ភ្នំពេញ៖ ការដាក់ប្រទេសនៅក្នុងគ្រាអាសន្ន អាចមាន២កម្រិត ដោយអាស្រ័យលើស្ថានភាពធ្ងន់ និងស្រាល របស់ប្រទេសនោះ។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យថ្មី ស្ដីពីការផាកពិន័យអន្ដរការណ៍ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ មីនា។
សម្ដេច ស ខេង បានបញ្ជាក់ថា កម្ពុជា កំពុងសិក្សាលើវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ បើសិនជាករណីជំងឺCOVID-19 កាន់តែរាតត្បាតធ្ងន់ធ្ងរនៅកម្ពុជា។
«ការប្រកាសដាក់ភាពអាសន្ន បើតាមការស្រាវជ្រាវទៅ វាអាចមានពីរយ៉ាង កម្រិតធ្ងន់ និងកម្រិតស្រាល។ បើកម្រិតធ្ងន់ គឺចង់និយាយថា វាទាំងអស់ ទាក់ទងនឹងការដើរហើរ ការជួបប្រជុំ ឬការទាក់ទងនឹងអ្វីហូហែរទៀត ប៉ុន្ដែមិនដឹងថាថៃដាក់ក្នុងកម្រិតណាទេ យើងអត់ដឹងទេ។ ប៉ុន្តែមួយទៀត គ្រាន់តែឃុំនៅក្នុងផ្ទះទេ បានន័យថា គ្រប់គ្រងគាត់នៅផ្ទះ ហាមមិនឲ្យគាត់ចេញពីផ្ទះ ហ្នឹងហើយយើងបានឃើញ ដែលគេហៅថា Lock Down»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង ក៏បានបញ្ជាទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវតាមដាន និងវាយតម្លៃសភាពការណ៍ ដើម្បីរៀបចំផែនការបង្ការ និងទប់ស្កាត់កុំឲ្យមានជនឆ្លៀតឱកាស យកបញ្ហាCOVID-19 មកអុកឡុកស្ថានការណ៍ប្រទេសជាតិ ដែលនាំឱ្យចលាចលកាន់តែខ្លាំងថែមទៀត។
កាលពីថ្ងៃទី២៥ មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយពីបំណងដាក់ប្រទេសក្នុងគ្រាអាសន្ន បើសិនជាស្ថានភាពរីករាលដាលជំងឺCOVID-19 កាន់តែធ្ងន់ធ្ងរ។ «បើដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ សិទ្ធិស៊ីវិល ត្រូវបានប៉ះ... ហាមប្រមូលផ្តុំ ហាមជួបជុំ ហាមចេញពីផ្ទះ ហាមប៉ុន្មានប្រភេទ វិសាលភាព មានដល់ណា ខ្ញុំ កំពុងឲ្យអ្នកច្បាប់សិក្សា»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលកំពុងពិចារណាលើការសម្រេចចិត្តទូលថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំព្រះរាជានុញ្ញាតិ ដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ន ។
អ្នកឆ្លងជំងឺCOVID-19នៅកម្ពុជា មានចំនួន ៩៨នាក់ហើយ ក្នុងនោះមាននៅព្រះសីហនុ ៣៦ករណី (បារាំង៣១ ខែ្មរ២, ចិន១) ភ្នំពេញ ១៣ករណី (ខ្មែរ៨, បារាំង៣, បែលហ្ស៊ិក ១, កាណាដា១), កំពង់ចាម១៥ករណី (ម៉ាឡេស៊ី៧, អង់គ្លេស៣,អាមេរិកាំង២,អង់គ្លេស២, ខ្មែរ១), បាត់ដំបង៨ករណី (ខ្មែរ៨), ត្បូងឃ្មុំ ៤ (ខ្មែរ៤), កែប ៤ (ម៉ាឡេស៊ី៣, ខ្មែរ១), កំពង់ឆ្នាំង ៣ (ខ្មែរ៣), បន្ទាយមានជ័យ ២ករណី (ខ្មែរ២), ព្រះវិហារ ២ករណី (ខ្មែរ២), កំពត ២ករណី (ម៉ាឡេស៊ី២), សៀមរាប ៥ករណី (ខ្មែរ៣, ឥណ្ឌូណេស៊ី២),កោះកុង២ករណី (ខ្មែរ២), កណ្តាល ២ករណី (ខ្មែរ២)។ អ្នកជាសះស្បើយសរុប១១នាក់៕