ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលរដ្ឋមួយចំនួន ផ្អើលនាំគ្នាទិញពងមាន់ ឬពងទា ទុកសម្រាប់ហូបដើម្បីការពារកុំឲ្យឆ្លងកូវីដ-១៩ ហើយនៅតាមភូមិ ឃុំ ស្រុក ក្នុងខេត្តខ្លះ មានជំនឿថា ការដាក់ទីងមោងនៅមុខផ្ទះ និងការប្រមូលផ្តុំគ្នាដុតភ្លើង ហើយដើរតាមភូមិ និងសូធ្យមន្តតាមផ្ទះនោះ អាចនឹងបណ្តេញឧបទ្រពចង្រៃ ជាពិសេសជំងឺអាសន្នរោគ ដូចជា ជំងឺកូវីដ-១៩ ជាដើម។
លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យផ្នែកបុរាណវិទ្យា និងជំនឿសាសនា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃទី២៧ ខែមីនា ថា ការនាំគ្នា ទិញពងមាន់ទៅហូប ជាទង្វើដែលនាំឲ្យសង្គមមានភាពចលាចល និងនាំឲ្យខាតបង់ថវិការទៅវិញទេ។ ចំណែក ការដាក់ទីងមោងនៅមុខផ្ទះ ការដុតភ្លើង និង ការសូធ្យមន្តនោះ ជាជំនឿ ដែលពលរដ្ឋគោរព និងអនុវត្តតាមដូនតាពីបុរាណ ដោយជឿថា នឹងធ្វើឲ្យចិត្តមនុស្សដែលមានភាពភ័យខ្លាចនោះ លែងជាភ័យព្រួយតទៅទៀត។
លោក ព្រាប ចាន់ម៉ារ៉ា មានទស្សនៈបែបនេះថា៖«រឿងថាផ្អើលពងមាន់ ពងទានោះ ខ្ញុំមិនដែលឮទេ វាជាពាក្យចចាមអារ៉ាមផ្តេសផ្តាស ហើយម្យ៉ាងទៀតនេះសម័យពាណិជ្ជកម្ម ជួនកាលចង់ឲ្យរបស់ខ្លួនលក់ដាច់អ៊ីចឹងទៅ បានផ្អើលហូបពងមាន់ ពងទា។ សម្រាប់ខ្ញុំមិនជឿទេ វាជាចលនា ដែលធ្វើឲ្យយើងមានភាពស្លន់ស្លោដល់សង្គម។ ប៉ុន្តែអារឿងទីងមោង នៅក្នុងជំនឿ ខ្ញុំកើតមកធ្លាប់ឃើញថា កាលណាស្រុកយើងកើតជំងឺ ដែលរាតត្បាតនៅក្នុងស្រុក ភូមិអី គឺអ្នកស្រុកគេនាំគ្នាធ្វើទីងមោង ចងនៅមុខផ្ទះ មុខខ្លោងទ្វារ ដើម្បីការពារ និងបណ្តេញឧបទ្រពចង្រៃ»។
សាស្ត្រាចារ្យរូបនេះ បន្តថា៖«យើងមិនអាចផ្តាច់មនុស្សចេញពីជំនឿបានទេ ព្រោះមនុស្សកើតមកវាមានជំនឿមកអ៊ីចឹងមកហើយ។ ជំនឿហ្នឹង វាមានយូរមកហើយ ហើយក្នុងលោកក៏មានដូចតែគ្នាដែរ ដែលគេភាគច្រើនធ្វើមុខកាចៗនៅក្នុងសាសនាផ្សេងៗ ឬឈរយាមទ្វារនៅមុខព្រះផ្សេងៗជាដើម។ នៅស្រុកខ្មែរយើង ក៏មានជំនឿហ្នឹងដែរ ដោយជឿថា ការដុតភ្លើង គេយល់ថា ពួកអមនុស្សចង្រៃដែលរាតត្បាត វាខ្លាចគ្រឿងបណ្តេញ ភ្លើង។ ម្ល៉ោះហើយបានគេធ្វើអ៊ីចឹង»។
