COVID-19
ជាតិ
សង្គមជាតិ
ស្ថានទូតកម្ពុជា ឲ្យពលរដ្ឋខ្មែរគោរពបទបញ្ជា «នៅក្នុងផ្ទះ» ខណៈអាមេរិកមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ
27, Mar 2020 , 12:42 pm        
រូបភាព
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជានៅសហរដ្ឋអាមេរិក (រូបពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក)
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជានៅសហរដ្ឋអាមេរិក (រូបពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក)
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្នុងផ្ទះ ស្របពេលដែលសហរដ្ឋអាមេរិក ក្លាយជាប្រទេស ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ (Covid-19) ច្រើនជាងគេលើពិភពលោក។



តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជា ប្រាប់ឲ្យពលរដ្ឋខ្មែរ អនុវត្តតាមគោលការណ៍របស់រដ្ឋ ដែលខ្លួនកំពុងរស់នៅ ឲ្យបានខ្ជាប់ខ្ជួន ដោយរួមទាំងគោលការណ៍មិនចេញពីផ្ទះផងដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ត្រូវគួរតាមដានព័ត៌មានដែលចេញដោយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាជាប្រចាំ។

នៅសហរដ្ឋអាមេរិក មានរដ្ឋជាង២០ហើយ ដែលបានចេញបទបញ្ជា ឲ្យពលរដ្ឋ ស្ថិតនៅក្នុងផ្ទះ រួមទាំងបិទអាជីវកម្មនិងការបញ្ជាទិញ មិនចាំបាច់មួយចំនួនផងដែរ។

គិតមកដល់ព្រឹកនៅថ្ងៃទី២៧ ខែមីនា អាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៨,៥ម៉ឺននាក់  ដែលជាចំនួនច្រើនគេលើពិភពលោក។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ ស្លាប់១,៣ពាន់នាក់ និង ជាសះស្បើយជាង១,៨ពាន់។

ចិន ដែលពីដំបូងមានអ្នកឆ្លងជាង ធ្លាក់មកនៅលេខ២វិញ ដោយតួលេខអ្នកឆ្លង ពីដើមទី មកដល់បច្ចុប្បន្ន មានជាង៨,១ម៉ឺននាក់ តែអ្នកដែលសម្រាកព្យាបាល នៅសល់ជាង៤ពាន់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយ មានដល់ទៅជាង៧,៤ម៉ឺននាក់។ មកដល់ពេលនេះ មានជាង៣,២ពាន់នាក់។

ប្រទេសដែលមនុស្សឆ្លងច្រើនបន្ទាប់ពីចិន គឺអ៊ីតាលី ដែលអ្នកឆ្លងជាង៨ម៉ឺននាក់ហើយ ដោយក្នុងនោះ ស្លាប់ជាង៨ពាន់នាក់ និង បានជាសះស្បើយជាង១ម៉ឺននាក់។ ដោយឡែកនៅកម្ពុជា មានអ្នកឆ្លង៩៨នាក់ និងបានជាសះស្បើយ១១នាក់ ដោយគិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា។

ចំណែកអ្នកចំនួនអ្នកស្លាប់ដោយសារCovid-19 ច្រើនជាងលើពិភពលោក គឺប្រទេសអ៊ីតាលី មានជាង៨០០០នាក់។ ជំងឺCovid-19នេះ ចាប់ផ្ដើមដំបូងគេប្រទេសចិន ទីក្រុងវូហាន ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com