COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី បកស្រាយរឿងមិនបិទសាលារៀនទោះ COVID-19 វាយលុកខ្លាំង នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី។ រូបភាពកាត់ពីវីដេអូបង្ហោះដោយទូរទស្សន៍ Channel News Asia
× នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២៧ ខែមីនា បានបកស្រាយការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកដែលមិនបិទសាលារៀន ទោះជាជំងឺ COVID-19 វាយលុកខ្លាំងនៅសិង្ហបុរីក្ដី។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Channel NewsAsia លោក លី លើកឡើងថា នៅសាលារៀន សិស្សអាចមានសុវត្ថិភាពជាងកន្លែងដទៃទៀត ហើយម្យ៉ាងសាលា ជាទីដែលកូនសិស្សសិង្ហបុរីក្របជញ្ជក់ចំណេះដឹងផ្សេងដែលសំខាន់សម្រាប់ជីវិតពួកគេ។
«បិទសាលារៀន ក៏មិនមែនមិនមានបញ្ហាដែរ។» នាយករដ្ឋមន្ត្រី លី សៀនឡុង និយាយបែបនេះទាក់ទងនឹងវិធានការបន្តបើកសាលារៀនឲ្យដំណើរការធម្មតា ស្របពេលដែលជំងឺ COVID-19 កំពុងរាលដាលខ្លាំង។ នៅសិង្ហបុរី គេក៏ឃើញមានការរាយការណ៍ពីករណីឆ្លងក្នុងសាលារៀន ដែលចម្លងដល់គ្រូពេទ្យ និងមាតាបិតាសិស្សមួយចំនួនផង។
ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីនៅថ្ងៃទី២៧ ខែមីនា លោក លី លើកឡើងថា ក្នុងករណីបិទទីក្រុង សិស្សមកពីគ្រួសារកម្រិតទាបរងគ្រោះខ្លាំងជាងគេ។ លោកពន្យល់ថា សាលារៀន មិនមែនមានត្រឹមការទៅសាលារៀនឡើយ ព្រោះសាលាជាទីដែលសិស្សត្រូវចូលសង្គមចម្រុះ គ្រូបង្រៀននាំផ្លូវសិស្ស និងក្រេបជញ្ជក់ចំណេះដឹង ហើយនោះជារបៀបដែលរដ្ឋាភិបាលជួយសិស្សពង្រឹងសមត្ថភាព និងផ្ដល់ឱកាសឲ្យឆ្ពោះទៅមុខ។
«...ប្រសិនបើគ្រូមិនអាចជួយសិស្សរបស់ខ្លួន ហើយឪពុកម្ដាយមិនអាចជួយបំពេញកិច្ចការនេះនៅផ្ទះ ក្មេងៗនឹងជួបបញ្ហា។» នេះជាការបញ្ជាក់របស់លោក លី ដែលបន្តថា នេះក៏ជាមូលហេតុដែលរដ្ឋាភិបាលមិនបិទសាលារៀនដូចប្រទេសមួយចំនួនបានធ្វើដូចជាជប៉ុនជាដើម។ ក្នុងកិច្ចសម្ភាសដដែល លោក លី បន្តថា មានសិស្សស្រីម្នាក់ក៏បានសរសេរសំបុត្រសួរលោកពីមូលហេតុដែលសាលារៀននៅតែបន្តដំណើរការធម្មតា។
នាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ជក់ថា៖ «ខ្ញុំបានសរសេរតបវិញថា មូលហេតុ គឺសាលារៀន អាចជាកន្លែងមានសុវត្ថិភាព ហើយសាលារៀនអាចផ្ដល់សេវាកម្មសំខាន់បំផុតដែលជួយសិស្ស និងឪពុកម្ដាយ។ បើមិនបិទសាលារៀន ក៏មិនមានន័យថា បញ្ហារសាត់ទៅឆ្ងាយដែរ ព្រោះតើកូនៗទៅលេងឯណា? អ្នកមានឪពុកម្ដាយ អាចទទួលបានការមើលថែដូចជា អង្គុយនៅផ្ទះ ធ្វើលំហាត់ និងមិនលេងហ្គេមកុំព្យូទ័រ។ អ្នកគ្មានឪពុកម្ដាយ អាចទៅលេងវីដេអូហ្គេម ឬទៅផ្សារ ឬទៅដើរលេង ដែលប្រឈមុខហានិភ័យជាងនៅសាលារៀនដែលមានការគ្រប់គ្រង។»
ខណៈមានករណីឆ្លង COVID-19 នៅសាលារៀនខ្លះ ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ ស្នើឲ្យប្រជាជនមើលទៅកាន់សាលារៀនមួយៗ ជាជាងមើលពីប្រព័ន្ធអប់រំទាំងមូល ហើយមើលកន្លែងធ្វើការមួយជាជាងប្រព័ន្ធទាំងមូល។ ត្រង់ចំណុចនេះ លោក លី បកស្រាយថា បើកន្លែងណាមានបញ្ហា អាជ្ញាធរនឹងដោះស្រាយបញ្ហានៅទីនោះ មិនមែនបិទប្រព័ន្ធទាំងមូលឡើយ៕
Tag:
សិង្ហបុរី
លី សៀនឡុង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com