ពលរដ្ឋសិង្ហបុរីមានប្រាក់ចំណូលទាប និងមធ្យម ដែលបាត់បង់ការងារធ្វើ អាចទទួលប្រាក់ខែ ៥៦០ដុល្លារ សម្រាប់រយៈពេល៣ខែ ចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រី Heng Swee Keat រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី បញ្ជាក់បែបនេះក្នុងសភា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា។
ថ្លែងនៅមុខសមាជិកសភាសិង្ហបុរី ដែលផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Channel News Asia ឧបនាយករដ្ឋមន្ត្រី Heng គូសបញ្ជាក់ថា កញ្ចប់ថវិកាសរុប ១០០លានដុល្លារ នឹងរៀបចំទុកសម្រាប់កម្មវិធីជួយអ្នកអត់ការងារធ្វើនេះ។ លោកសង្កត់ធ្ងន់ថា ប្រាក់ជំនួយទាំងនេះមានគោលដៅជួយពលរដ្ឋសិង្ហបុរីដើម្បីស្វែងរកការងារថ្មី ឬឆ្លងកាត់ការហ្វឹកហ្វាត់ក្រោមជំនួយគាំទ្រ COVID-19 របស់រដ្ឋាភិបាល។
«ទោះបីជាយើងពុំអាចបង្ការការដាំក្បាលចុះនៃសេដ្ឋកិច្ច ក៏ប៉ុន្តែយើងអាចជួយបន្ធូរបន្ថយឥទ្ធិពលវា ហើយអ្វីដែលសំខាន់នោះគឺ ជួយសង្គ្រោះការងារ និងគាំពារជីវភាពពលរដ្ឋ»។ លោករដ្ឋមន្ត្រី Heng អះអាងដូច្នេះ ដោយបន្ថែមថា វិធីសាស្ត្រល្អបំផុតដើម្បីជួយការពារសុខាមាលភាពពលរដ្ឋសិង្ហបុរី គឺគាំទ្រពួកគេកុំឲ្យធ្លាក់ខ្លួនជានិកម្មជន។
ក្រៅពីជួយគាំទ្រដល់អ្នកបាត់បង់ការងារធ្វើ កញ្ចប់ថវិកាគាំទ្រ និងថែទាំ (Care and Support Package) ដែលដំបូងឡើយស្មើនឹង ១,១២ពាន់លានដុល្លារ នឹងឡើងដល់៣,២២ពាន់លានដុល្លារ។ ក្រោមកញ្ចប់ថវិកានេះ ពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ នឹងទទួលប្រាក់ចាប់ពី ២១០ដុល្លារ ដល់ ៦៣០ដុល្លារ ដោយអាស្រ័យលើប្រាក់ចំណូលពួកគេ។
ម្យ៉ាងវិញទៀត ការផ្ដល់ប្រាក់បន្ថែមទៀត នឹងត្រូវប្រគល់ជូនដល់ឪពុកម្ដាយសិង្ហបុរីណាដែលមានកូនយ៉ាងតិចមួយ ហើយកូននោះត្រូវមានអាយុ២០ចុះក្រោម។ ឪពុកម្ដាយទាំងនោះ នឹងទទួលប្រាក់ឧបត្ថម្ភចាប់ពី ៧០ ដុល្លារ រហូតដល់ ២១០ដុល្លារ ដោយអាស្រ័យប្រាក់ចំណូលពួកគេ។ ពលរដ្ឋសិង្ហបុរី អាចបើកប្រាក់នេះបាន ចន្លោះពីខែសីហា និងខែកញ្ញា ឆ្នាំនេះ។
ទន្ទឹមនេះ រដ្ឋាភិបាលសិង្ហបុរី ក៏ផ្អាកការបង់ប្រាក់នានាលើវិស័យសាធារណៈ ព្រមទាំងការប្រាក់លើកម្ចីដែលពលរដ្ឋខ្ចីបុលពីរដ្ឋាភិបាលសម្រាប់ពេល១ឆ្នាំពេញ ពោលគឺរហូតដល់ថ្ងៃ ៣១ ខែមីនា ឆ្នាំ២០២១។ បន្ថែមពីនេះ រដ្ឋាភិបាល ក៏ផ្អាកយកការប្រាក់ និងការសងប្រាក់ទាំងអស់ដែលនិស្សិតពីសាកលវិទ្យាល័យ និងសាលាពហុបច្ចេកទេសបានខ្ចីសម្រាប់រៀនសូត្រ។ ហើយវាក៏មានរយៈពេល១ឆ្នាំដូចគ្នាផងដែរ។
សូមបញ្ជាក់ថា ប្រាក់ឧបត្ថម្ភទាំងនេះ គឺស្ថិតក្នុងកញ្ចប់ថវិកាធំមួយដែលមានទំហំទឹកប្រាក់៣៣,៦៣ពាន់លានដុល្លារ ជាមួយគោលដៅផ្ដល់ជំនួយដល់ពលរដ្ឋ និងអាជីវកម្មរងគ្រោះ ដោយសារការរាលដាលជំងឺ COVID-19 ក៏ដូចជាផ្ដល់សន្ទុះដល់សេដ្ឋកិច្ចផងដែរ។ គិតមកត្រឹមថ្ងៃសុក្រ ២៧ ខែមីនា ប្រទេស សិង្ហបុរី មានករណីឆ្លង COVID-19 រហូតដល់ ៦៨៣ករណីហើយ ខណៈអ្នកស្លាប់មាន ២នាក់ ហើយជាសះស្បើយមាន ១៧២នាក់៕