លោក ព្រាប ចាន់ម៉ារ៉ា បន្ថែមថា ជំនឿទាំងអស់នេះ មានជំនឿខ្លះ អាចឲ្យអប់រំផ្លូវចិត្តរបស់ពូកគេឲ្យរំងាប់នូវភាពភ័យខ្លាចបានមួយចំណែកដែរ ប៉ុន្តែជំនឿខ្លះទៀតមិនគួរអនុវត្តតាមឡើយ ដូចជាការហូបពងទា ឬពងមាន់ ឬការដុតភ្លើងដែលនាំឲ្យខាតបង់ទ្រព្យសម្បត្តិ និងធ្វើឲ្យទីផ្សារកម្ពុជាមានភាពចលាចល និងមហន្តរាយដល់សង្គមជាតិ។ តែយ៉ាងណា អ្វីដែលសំខាន់ដើម្បីជៀសវាងកុំឲ្យខាតបង់ថវិកា ឬទ្រព្យសម្បត្តិ និងទប់ស្កាត់ជំងឺកូវីដ-១៩ លោក យល់ថា ត្រូវនាំគ្នាអនុវត្តអនាម័យតាមការណែនាំរបស់ក្រសូងសុខាភិបាល។
អ្នកជំនាញផ្នែកជំនឿសាសនារូបនេះ មានប្រសាសន៍ថា ទង្វើដែលជឿទៅលើពាក្យចចាមអារ៉ាមទាំងនោះ នឹងបណ្តាលឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មនុស្ស ជាពិសេសបង្ហាញពីស្មារតីទន់ខ្សោយរបស់ពលរដ្ឋដែលខ្វះចំណេះដឹង និងការស្រាវជ្រាវ។ លោកនិយាយដូច្នេះថា៖«វាហាក់ដូចជាបង្ហាញឲ្យយើងឃើញថា គ្មានការយល់ដឹងជ្រៅជ្រះ មិនសូវទូលំទូលាយ ដែលធ្វើឲ្យក្លាយជាមនុស្សឆោត និងល្ងង់ ដែលងាយនឹងឆាប់ជឿគេផ្តេសផ្តាស និងធ្វើឲ្យយើងឆ្លេឆ្លា អត់បានគិតពិចារណា ថ្លឹងថ្លែង ដែលវាបង្ហាញពីកម្រិតនៃការយល់ដឹងរបស់យើង»។
កន្លងមក ប្រជាពលរដ្ឋខ្លះ បាននាំគ្នាទៅទិញអង្ករ និងរបស់ហូបចុក យកទៅស្តុកទុកក្នុងផ្ទះ ដោយបារម្ភថា ខ្លាចមានការបិទផ្សារ ហើយពិបាករកទិញ ហើយខ្លះ មិនហានទៅផ្សារ ដោយបារម្ភខ្លាចឆ្លងវីរុសកូវីដ-១៩។
យ៉ាងណា ប្រមុខរដ្ឋាភិបាល បានប្រកាសរួចហើយថា នឹង មិនបិទផ្សាយឡើយ។ ប្រមុខរដ្ឋាភិបាល អំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចេញពីផ្ទះ បើមិនមានការចាំបាច់ ហើយត្រូវចេញ គឺត្រូវពាក់ម៉ាស់ឬប្រើក្រម៉ា។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ក៏បានអំពាវនាវផងដែរ កុំឲ្យប្រជាពលរដ្ឋ ប្រើអបិយជំនឿ ដូចជា ដុតភ្លើង ជាដើម ដើម្បីបណ្តេចវីរុសកូវីដ-១៩ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រុមគ្រូពេទ្យ។
សូមរម្លឹកថា នៅកម្ពុជា រកឃើញមនុស្ស៩៨នាក់ហើយ ដែលឆ្លងកូវីដ-១៩ តែបានជាសះស្បើយវិញ៕