អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Automobili Lamborghini មាន​តួលេខ​នៃ​ការលក់​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ឆ្នាំ Fiscal ២០១៩ ខណៈ​វីរុស​កូ​រ៉ូ​ណា បាន​បង្ក​ជា​បញ្ហា​ប្រឈម​សម្រាប់​ឆ្នាំនេះ​
28, Mar 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​បូ​ឡូ​ញ៉ា ប្រទេស​អ៊ីតាលី ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០៖ Fiscal Year ២០១៩ (​ចាប់ពី​ថ្ងៃទី​១ មករា​-៣១ ធ្នូ​) Automobili Lamborghini S.p.A បានទទួល​នូវ​លទ្ធផល​ដ៏​ល្អ​បំផុត ពុំ​ធ្លាប់មាន​ពីមុនមក ធ្វើ​ឲ្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ពេញ​មួយឆ្នាំ​។ ជាក់ស្តែង អ្នក​ផលិត​រថយន្ត​ស្ព័​រ​អ៊ីតាលី​នេះ បានទទួល​ជោគជ័យ​លើសពី​ការរំពឹងទុក ដែល​ក្នុងនោះ​មាន​ផ្តោត​សំខាន់​ទៅលើ​គោលការណ៍​ធំៗ​មួយចំនួន ដូចជា​ការលក់​ដែល​ទទួលបាន​នូវ​ផលចំណេញ​យ៉ាងច្រើន​ក្រាស់ក្រែល និង​ពុំ​ធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ការបង្កើត​រថយន្ត​នេះ អស់​រយៈកាល ៥៦​ឆ្នាំ​កន្លងមកនេះ​។
 
​យ៉ាងណាមិញ ភាពជោគជ័យ​ទាំងឡាយ ដែលមាន​នៅក្នុង​ឆ្នាំ​២០១៩ ត្រូវបាន​គ្របដណ្តប់ និង​ទទួលផល​ប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​វីរុស​កូ​រ៉ូ​ណា ដែល​កំពុងតែ​រីក​រាលដាល​ទូទាំង​ពិភពលោក​។ ទាំងនេះ បាន​នឹង​ក្លាយ​ជាការ​ប្រឈម​ដ៏​ធំ​សម្បើម​មួយ ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នៅក្នុង​ឆ្នាំ​២០២០​នេះ​។​
 
​លោក Stefano Domenicali ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Automobili Lamborghini បាន​លើកឡើងថា​៖«​នៅក្នុង​ឆ្នាំ Fiscal Year ២០១៩​កន្លងទៅ Lamborghini បាន​បន្ត​ស្ថិរភាព នៅក្នុង​ការរីកចម្រើន និង​កំណត់​នូវ​ប្រវត្តិសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់ សម្រាប់​ការអភិវឌ្ឍន៍​អាជីវកម្ម​របស់ខ្លួន​។ ខណៈពេលដែល​យើង​កំពុងតែ​រីករាយ ជាមួយនឹង​ភាពជោគជ័យ យើង​ក៏​ចាំបាច់​ស្វែងយល់​បន្ថែម អំពី​ទស្សនៈ​របស់​មនុស្ស​ជុំវិញ ក៏ដូចជា​ដៃគូ  សហការ​ដទៃទៀត ដែល​កំពុង​ប្រឈម​ទៅនឹង​ការរីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​»​។​


 
​លោក Stefano Domenicali បន្តថា​៖«​យើង​អាច​និយាយបានថា ប្រទេស​របស់​យើង កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​មួយ ដែល​ពុំមាន​នរណាម្នាក់ ធ្លាប់​គិតថា​នឹង​អាច​កើតឡើង​ឡើយ​។ តាំង​នាម​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន ខ្ញុំ​សូម​ថ្លែងអំណរគុណ ទៅកាន់​អ្នក​ដែល​កំពុង​បម្រើ​នៅក្នុង​វិស័យ​សុខាភិបាល ស្ថាប័ន​សុខាភិបាល និង​កងកម្លាំង​សន្តិសុខ​ទាំងអស់ ដែល​កំពុងតែ​រួម​កម្លាំង​គ្នា​យ៉ាង​ស្វិតស្វាញ ក្នុង​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​ការវិវត្តន៍​នៃ​ស្ថានភាព​ដ៏​តឹងតែង​មួយ​នេះ​»​។  
 
