COVID-19
អន្តរជាតិ
ប្រធានាធិបតីចិន ប្ដេជ្ញាជួយគាំទ្រអាមេរិកដោះស្រាយវិបត្តិ COVID-19 លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង កាលជំនួបនាពេលកន្លងមក (AFP)
× ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានប្រាប់សមភាគីអាមេរិក ដូណាល់ ត្រាំ ថា លោកសង្ឃឹមថា ក្រុងវ៉ាស៊ីនតោន នឹងផ្ដើមយកចិត្តទុកដាក់ពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ប្រមុខដឹកនាំចិន បន្តទៀតថា រដ្ឋាភិបាលចិនប្តេជ្ញាជួយគាំទ្រសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19។
អំឡុងកិច្ចសន្ទនាតាមទូរសព្ទនាថ្ងៃសុក្រ ២៧ ខែមីនា ប្រធានាធិបតី ស៊ី ជិនភីង បានប្រាប់លោក ដូណាល់ ត្រាំ ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ គឺជម្រើសដ៏ត្រឹមត្រូវតែមួយគត់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន។
បន្ថែមពីនេះ លោក ស៊ី ក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលចិនប្រកាសពីជំហរយ៉ាងមុតមាំក្នុងការជួយគាំទ្រសហរដ្ឋអាមេរិកដោះស្រាយវិបត្តិ COVID-19 ដែលកំពុងអុកឡុកប្រទេសនេះ។ ការប្រកាសជួយគាំទ្រពីសំណាក់ក្រុងប៉េកាំងនេះ ធ្វើឡើងចំថ្ងៃដែលករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនលើសប្រទេសណាៗទាំងអស់ទូទាំងពិភពលោក ជាមួយតួលេខអ្នកជំងឺសរុបជាង៨៥០០០ករណី។
ម្យ៉ាងវិញទៀត ជំនួបតាមទូរសព្ទរវាងមេដឹកនាំពិភពលោកទាំងពីរនេះ ធ្វើឡើងខណៈក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង មួយរយៈចុងក្រោយនេះ បានប៉ះសម្តីគ្នាជុំវិញជំងឺ COVID-19 ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន ហើយបានរីកសាយភាយជាសាកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន បានចោទប្រកាន់ចិនថា ខ្វះតម្លាភាពលើរឿងវីរុស COVID-19 ដែលបានសម្លាប់មនុស្សជាង២៤០០០ ទូទាំងពិភពលោក។ សម្តីនេះ បានបង្កជាកំហឹងដល់ប្រទេសចិន។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតី ស៊ី អំឡុងកិច្ចសន្ទនាតាមទូរសព្ទដដែល បានឆ្លើយតបទៅលោក ត្រាំ ដូច្នេះថា ប្រទេសចិន បានបើកចំហ និងមានតម្លាភាពលើរឿង COVID-19 ដែលបានឆ្លងមនុស្សជាង៨ម៉ឺននាក់ក្នុងប្រទេសចិន។
ជាការឆ្លើយតប លោក ត្រាំ តាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃសុក្រនេះ បានសរសរថា លោកបានពិភាក្សាអំពីការរាតត្បាតជំងឺ COVID-19 យ៉ាងល្អិតល្អន់បំផុតជាមួយលោកប្រធានាធិបតី ស៊ី ជិនភីង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ បានបញ្ឈប់ការប្រើពាក្យដ៏ចម្រូងចម្រាស «វីរុសចិន» ដែលពីមុនលោកបានហៅជាច្រើនលើក ដែលសំដៅទៅកាន់ COVID-19 ។ ត្រង់ចំណុចនេះលោកសរសេរដូច្នេះថា៖«ចិនបានឆ្លងកាត់រឿងជាច្រើន និងបានយល់ដឹងច្រើនអំពីវីរុសនេះ។ បច្ចុប្បន្នយើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគ្នា។»៕
Tag:
ចិន
សហរដ្ឋអាមេរិក
ដូណាល់ ត្រាំ
ស៊ី ជិនភីង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com