COVID-19
ជាតិ
សង្គមជាតិ
​លោក ឡាយ គឹម​ឆេន លះបង់​ចំណូល​ដោយ​ផ្តល់​សណ្ឋាគារ​សម្រាប់​ដាក់​អ្នក​សង្ស័យ​ផ្ទុក​កូ​វីដ​-១៩
27, Mar 2020 , 3:11 pm        
រូបភាព
លោក ឡាយ គឹមឆេន និងសណ្ឋាគារ 7 Days In ដែលលោកផ្តល់ទីតាំងឲ្យរដ្ឋបាលខេត្តតាកែវ, រូបភាពពីហ្វេសប៊ុកលោក គឹមឆេន
លោក ឡាយ គឹមឆេន និងសណ្ឋាគារ 7 Days In ដែលលោកផ្តល់ទីតាំងឲ្យរដ្ឋបាលខេត្តតាកែវ, រូបភាពពីហ្វេសប៊ុកលោក គឹមឆេន
ដោយ:
​លោក ឡាយ គឹម​ឆេន ម្ចាស់​សណ្ឋាគារ​សេ​វេន​ដេ​អ៊ិន (7 Days In) សុខចិត្ត​លះបង់​ប្រាក់ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ផ្តល់​ទីតាំង​សណ្ឋាគារ​ឲ្យ​រដ្ឋបាល​ខេត្តតាកែវ ធ្វើជា​កន្លែង​ដាក់​អ្នក​សង្ស័យ និង​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ ការផ្តល់​នេះ មិន​កំណត់​ពេលវេលា​នោះទេ ពោលគឺ​រហូត​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ស្ថានភាព​ធូរស្បើយ​។

 
 
​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រដ្ឋបាលខេត្ត​តាកែវ​ក្នុង​ការបង្ការ និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ លោក ឡាយ គឹម​ឆេន ម្ចាស់​សណ្ឋាគារ 7 Days In បានផ្តល់​ទីតាំង​សណ្ឋាគារ ដែល​អាច​រក​ចំណូល​ប្រមាណ​២​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ ដល់​រដ្ឋបាល​ខេត្តតាកែវ ដើម្បី​រៀបចំ​ធ្វើជា​កន្លែង​ដាក់​អ្នក​សង្ស័យ និង​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។ សណ្ឋាគារ​នេះ មាន​៦៤​បន្ទប់ និង​សាលប្រជុំ​ធំ​មួយ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​៣០០​នាក់​។   
 
 
​លោក ចាត់ទុក​ការផ្តល់​សណ្ឋាគារ​នេះ ថា​ជាការ​បម្រើ​ឲ្យ​សកម្មភាព​សប្បុរសធម៌​សង្គម​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ លោក និយាយថា​៖«​យើង​ជា​ជនជាតិខ្មែរ រស់​នៅលើ​ទឹកដី​តែមួយ ត្រូវ​ចេះ​សហការ និង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន យើង​ចង់​រត់​ទៅណា​ក៏​មិន​រួច​ដែរ ទាំង​បង​ទាំង​ខ្ញុំ​»​។ 
 
​ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល លោក គឺ​ម​ឆេន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ជា​មធ្យម​យើង​អាច​រកចំណូលបាន​ចន្លោះ​ពី​១,៥​ម៉ឺន​ដុល្លារ​ទៅ​២​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ ក្រោយ​យើង​ទូទាត់​ការចំណាយ​រួច​។ ប៉ុន្តែ​នៅពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ វា​ក៏​ធ្លាក់​ដែរ វា​នៅសល់តែ​៨​ទៅ​៩​ពាន់​ដុល្លារ​ប៉ុណ្ណោះ​»​។​
 
​លោក បន្តថា ការផ្តល់​ទីតាំង​សណ្ឋាគារ​ឲ្យ​ខាង​រដ្ឋបាល​ខេត្តតាកែវ​នេះ មិន​កំណត់​ពី​ពេលវេលា​នោះទេ ពោលគឺ​រហូត​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ​។ លោក ថ្លែ​ថា​៖«​ខ្ញុំ​ផ្តល់​សណ្ឋាគារ​ហ្នឹង ខ្ញុំ​បើកចំហ​ឲ្យ​ខាង​ខេត្ត គឺ​យើង​ធ្វើ​សម្បទាន​រួមគ្នា​។ យើង​បាន​ជជែក​គ្នា គឺ​ពេលណា​ខាង​ខេត្ត​ជូនដំណឹង​មក​ខ្ញុំ​ថា OK ឈប់​ត្រូវការ​សណ្ឋាគារ​ខ្ញុំ​ហើយ យើង​នឹង​ឈប់​។ តាមពិត​ខាង​ខេត្ត សំណូមពរ​ខ្ញុំ​សុំ​តែ​៣​ខែ​ទេ ដោយសារ​គាត់​ខ្លាចចិត្ត​ខ្ញុំ​អ្នករកស៊ី​»​។ 
 
​លោក អះអាង​ទៀតថា លោក គ្មាន​ការសោកស្តាយ​នោះទេ សម្រាប់​ប្រាក់ចំណូល​បានមកពី​សណ្ឋាគារ​នេះ​។ ប៉ុន្តែ​អ្វីដែល លោក សោកស្តាយ​នោះ​គឺ ការបាត់បង់​ការងារ​របស់​បុគ្គលិក ដែល​ធ្វើការ​នៅ​ទីនោះ ព្រោះ​ពួកគេ ត្រូវ​សម្រាក​មួយរយៈ​ទម្រាំ​ស្ថានភាព​នៃ​ការ​រាតត្បាត​វីរុស​កូ​វីដ​-១៩ មាន​ភាពល្អ​ប្រសើរឡើង​វិញ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​កន្លងទៅ​ថ្មីៗ បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ស្វែងរក​ទីតាំង​តាម​សាលារៀន ផ្ទះសំណាក់ សណ្ឋាគារ និង​កន្លែង​ផ្សេងៗ ដើម្បី​រៀបចំ​ធ្វើជា​ទីតាំង​សម្រាប់​ត្រៀម​ពិនិត្យ និង​ដាក់​អ្នក​សង្ស័យ ឬ​អ្នក​ផ្ទុក​កូ​វីដ​-១៩​។ បញ្ជា​របស់​សម្តេច ធ្វើឡើង​ក្រោយ​ចំនួន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​មានការ​កើនឡើង​ជា​បន្តបន្ទាប់​។​
 
​គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ កម្ពុជា មាន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩ ចំនួន​៩៨​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​១១​នាក់​។ សម្រាប់​ខេត្តតាកែវ មកដល់ពេលនេះ ពុំទាន់​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅឡើយ​ទេ​៕ 

Tag:
 COVID-19
  ឡាយ គឹម​ឆេន
© រក្សាសិទ្ធិដោយ thmeythmey.com