COVID-19
ជាតិ
អន្តរជាតិ
វៀតណាម ផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រតម្លៃ២០ម៉ឺនដុល្លារឲ្យកម្ពុជានិងឡាវ នាយករដ្ឋមន្រ្តីកម្ពុជា វៀតណាម និងឡាវ ចាប់ដៃគ្នានាជំនួបនៅវៀតណាមនាពេលកន្លងមក។ រូបភាព AFP
× នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក នៅថ្ងៃទី២៦ ខែមីនា ប្រកាសថា រដ្ឋាភិបាលវៀតណាមសម្រេចចិត្តផ្ដល់ជំនួយវេជ្ជសាស្ត្រតម្លៃ២០ម៉ឺនដុល្លារឲ្យកម្ពុជា និងឡាវ។ បើតាមកាសែតរដ្ឋាភិបាលវៀតណាម ជំនួយនេះ មានគោលដៅជួយអ្នកជិតខាងទាំងពីរក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុស (COVID-19) ។ កម្ពុជា វៀតណាម និងឡាវ សុទ្ធតែមានករណីឆ្លងដូចគ្នា ដោយវៀតណាមមានច្រើនជាងគេ បន្ទាប់មកកម្ពុជា និងចុងក្រោយឡាវ។
លោក ង្វៀន ស៊ួនហ្វុក ប្រមុខរដ្ឋាភិបាលវៀតណាម បានជូនដំណឹងពីការផ្ដល់ជំនួយវេជ្ជសាស្ត្រតម្លៃ២០ម៉ឺនដុល្លារនេះទៅកាន់សមភាគីកម្ពុជា សម្ដេច ហ៊ុន សែន និងសមភាគីឡាវ លោក ថងលួន ស៊ីសូលីត រួចហើយក្នុងកិច្ចសន្ទនាតាមទូរសព្ទដោយឡែកពីរនៅថ្ងៃទី២៦ ខែមីនា។ នេះបើតាមការផ្សាយរបស់កាសែតអនឡាញរបស់រដ្ឋាភិបាលវៀតណាម VGP ។
បើតាមកាសែតរដ្ឋាភិបាលដដែល លោក ហ្វុក ក៏បញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការបញ្ជូនអ្នកជំនាញសុខាភិបាលវៀតណាមមកកាន់កម្ពុជាដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង COVID-19 ។ ប្រមុខរដ្ឋាភិបាលវៀតណាម ក៏ចង់ឃើញប្រទេសទាំងបីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងក្របខណ្ឌអាស៊ាន ដោយស្របតាមគោលការណ៍រួបរួមគ្នា និងសាមគ្គីភាពដូចដែលបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ប្រធានអាស៊ាននាពេលកន្លងមក។
ដោយឡែកក្នុងការជជែកតាមទូរសព្ទជាមួយសម្ដេច ហ៊ុន សែន លោក ហ្វុក បានសរសើរវិធានការរបស់កម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺ COVID-19 និងបានបញ្ជាក់ពីភាពចាំបាច់ដែលប្រទេសនានាត្រូវពួតដៃគ្នាតទល់នឹងជំងឺរាតត្បាតនេះ។ នាយករដ្ឋមន្ត្រីវៀតណាម ក៏ស្នើឲ្យប្រទេសទាំងពីរបង្កើតលក្ខខណ្ឌអំណោយផលដើម្បីសម្រួលក្រុមការងារប្រទេសទាំងពីរក្នុងការធ្វើមាតុភូមិនិវត្តប្រជាជនទាំងសងខាង។
«លោកនាយករដ្ឋមន្ត្រី ហ្វុក ក៏បញ្ជាក់ដែរថា វៀតណាមត្រៀមជាស្រេចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជាដែលត្រូវដាក់នៅដោយឡែក ហើយចង់ត្រឡប់ទៅកម្ពុជាវិញ។» នេះជាការផ្សាយរបស់កាសែតអនឡាញរបស់រដ្ឋាភិបាលវៀតណាម VGP ដែលបន្តថា សម្ដេច ហ៊ុន សែន ក៏បានសរសើរវិធានការវៀតណាម និងអរគុណវៀតណាមដែលឆ្លើយតបនឹងសំណើកម្ពុជា។
ដោយឡែកក្នុងការសន្ទនាជាមួយលោក ថងលួន វិញ លោក ហ្វុក ក៏បានប្រកាសជំហររបស់វៀតណាមដែលនឹងបន្តជួយឡាវ និងឈរជាមួយឡាវដើម្បីដោះស្រាយបញ្ហា COVID-19 នេះឲ្យបានចប់។ នាយករដ្ឋមន្ត្រីវៀតណាម ក៏ឆ្លៀតស្នើឲ្យឡាវសម្រួលដល់សហគមន៍វៀតណាមដើម្បីពួកគេអាចការពារខ្លួនឯងពីជំងឺ COVID-19 នេះ៕
Tag:
COVID-19
វៀតណាម
កម្ពុជា
ឡាវ
សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com