ទីក្រុងបូឡូញ៉ា ប្រទេសអ៊ីតាលី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០៖ Fiscal Year ២០១៩ (ចាប់ពីថ្ងៃទី១ មករា-៣១ ធ្នូ) Automobili Lamborghini S.p.A បានទទួលនូវលទ្ធផលដ៏ល្អបំផុត ពុំធ្លាប់មានពីមុនមក ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងពេញមួយឆ្នាំ។ ជាក់ស្តែង អ្នកផលិតរថយន្តស្ព័រអ៊ីតាលីនេះ បានទទួលជោគជ័យលើសពីការរំពឹងទុក ដែលក្នុងនោះមានផ្តោតសំខាន់ទៅលើគោលការណ៍ធំៗមួយចំនួន ដូចជាការលក់ដែលទទួលបាននូវផលចំណេញយ៉ាងច្រើនក្រាស់ក្រែល និងពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ នៃការបង្កើតរថយន្តនេះ អស់រយៈកាល ៥៦ឆ្នាំកន្លងមកនេះ។
យ៉ាងណាមិញ ភាពជោគជ័យទាំងឡាយ ដែលមាននៅក្នុងឆ្នាំ២០១៩ ត្រូវបានគ្របដណ្តប់ និងទទួលផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវីរុសកូរ៉ូណា ដែលកំពុងតែរីករាលដាលទូទាំងពិភពលោក។ ទាំងនេះ បាននឹងក្លាយជាការប្រឈមដ៏ធំសម្បើមមួយ ដែលពិភពលោកកំពុងជួបប្រទះនៅក្នុងឆ្នាំ២០២០នេះ។
លោក Stefano Domenicali ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini បានលើកឡើងថា៖«នៅក្នុងឆ្នាំ Fiscal Year ២០១៩កន្លងទៅ Lamborghini បានបន្តស្ថិរភាព នៅក្នុងការរីកចម្រើន និងកំណត់នូវប្រវត្តិសាស្ត្រថ្មីៗជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ ខណៈពេលដែលយើងកំពុងតែរីករាយ ជាមួយនឹងភាពជោគជ័យ យើងក៏ចាំបាច់ស្វែងយល់បន្ថែម អំពីទស្សនៈរបស់មនុស្សជុំវិញ ក៏ដូចជាដៃគូ សហការដទៃទៀត ដែលកំពុងប្រឈមទៅនឹងការរីករាលដាល នៃវីរុសកូរ៉ូណានេះ»។
លោក Stefano Domenicali បន្តថា៖«យើងអាចនិយាយបានថា ប្រទេសរបស់យើង កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ ដែលពុំមាននរណាម្នាក់ ធ្លាប់គិតថានឹងអាចកើតឡើងឡើយ។ តាំងនាមជាតំណាងឲ្យក្រុមហ៊ុន ខ្ញុំសូមថ្លែងអំណរគុណ ទៅកាន់អ្នកដែលកំពុងបម្រើនៅក្នុងវិស័យសុខាភិបាល ស្ថាប័នសុខាភិបាល និងកងកម្លាំងសន្តិសុខទាំងអស់ ដែលកំពុងតែរួមកម្លាំងគ្នាយ៉ាងស្វិតស្វាញ ក្នុងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការវិវត្តន៍នៃស្ថានភាពដ៏តឹងតែងមួយនេះ»។
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ វាបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការគិត និងទម្លាប់របស់យើងខ្ញុំ គ្រប់គ្នានៅទីនេះ ដោយឆ្លុះបញ្ចាំងតាមរយៈ ពិភពលោកទាំងមូល។ កត្តាទាំងនេះជំរុញឲ្យយើងទាំងអស់គ្នា ចាំបាច់ត្រៀមខ្លួនទទួលយក និងស្វែងរកវិធីដោះស្រាយណាមួយ ដែលមានប្រសិទ្ធភាព និងឆាប់រហ័សបំផុត ដើម្បីយកមកទប់ទល់នឹងទិដ្ឋភាពដែលកំពុងកើតឡើងជាក់ស្តែងនេះ។ ទោះជាយ៉ាងណាក្តី ដោយសារតែមានការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំ ២០២០ ស្តែងចេញតាមរយៈចំនួនលក់ក្នុងពេល២ខែដំបូងទាំងនេះហើយ ដែលបានផ្តល់ពួកយើងនូវកម្លាំងចិត្ត ដើម្បីត្រៀមខ្លួនយ៉ាងសកម្ម ក្នុងការទទួលយកជាមួយនឹងអ្វីដែលកើតមានថ្មីៗ និងបញ្ហាប្រឈមទាំងឡាយ។
