COVID-19
អន្តរជាតិ
ម៉ាឡេស៊ី បញ្ចេញកញ្ចប់ទឹកប្រាក់៥៨ពាន់លានដុល្លារពង្រឹងសេដ្ឋកិច្ចអំឡុងពេល COVID-19 នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin។ រូបភាព៖ the rakyat post
× ម៉ាឡេស៊ី នាថ្ងៃទី២៧ ខែមីនា បានប្រកាសបញ្ចេញកញ្ចប់ថវិកាគាំទ្រសេដ្ឋកិច្ចរបស់ខ្លួនប្រមាណជា ៥៨ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយដល់ប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។
ថ្លែងតាមរយៈទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានបញ្ជាក់ថា កញ្ចប់ថវិកាគាំទ្រប្រមាណ៥៨ពាន់លានដុល្លារ នឹងផ្តល់ទៅលើវិស័យសុខាភិបាល ជំនួយសេដ្ឋកិច្ច និងសហគ្រាសខ្នាតតូច និងមធ្យម។ បើគ្មានការប្រែប្រួលទេ ម៉ាឡេស៊ីនឹងចំណាយថវិកាប្រមាណ ២៩ពាន់លានដុល្លារ លើវិស័យសុខាភិបាល ២៣ពាន់លានដុល្លារ ជួយគាំទ្រជំនួញក្នុងស្រុក ៥០០លានដុល្លារលើសេដ្ឋកិច្ច។ ចំណែកថវិកាដែលសល់ពីនេះ នឹងចំណាយលើវិស័យផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
ការបញ្ចេញកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ម៉ាឡេស៊ីបែបនេះ មានគោលដៅដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងប្រឈមជាមួយបញ្ហា COVID-19 នៅក្នុងប្រទេស។ ជាមួយគ្នានេះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើឡើងក្រោយម៉ាឡេស៊ី ប្រកាសបិទប្រទេសមួយរយៈ ពោលគឺចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៤ ខែមេសា។
នាថ្ងៃ២៦ ខែមីនា លោកនាយករដ្ឋមន្ត្រី បានលើកឡើងជុំវិញកញ្ចប់ថវិកាគាំទ្រនេះថា ប្រជាជនទាំងអស់របស់ម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់ថវិកានេះ មិនថាអ្នកបើក Grab អ្នកបើកតាក់ស៊ី កសិករនោះទេ។
កន្លងមក អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ធ្លាប់បានបញ្ចេញកញ្ចប់ថវិកាគាំទ្រសេដ្ឋកិច្ចរបស់ខ្លួនម្តងហើយ ពោលគឺប្រមាណជា ៤,៥ពាន់លានដុល្លារ។ ប៉ុន្តែពេលនោះ ស្ថានភាពម៉ាឡេស៊ី មិនទាន់មានភាពធ្ងន់ធ្ងរដូចពេលនេះឡើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ម៉ាឡេស៊ីមានករណីCOVID-19 សរុបចំនួន ២០៣១ករណី អ្នកស្លាប់ ២៤ករណី និងអ្នកជាសះស្បើយ ២១៥ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com