ជាតិ
សង្គមជាតិ
កូ​វីដ​-១៩ បង្ខំ​ឲ្យ​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្តភ្នំ និង​នៅ​បណ្តា​ខេត្ត​ផ្សេងទៀត​ត្រូវ​ផ្អាក​
28, Mar 2020 , 8:59 am        
រូបភាព
ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត កាលពីឆ្នាំ២០១៩ រូបភាពពីផេកហ្វេសប៊ុករបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត កាលពីឆ្នាំ២០១៩ រូបភាពពីផេកហ្វេសប៊ុករបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ដោយ:
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេង ត្រូវបាន​ប្រកាស​ផ្អាក​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ដ្បិត​ខេត្ត​ខ្លះ កំពុង​ពិចារណា​ជុំវិញ​ការផ្អាក​នេះ​ក៏ដោយ ប៉ុន្តែ​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយនឹង​គ្រូពេទ្យ​ស្ម័គ្រចិត្ត ជាង​៤០០​នាក់ នៅ​ថ្ងៃទី​២៥ ខែមីនា​ថា នឹងមិន​មានការ​រៀប​ចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​តាម​ខេត្ត​នោះទេ​។​

 
​ដំបូង​ឡើយ មានតែ​ព្រឹត្តិការ​ណ៍ស​ង្រា្ក​ន្ត​សៀមរាប​មួយ​ទេ ដែល​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ផ្អាក ដោយសារ​ខេត្ត​នេះ មាន​ជនជាតិខ្មែរ​ម្នាក់​ឆ្លង​កូ​វីដ​-១៩​។ បន្ត​បន្ទាប់មក​មានប​ណ្តា​ខេត្ត​ផ្សេងៗ ដូចជា ខេត្តបន្ទាយមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ធំ ត្បូងឃ្មុំ កំពត កណ្តាល តាកែវ រតនគីរី កំពង់ស្ពឺ បាត់ដំបង និង​រាជធានី​ភ្នំពេញ ក៏​សម្រេច​ផ្អាក​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះដែរ ដោយសារតែ​កម្ពុ​ជាមាន​ករណី​ឆ្លង​កាន់តែច្រើន ជំងឺ​កូ​វីដ​-១៩​។ 
 
​កាលពី​ថ្ងៃទី​៧ ខែមីនា ខេត្តបន្ទាយមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ធំ ត្បូងឃ្មុំ កំពត កណ្តាល តាកែវ រតនគីរី កំពង់ស្ពឺ បាត់ដំបង និង​ភ្នំពេញ ក៏​ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​តាម​ភូមិ ឃុំ ស្រុក និង​ទីវ​ត្ត​អារាម​ដែរ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​តាម​ខេត្ត​នីមួយៗ ដែល​បានចេញ​ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករៀងៗ​ខ្លួន​កន្លងមក​។ ផ្អាក​សង្ក្រាន្ត ក៏ប៉ុន្តែ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅតែ​រៀបចំ​ដដែល ដោយមាន​ការរៀបចំ​សែនព្រេន​តាម​ប្រពៃណី ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​គ្នាច្រើន​នោះទេ​។​
 
​កាលពី​ថ្ងៃទី​១៧ ខែមីនា ដែល​កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ដល់​ទៅ​១២​នាក់ ដែលជា​ខ្មែរ​អ៊ិ​ស្លាម​១១ នាក់ និង​ខ្មែរ​ម្នាក់ ជា​តួលេខ​ដែល​កម្ពុជា​រកឃើញ​ច្រើនជាងគេ​លើកដំបូង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើតាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស​ឲ្យ​បិទ​KTV រោងភាពយន្ត សារមន្ទីរ​ជាតិ ក្លិប​កម្សាន្ត បិទ​ការប្រគំ​តន្ត្រី គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩​ឆ្លងទៅ​មនុស្ស​កាន់តែ​ច្រើនឡើង​ទៀត​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៥ ខែមីនា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៩៦​នាក់ ក្នុងនោះ​មាន​១០​នាក់ បានជា​សះស្បើយ​វិញ​៕
 
 
 
 
 

Tag:
 សង្ក្រាន្ត​
 ​ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com