លទ្ធផលជោគជ័យនៅក្នុងឆ្នាំ២០១៩ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង តស៊ូ របស់បុគ្គលិករបស់យើងទាំងអស់គ្នា នៅជុំវិញសកលលោក ហើយយើងក៏សូមអរគុណ ដល់បុគ្គលិក និងម្ចាស់ភាគហ៊ុនទាំងអស់ ដែលតែងតែមាននូវទំនុកចិត្ត និងបន្តគាំទ្រយើងខ្ញុំរហូតមក។ យើងខ្ញុំបានដឹងច្បាស់ ពីបុគ្គលិកលក្ខណៈ ក៏ដូចជាគោលដៅតាំងចិត្តដ៏មុតមាំ នៃបុគ្គលិកនីមួយៗ ដែលបម្រើការនៅក្នុង Lamborghini ដែលទាំងនេះ រឹតតែស្តែងកាន់តែច្បាស់ នៅក្នុងគ្រាលំបាកមួយនេះ។ ដោយផ្អែកលើលទ្ធផល និងភាពជោគជ័យ ដែលទាំងអស់គ្នាបានសាងមក ពួកយើងនូវតែបន្តរៀបចំនូវគម្រោង សម្រាប់ការអភិវឌ្ឍន៍ និងការលូតលាស់ដែលប្រកបដោយនិរន្តរភាព ជាពិសេស គឺបង្កើតជាឱកាស នៃការច្នៃប្រឌិតថ្មីៗគួបផ្សំនឹងបច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីឈានទៅរកវឌ្ឍនភាពនៅថ្ងៃខាងមុខ។
តូលេខរបស់ Lamborghini នៅក្នុង Fiscal Year 2019
យើងឃើញថា ចំណូលត្រូវបានកើនឡើង ២៨% ចាប់ពី ១,៤២ ពាន់លាន ទៅ ១,៨១ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ២០១៩។ កំណើននៃការលក់ទូទាំងសកលលោក រឹតតែមានសំទុះខ្លាំងជាងមុន ដោយកើនឡើងរហូតដល់ ៤៣% ដែលមានចំនួនដល់ទៅ ៨,២០៥ គ្រឿង បានលក់ជូនអតិថិជន បូករួមទាំងការលក់នៅជុំវិញតំបន់សំខាន់ៗ ដូចជា ៖ EMEA, អាមេរិក និងអាស៊ីប៉ាស៊ីហ្វិកជាដើម។ នៅក្នុងឆ្នាំដំបូង ដែលកំពូលរថយន្ត Lamborghini Urus ប្រភេទ SUV បានមានវត្តមាននៅលើទីផ្សារ គឺមានការលក់បានរហូតទៅដល់ ៤,៩៦២ គ្រឿង ដែលនេះសបញ្ជាក់ឱ្យឃើញពីសន្ទុះនៃការលក់ ដែលខ្ពស់អស្ចារ្យ។ ជោគជ័យនេះផងដែរ ក៏មានចំណែកពីការលក់បានចំនួនដ៏ច្រើន របស់រថយន្តស្ព័រ ស៊េរីទំនើប ពីរផ្សេងទៀត នោះគឺម៉ូដែល V12 Aventador (ចំនួន ១,១០៤គ្រឿង) និងម៉ូដែល V10 Huracan (ចំនួន ២,១៣៩គ្រឿង)។
បន្ថែមពីនេះទៅទៀត យើងក៏បានជ្រើសរើសនិយោជិកបន្ថែម មកធ្វើការនៅក្រុមហ៊ុនដែលសរុបទាំងអស់ មានរហូតទៅដល់ ១,៧៨៧ នាក់គិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លងមកនេះ។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩ ដដែលនោះ Lamborghini ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលមានបុគ្គលិកឆ្នើម និងមានទេពកោសល្យ ដែលបានទទួលនូវវិញ្ញាបនបត្រ ផ្នែក Top Employer Italia ៧ឆ្នាំជាប់ៗគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍ និងគ្រងគ្រង ផ្នែកធនធានមនុស្សដោយអោយតម្លៃ ទៅលើជំនាញរបស់បុគ្គលម្នាក់ៗ ជាពិសេស គឺការលើកកម្ពស់ និងឲ្យតម្លៃសង្គម និងសីលធម៌។ នៅក្នុងន័យនេះ ក្រុមហ៊ុនបានគិតគូរទៅដល់សមភាពយេនឌ័រ សម្រាប់បុគ្គលិកស្ត្រី និងបុរសសុទ្ធតែមានឱកាសទទួលបាននូវប្រាក់បៀវត្ស និងតួនាទីស្មើៗគ្នា។
Lamborghini បានរក្សានូវផលប័ត្រផលិតផល ដែលប្រកបដោយភាពទាក់ទាញ និងប៉ិនប្រសប់ ក្នុងការលក់ទៅកាន់សកលលោក ដែលក្នុងនោះតំណាងចែកចាយ មានចំនួន ១៦៥ភ្នាក់ងារនៅទូទាំង ៥១ ប្រទេស។ នៅក្នុងឆ្នាំ ២០២០ នេះ យើងចាប់ផ្តើមដំណើរការឲ្យមានការចែកចាយបន្តនូវ រថយន្តស្ព័រ ទំនើបថ្មី Hurancan Evo ស៊េរីV10 និង Lamboghini Sian ដែលជាប្រភេទរថយន្តស្ព័របែបទំនើប ថ្មី ស៊ីសាំងតិច និងជាផលិតផលមានចំនួនកំណត់ (Limited Edition) អមជាមួយនឹងគម្រោងផ្សេងៗជាច្រើនទៀតផងដែរ។ នៅក្នុងពេលនេះ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណា ក្រុមហ៊ុនក៏ពុំទាន់អាចផ្សព្វផ្សាយ និងផ្តល់ព័ត៌មានលម្អិត អំពីរថយន្តក៏ដូចជាការអភិវឌ្ឍន៍ទៅលើអាជីវកម្ម សម្រាប់ឆ្នាំ ២០២០ បាននៅឡើយទេ ដែលយើងនឹងរង់ចាំឲ្យស្ថានភាពនេះ ស្ងប់ស្ងាត់ជាមុនសិន៕
(អត្ថបទពាណិជ្ជកម្ម)