COVID-19
ជាតិ
អ្នកជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​កើន​ដល់​៩៨ នាក់ ក្រោយ​ឃើញ​២ករណីដែលជាជនជាតិឥណ្ឌូណេស៊ីនៅសៀមរាប
26, Mar 2020 , 10:12 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃទី​២៦ ខែមីនា នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​២នាក់​បន្ថែមដែលជាជនជាតិឥណ្ឌូណេស៊ីនៅសៀមរាប ។ សរុបមក​ដល់ពេលនេះ អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា មាន​៩៨នាក់​ហើយ ក្នុងនោះ​ជាសះស្បើយ​មាន​១នាក់ទៀត ដែលធ្វើឲ្យអ្នកជាសរុបឡើងដល់១១នាក់។​



តាម​ក្រសួងសុខាភិបាល បុរសឥណ្ឌូណេស៊ីទាំងពីរអាយុ៤១ឆ្នាំ និង​៤៥​ឆ្នាំ បានតេស្តឃើញវិជ្ជមាននៅមន្ទីរពេទ្យផាយ៉ាថៃ ក្រុងបាងកក តែដោយសារអត់ថវិកាទើប​នាំគ្នា​ធ្វើដំណើរមក​កម្ពុជា។ បច្ចុប្បន្ន ពួកគេត្រូវដាក់ឲ្យព្យាបាលនៅសៀមរាប។

ជាមួយគ្នានេះ ដំណឹងល្អមួយនៅកោះកុង ដោយអ្នកជំងឺវ័យ៥៧ឆ្នាំ បានជាសះស្បើយក្រោយលទ្ធផលអវិជ្ជមានពីរដង។

ក្រសួងក៏បានលើកឡើងពីករណីជនជាតិស៊ុយអែតម្នាក់នៅភ្នំពេញ ដែលមិនមានរោគសញ្ញា ហើយបានសុំវិញ្ញាបនបត្របញ្ជាក់សុខភាព ហើយមុនចេញលទ្ធផលនៅប៉ាស្ទ័រ គាត់បានទៅ​ប្រទេសថៃ នាយប់ថ្ងៃ២៥ ខែមីនា តែលទ្ធផលបញ្ជាក់ថា គាត់វិជ្ជមាន COVID-19។ ករណីនេះ មិនត្រូវបាន​រាប់បញ្ចូលក្នុងដែនកម្ពុជាឡើយ។

នៅសៀមរាប ក្រសួង​ក៏បានរកឃើញបុគ្គល៣៤០នាក់ ដែលប៉ះពាល់ដោយប្រយោលជាមួយទេសចរបារាំងមួយក្រុមនៅខេត្តព្រះសីហនុផងដែរ ដោយពួក​គេត្រូវបាន​ដាក់នៅដាច់ដោយឡែក​១៤ថ្ងៃ។

អ្នក​កើត​កូ​វីដ​-១៩ ចំនួន ៩៨​នាក់ ក្នុងនោះ​មាននៅ​ព្រះសីហនុ ៣៦​ករណី (​បារាំង​៣១ ខែ្មរ​២, ចិន​១) ភ្នំពេញ ១៣​ករណី (​ខ្មែរ​៨, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១៥​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣,​អាមេរិកាំង​២,​អង់គ្លេស​២, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ៥​ករណី (​ខ្មែរ​៣, ឥណ្ឌូណេស៊ី២),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ២​ករណី (​ខ្មែរ​២)​។ អ្នកជា​សះស្បើយ​សរុប​១១នាក់​៕​


© រក្សាសិទ្ធិដោយ thmeythmey.com