COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Brighton ប្រកាសថា កីឡាករខ្លួនម្នាក់ឆ្លង COVID-19
27, Mar 2020 , 5:05 pm        
រូបភាព
លោក Paul Barber នាយកប្រតិបត្តិក្លិប Brighton & Hove Albion អះអាងថាកីឡាកររបស់ខ្លួនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានធ្វើតេស្តវិជ្ជមានជំងឺឆ្លង COVID-19។ លោកថា សមាជិកក្រុមម្នាក់នេះមានសុខភាពល្អធម្មតា។


 
កីឡាកររបស់ Brighton ចំនួន៣រូបបានទៅធ្វើតេស្ត បន្ទាប់ពីពួកគេចេញរោគសញ្ញាសង្ស័យមាន Covid-19។ ក្រោយលទ្ធផលធ្វើតេស្ត ក្លុិបរកឃើញមានវិជ្ជមានម្នាក់។ លោក Barber ដែលមិនចង់បញ្ចេញឈ្មោះកីឡាកររបស់ខ្លួន ថា រូបគេកំពុងទទួលបានការថែទាំ និងដាក់ឲ្យនៅដាច់ដោយឡែក។
 
ក្រុមនៃក្របខណ្ឌ Premier League មួយនេះ បានសម្រាកពីការហ្វឹកហាត់ពេញម៉ោង ដោយអនុញ្ញាតឲ្យកីឡាករទាំងអស់ស្នាក់នៅផ្ទះ ធ្វើលំហាត់ប្រាណរៀងៗខ្លួន ដើម្បីចៀសវាងឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាប្រភេទថ្មី COVID-19 ដែលសម្លាប់មនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក។
 
លោក Barber បានផ្តល់ដំណឹងអំពីការឆ្លងជំងឺលើកីឡាករលោក តាមរយៈការធ្វើសន្និសីទសារព័ត៌មានអនឡាញមួយជាមួយលោក Graham Potter ដែលជាអ្នកចាត់ការទូទៅ Brighton។
Brighton ឈរនៅលេខរៀងទី ១៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន២ពិន្ទុលើសក្រុមនៅតំបន់ត្រូវកាត់ចោល ខណៈនៅសល់៩ប្រកួតទៀតនឹងត្រូវបញ្ចប់រដូវកាលនេះ។ លីគគ្រប់កម្រិតនៅអង់គ្លេស ត្រូវសម្រេចពន្យារពេលរហូតដល់ចុងខែមេសា។
 
នៅអង់គ្លេស ក្រៅពីកីឡាកររបស់ Brighton អ្នកឆ្លង COVID-19 មានខ្សែប្រយុទ្ធវ័យក្មេងរបស់ Chelsea កីឡាករ Callum Hudson-Odoi និងអ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta។
 
មកទល់ពេលនេះ អ្នកឆ្លងជំងឺដែលមានប្រភពមកពីចិននៅចក្រភពអង់គ្លេសមានចំនួន ១១៦៥៨ករណី ស្លាប់ ៥៧៨នាក់ និងសះស្បើយ១៣៥ករណី៕
 

Tag:
 COVID-19
  Brighton
© រក្សាសិទ្ធិដោយ thmeythmey.com