​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ វា​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុង​ការគិត និង​ទម្លាប់​របស់​យើងខ្ញុំ គ្រប់គ្នា​នៅទីនេះ ដោយ​ឆ្លុះបញ្ចាំង​តាមរយៈ ពិភពលោក​ទាំងមូល​។ កត្តា​ទាំងនេះ​ជំរុញ​ឲ្យ​យើងទាំងអស់គ្នា ចាំបាច់​ត្រៀមខ្លួន​ទទួលយក និង​ស្វែងរក​វិធី​ដោះស្រាយ​ណាមួយ ដែលមាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​បំផុត ដើម្បី​យកមក​ទប់​ទល់នឹង​ទិដ្ឋភាព​ដែល​កំពុង​កើតឡើង​ជាក់ស្តែង​នេះ​។ ទោះជា​យ៉ាងណាក្តី ដោយសារ​តែមាន​ការចាប់​ផ្តើម​ដ៏​ល្អ​សម្រាប់​ឆ្នាំ ២០២០ ស្តែងចេញ​តាមរយៈ​ចំនួន​លក់​ក្នុងពេល​២​ខែ​ដំបូង​ទាំងនេះហើយ ដែល​បានផ្តល់​ពួកយើង​នូវ​កម្លាំងចិត្ត ដើម្បី​ត្រៀមខ្លួន​យ៉ាងសកម្ម ក្នុងការ​ទទួលយក​ជាមួយនឹង​អ្វីដែល​កើតមាន​ថ្មីៗ និង​បញ្ហា​ប្រឈម​ទាំងឡាយ​។​


 
​លទ្ធផល​ជោគជ័យ​នៅក្នុង​ឆ្នាំ​២០១៩ បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង តស៊ូ របស់​បុគ្គលិក​របស់​យើងទាំងអស់គ្នា នៅ​ជុំវិញ​សកលលោក ហើយ​យើង​ក៏​សូម​អរគុណ ដល់​បុគ្គលិក និង​ម្ចាស់​ភាគហ៊ុន​ទាំងអស់ ដែល​តែងតែ​មាននូវ​ទំនុកចិត្ត និង​បន្ត​គាំទ្រ​យើងខ្ញុំ​រហូតមក​។ យើងខ្ញុំ​បានដឹង​ច្បាស់ ពី​បុគ្គលិកលក្ខណៈ ក៏ដូចជា​គោលដៅ​តាំងចិត្ត​ដ៏​មុតមាំ នៃ​បុគ្គលិក​នីមួយៗ ដែល​បម្រើការ​នៅក្នុង Lamborghini ដែល​ទាំងនេះ រឹតតែ​ស្តែង​កាន់តែច្បាស់ នៅក្នុង​គ្រា​លំបាក​មួយ​នេះ​។ ដោយ​ផ្អែកលើ​លទ្ធផល និង​ភាពជោគជ័យ ដែល​ទាំងអស់គ្នា​បាន​សាង​មក ពួកយើង​នូវតែ​បន្ត​រៀបចំ​នូវ​គម្រោង សម្រាប់​ការអភិវឌ្ឍន៍ និង​ការលូតលាស់​ដែល​ប្រកបដោយ​និរន្តរភាព ជាពិសេស គឺ​បង្កើតជា​ឱកាស នៃ​ការច្នៃប្រឌិត​ថ្មីៗ​គួបផ្សំ​នឹង​បច្ចេកវិទ្យា​ទំនើប​បន្ថែមទៀត ដើម្បី​ឈានទៅរក​វឌ្ឍនភាព​នៅ​ថ្ងៃ​ខាងមុខ​។​
 
​តូ​លេខ​របស់ Lamborghini នៅក្នុង Fiscal Year 2019
 
​យើង​ឃើញថា ចំណូល​ត្រូវបាន​កើនឡើង ២៨% ចាប់ពី ១,៤២ ពាន់​លាន ទៅ ១,៨១ ពាន់​លាន​អឺរ៉ូ នៅក្នុង​ឆ្នាំ​២០១៩​។ កំណើន​នៃ​ការលក់​ទូទាំង​សកលលោក រឹត​តែមាន​សំទុះ​ខ្លាំង​ជាង​មុន ដោយ​កើនឡើង​រហូតដល់ ៤៣% ដែលមាន​ចំនួន​ដល់​ទៅ ៨,២០៥ គ្រឿង បាន​លក់​ជូន​អតិថិជន បូករួម​ទាំង​ការលក់​នៅ​ជុំវិញ​តំបន់​សំខាន់ៗ ដូចជា ៖ EMEA, អាមេរិក និង​អាស៊ី​ប៉ាស៊ីហ្វិក​ជាដើម​។ នៅក្នុង​ឆ្នាំ​ដំបូង ដែល​កំពូល​រថយន្ត Lamborghini Urus ប្រភេទ SUV បាន​មាន​វត្តមាន​នៅលើ​ទីផ្សារ គឺមាន​ការលក់​បានរ​ហូត​ទៅដល់ ៤,៩៦២ គ្រឿង ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​សន្ទុះ​នៃ​ការលក់ ដែល​ខ្ពស់​អស្ចារ្យ​។ ជោគជ័យ​នេះ​ផងដែរ ក៏មាន​ចំណែក​ពី​ការ​លក់បាន​ចំនួន​ដ៏​ច្រើន របស់​រថយន្ត​ស្ព័​រ ស៊េរី​ទំនើប ពីរ​ផ្សេងទៀត នោះ​គឺ​ម៉ូ​ដែល V12 Aventador (​ចំនួន ១,១០៤​គ្រឿង​) និង​ម៉ូ​ដែល V10 Huracan (​ចំនួន ២,១៣៩​គ្រឿង​)​។ 


