COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ ភូមិណា មានអ្នកមកពីថៃតែម្នាក់ ត្រូវចាត់ទុកជាគោលដៅក្តៅ ដែលត្រូវតាមដាន
27, Mar 2020 , 10:19 am        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ដើរស្វែងរកពលករខ្មែរ ទើបមកពីថៃ ហើយត្រូវសរសេរព័ត៌មានលម្អិតអំពីពួកគេគ្រប់រូប ដូចជា ឈ្មោះរបស់ពួកគេ ឈ្មោះភូមិ-ឃុំ និង ស្ថានភាពសុខភាពរបស់ពួកគេ ជាដើម។ លើសពីនេះ សម្តេចរដ្ឋមន្រ្តី ថែមទាំងប្រាប់ឲ្យកត់លេខផ្ទះរបស់ពួកគេថែមទៀត ក្នុងករណីមានលេខផ្ទះ។

 

សម្រេាប់សម្តេចរដ្ឋមន្រ្តី  ភូមិណា ឬកន្លែងណា មានពលករខ្មែរត្រឹមតែម្នាក់ ទើបមកពីថៃ គឺចាត់ទុកជាគោលដៅក្តៅ ដែលអាជ្ញាធរ ត្រូវតាមដានមើល។ សម្តេច បង្ហាញក្តីបារម្ភថា បុគ្គលម្នាក់ អាចចម្លងដល់៥នាក់ បើបុគ្គលម្នាក់នោះ មានវីរុសកូវីដ-១៩។

ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យថ្មីស្ដីពីការពិន័យចំពោះអំពើល្មើសចរាចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ដូច្នេះថា៖«ចាប់ពីមួយទៅ គឺចាត់ទុកថា មានបញ្ហាហើយ អ៊ីចឹងហើយសូមឲ្យចាត់ទុកភូមិណា ដែលមានបងប្អូនយើងមកពីថៃ មកស្នាក់នៅផ្ទះកំណើតនុ៎ង ចាប់ពីមួយទៅ ជាចំណុចក្តៅហើយ ជាគោលដៅក្តៅ ដែលយើងត្រូវតែតាមដាន យកចិត្តទុកដាក់ការប្រែប្រួល [សុខភាព] របស់គាត់»។

បើតាមរដ្ឋមន្រ្តីមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០  ពលករខ្មែរជាង៤ម៉ឺននាក់ ក្នុងចំណោមជាង១លាននាក់ បានវិលត្រឡប់មកពីថៃ។ ក្នុងចំណោមជាង៤ម៉ឺននាក់នោះ មានស្រ្តីជាង១,៦ម៉ឺនាក់។

នៅថ្ងៃទី២៦ ខែមីនា ថៃ បានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយបានបិទប្រទេស ឈប់ឲ្យមានការធ្វើដំណើរចេញចូលមួយរយៈ។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ថៃ មានអ្នកឆ្លងវីរុសកូវីដ-១៩ ១០៤៥នាក់ហើយ និង ស្លាប់៤នាក់ តែក៏បានជាសះស្បើយវិញ៨៨នាក់ដែរ។ 

ថ្មីៗនេះ រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានប្រកាសទុកជាមុនដែរថា បើភូមិណា មានអ្នកឆ្លងកូវីដ-១៩ ចាប់ពីពីរ-បីនាក់ឡើងទៅ ភូមិនោះ​ អាចនឹង ត្រូវបិទជាបណ្តោះអាសន្ន។

ចំណែកសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែមីនា បានប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឺងវីរុសកូវីដ-១៩ ថា កំពុងពិនិត្យលទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើស្ថានភាពនៃការរាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា កាត់តែធ្ងន់ធ្ងរ។ 

អត្ថបទទាក់ទង

កម្ពុជា រកឃើញមនុស្ស៩៨នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយគិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ តែមាន១១នាក់ហើយ បានជាសះស្បើយវិញ៕ 

Tag:
 COVID-19
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com