្សព្វផ្សាយ​ជាច្រើន​ត្រូវ​កែតម្រូវ​ឡើយ​វិញ រួមទាំង​ការងារ​បច្ចេកទេស​ជាច្រើន​ទៀត ហើយ​ទាំងអស់នេះ​សុទ្ធតែ​ត្រូវការ​លុយ​។​
 
​ដោយឡែក មិនទាន់មាន​ពេលវេលា​កំណត់​ណាមួយ​អំពី​ការរៀបចំ​ព្រឹត្តិការណ៍​ឡើងវិញ​នៅ​ថ្ងៃ​ណា ខែ​ណា​នៅឡើយ​ទេ​ដោយ​គ្រាន់តែ​ដឹងថា​នៅ​ឆ្នាំ ២០២១ ប៉ុណ្ណោះ​។ ជុំវិញ​ករណីនេះ អ្នករៀបចំ​ធានាថា​ការសម្រេចចិត្ត​នឹងត្រូវ​ធ្វើឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។ លោក Muto រំពឹងថា​ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​អាច​ដំណើរការបាន​នៅ​ឆ្នាំ ២០២១៕

Tag:
 COVID-19
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com