ជាតិ
នយោបាយជាតិ
រដ្ឋសភា នឹងប្រជុំអនុម័តសមាសភាពគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ មីនា
× ភ្នំពេញ៖ រដ្ឋសភា បានសម្រេចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងអនុម័តលើការស្នើសុំរុះរើគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ មីនា។ នេះបើតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានបើកកិច្ចប្រជុំពិនិត្យលើសំណើរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៧ មីនា។
សម្ដេចនាយករដ្ឋមន្ត្រី បានសម្រេចកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីសម្ដេច សង្កេតឃើញរដ្ឋមន្ត្រីក្រសួងខ្លះបំពេញការងារយឺតយ៉ាវ មិនឆ្លើយតបតាមគោលនយោបាយរដ្ឋាភិបាល។មុខរដ្ឋាភិបាល ធ្លាប់ប្រកាសកាលពីថ្ងៃទី២៤ កុម្ភៈថា៖«វាមិនដល់ថ្នាក់រំលាយរដ្ឋាភិបាលទេ យើងគ្រាន់តែឃើញភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច ដែលមិនទាន់ឆ្លើយតបតាមការចង់បានរបស់យើង»។
កន្លងមកអ្នកវិភាគ ក៏ធ្លាប់ស្នើឱ្យរដ្ឋាភិបាល ជម្រុះមន្ត្រីចាស់ណា ដែលបំពេញការងារគ្មានប្រសិទ្ធភាព ហើយចាក់បញ្ចូលមន្ត្រីថ្មី ដែលពោរពេញទៅដោយគុណភាព និងគំនិតច្នៃប្រឌិតថ្មី ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋពិតប្រាកដ។ មិនតែប៉ុណ្ណោះពួកគេ ក៏អំពាវនាវឱ្យរដ្ឋាភិបាល បង្រួមក្រសួងមួយចំនួនវិញផងដែរ ដោយសារតែក្រសួងខ្លះ បំពេញការងារជាន់គ្នា ហើយមិនសូវមានប្រសិទ្ធភាពឡើយ។ ក្នុងនោះរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងធនធានទឹក, ក្រសួងអភិវឌ្ឍន៍ជនបទជាដើម។ ចំណែកក្រសួងរ៉ែ និងថាមពល ,ក្រសួងឧស្សាហកម្ម និងសិប្បកម្ម (បច្ចុប្បន្នឈ្មោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)ក៏រួមបញ្ចូលគ្នាវិញដែរ។
បច្ចុប្បន្ននេះ កម្ពុជា មានក្រសួង និងស្ថាប័នធំៗ ចំនួន២៨ ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ ,ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងអភិវឌ្ឍន៍ជនបទ , ក្រសួងពាណិជ្ជកម្ម ,ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ,ក្រសួងផែនការ ,ក្រសួងអប់រំ យុវជន និងកីឡា ,ក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា ,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ក្រសួងបរិស្ថាន ,ក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងព័ត៌មាន ,ក្រសួងយុត្តិធម៌ ,ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ,ក្រសួងសុខាភិបាល ,ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ,ក្រសួងទេសចរណ៍ ,ក្រសួងធម្មការ និងសាសនា ,ក្រសួងកិច្ចការនារី , ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព្រះបរមរាជវាំង៕
Tag:
គណៈរដ្ឋមន្រ្តី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com