COVID-19
អន្តរជាតិ
អាមេរិកមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងចិនវិញ លោកប្រធានាធិបតីចិន ស៊ី ជិនភីង (ស្តាំ) និងលោក ដូណាល់ ត្រាំ នាជំនួបទ្វេភាគីក្នុងកិច្ចប្រជុំ G20 នៅក្រុងអូសាកា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។ រូបថត AFP
× គិតត្រឹមថ្ងៃទី២៧ ខែមីនា អាមេរិក មានករណីសរុប នៃជំងឺរលាកសួតដែលបង្កដោយ កូរ៉ូណាវីរុសច្រើនជាងគេបង្អស់ ពោលគឺច្រើនជាង ចិនដែលជាប្រទេសផ្ទុះដំបូងទៅទៀត។ ករណីCOVID-19 សរុបនៅអាមេរិក គឺមានរហូតដល់ជាង ៨៥០០០ករណី ខណៈចិនមានប្រមាណ៨ម៉ឺនករណី ។
បើតាមវេបសាយ Worldometer នាថ្ងៃទី២៦ ខែមីនា អាមេរិកបានរកឃើញអ្នកផ្ទុក COVID-19 រហូតដល់ ១៧១៣៣ករណី និងអ្នកស្លាប់ ២៦៨នាក់ឯណោះ។ ការកើនឡើងបែបនេះធ្វើតួលេខសរុបCOVID-19 នៅអាមេរិកមានរហូតដល់ ៨៥៣៤៤ករណី ខណៈតួលេខស្លាប់ បានកើនរហូតដល់ ១២៩៥ករណី។ ចំណែកអ្នកជាសះស្បើយនៅអាមេរិក មាន១៨៦៨ករណីប៉ុណ្ណោះ។
ចាប់តាំងពីថ្ងៃទី២៣ ខែមីនាមក អាមេរិកបានរកឃើញអ្នកផ្ទុកCOVID-19 លើសពី១ម៉ឺនករណីជារៀងរាល់ថ្ងៃ។
ចំណែកនៅចិន ដែលជាចំណុចផ្ទុះដំបូងនៃCOVID-19 ក្នុងថ្ងៃដដែលនេះ មានត្រឹមតែ ៥៥ករណីតែប៉ុណ្ណោះ។ ការណ៍នេះ បានធ្វើឲ្យករណីសរុបCOVID-19 នៅចិនមាន ៨១៣៤០ករណី។ ក្នុងចំនួនជាង ៨ម៉ឺនករណីនេះ ចិនមានអ្នកស្លាប់ចំនួន ៣២៩២ករណី ខណៈអ្នកជាសះស្បើយ ៧៤៥៨៨ករណី។
សូមបញ្ជាក់ថា កន្លងមកអង្គការសុខភាពពិភពលោក(WHO) បានព្រមានម្តងរួចមកហើយថា អាមេរិកអាចនឹងក្លាយជាទីតាំងផ្ទុះCOVID-19ថ្មី បន្ទាប់ពីចិន និងអ៊ីតាលី៕
© រក្សាសិទ្ធិដោយ thmeythmey.com