 
​បន្ថែម​ពីនេះ​ទៅទៀត យើង​ក៏បាន​ជ្រើសរើស​និ​យោ​ជិ​ក​បន្ថែម មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ដែល​សរុប​ទាំងអស់ មាន​រហូត​ទៅដល់ ១,៧៨៧ នាក់​គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៩​កន្លងមកនេះ​។ មិនតែប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៩ ដដែល​នោះ Lamborghini ត្រូវបាន​ទទួលស្គាល់ថា ជា​ក្រុមហ៊ុន ដែលមាន​បុគ្គលិក​ឆ្នើម និង​មាន​ទេពកោសល្យ ដែល​បានទទួល​នូវ​វិញ្ញាបនបត្រ ផ្នែក Top Employer Italia ៧​ឆ្នាំ​ជាប់ៗ​គ្នា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍ និង​គ្រង​គ្រង ផ្នែក​ធនធានមនុស្ស​ដោ​យ​អោយ​តម្លៃ ទៅលើ​ជំនាញ​របស់​បុគ្គល​ម្នាក់ៗ ជាពិសេស គឺ​ការលើកកម្ពស់ និង​ឲ្យ​តម្លៃសង្គម និង​សីលធម៌​។  នៅ​ក្នុងន័យនេះ ក្រុមហ៊ុន​បានគិត​គូរ​ទៅដល់​សមភាព​យេនឌ័រ សម្រាប់​បុគ្គលិក​ស្ត្រី និង​បុរស​សុទ្ធតែ​មានឱកាស​ទទួល​បាន​នូវ​ប្រាក់បៀវត្ស និង​តួនាទី​ស្មើៗ​គ្នា​។ 
 
Lamborghini បាន​រក្សា​នូវ​ផលប័ត្រ​ផលិតផល ដែល​ប្រកបដោយ​ភាព​ទាក់ទាញ និង​ប៉ិនប្រសប់ ក្នុង​ការលក់​ទៅកាន់​សកលលោក ដែល​ក្នុងនោះ​តំណាង​ចែកចាយ មាន​ចំនួន ១៦៥​ភ្នាក់ងារ​នៅ​ទូទាំង ៥១ ប្រទេស​។ នៅក្នុង​ឆ្នាំ ២០២០ នេះ យើង​ចាប់ផ្តើម​ដំណើរការ​ឲ្យ​មានការ​ចែកចាយ​បន្ត​នូវ រថយន្ត​ស្ព័​រ ទំនើប​ថ្មី Hurancan Evo ស៊េរី​V10 និង Lamboghini Sian ដែលជា​ប្រភេទ​រថយន្ត​ស្ព័​រ​បែប​ទំនើប ថ្មី ស៊ីសាំង​តិច និង​ជា​ផលិតផល​មាន​ចំនួន​កំណត់ (Limited Edition) អម​ជាមួយនឹង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។ នៅក្នុង​ពេលនេះ ដោយសារតែ​ការរីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា ក្រុមហ៊ុន​ក៏​ពុំទាន់​អាច​ផ្សព្វផ្សាយ និង​ផ្តល់ព័ត៌មាន​លម្អិត អំពី​រថយន្ត​ក៏ដូចជា​ការអភិវឌ្ឍន៍​ទៅលើ​អាជីវកម្ម សម្រាប់​ឆ្នាំ ២០២០ បាន​នៅឡើយ​ទេ ដែល​យើង​នឹង​រង់ចាំ​ឲ្យ​ស្ថានភាព​នេះ ស្ងប់ស្ងាត់​ជាមុនសិន​៕
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Branderz
© រក្សាសិទ្ធិដោយ thmeythmey.com