ពីនេះ ពីនោះ
សង្គមជាតិ
ផ្លាស់ប្តូរ​សមាសភាព​គ​ណៈ​រដ្ឋមន្ត្រី​៖ គួរ​កែសម្រួល និង​កែទម្រង់​…!
28, Mar 2020 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ សុធីរ និង​សំណាង ផ្តោតអារម្មណ៍​ខ្លាំង​ទៅលើ​មេរោគ​កូ​វីដ​១៩ តែដោយសារ​ពីរ​បី​ថ្ងៃ​ចុងក្រោយ ព័ត៌មាន​កែសម្រួល​សមាសភាព​គណៈ​រដ្ឋមន្ត្រី​បាន​លេចចេញ​ឡើង​, ដូច្នេះ សុធីរ និង​សំណាង ក៏​ឆ្លៀតពេល​និយាយ​រឿង​កែសម្រួល និង​កែទម្រង់​បន្តិច​។ បើ​គ្មានអ្វី​ប្រែប្រួល​ទេ រដ្ឋមន្ត្រី​ថ្មី​៤​រូប ដែល​ត្រូវ​បានស្នើ​ឲ្យ​តែងតាំង ហើយនឹង​ត្រូវ​បោះឆ្នោត​គាំទ្រ​ដោយ​រដ្ឋសភាជាតិ​នៅ​ថ្ងៃទី​៣០​មីនា​សប្តាហ៍​ក្រោយ ជារួម​មាន​៖ លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្សវឌ្ឍានា​, លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជំនួស​លោក ពេជ្រ ប៊ុនធិន​, លោក ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជំនួស​លោក ត្រាំ អ៊ីវតឹក​, និង លោក ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម​។


​សំណាង​៖ អា សុធីរ​! បើ​នឹងមាន​ការកែសម្រួល​សមា​សភាព​គណៈរដ្ឋមន្ត្រី​មែន​នោះ តើ​អ្ហែង​សង្ឃឹមថា ក្រសួង​ទាំងអស់​ដែល​នឹង​ផ្លាស់ប្តូរ​នោះ នឹងមាន​ការប្រែប្រួល​ឬទេ​?  
​សុធី​៖ យើង​ពិបាក​សន្ម​ត់​ទុកជាមុន​ណាស់​។ បើ​យើង​និយាយ​មុន ខ្លាច​គេ​ថា​យើង​ចេះតែ​អត្ថាធិប្បាយដោយ​មិន​រង់​ចាំមើល​លទ្ធផល​ជាមុនសិន​។ 
 
​សំណាង​៖ អាហ្នឹង​វា​អ៊ីចឹង​ហើយ គ្មាន​នរណា​ចេះ​ទាយ​ត្រូវ​រហូត​ទេ​។ តែ​អញចង់​ឲ្យ​ឯង​ស្មាន​ជាមុន​លេង​តើ​!​។​
​សុធីរ​៖ បើ​អ្ហែង​ចង់​ឲ្យ​អញ​បញ្ចេញមតិ អញ​អាច​និយាយថា ជាដំបូង អញចង់​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​កែសម្រួល និង​កែទម្រង់​។ 
 
​សំណាង​៖ ចុ​ម មានន័យថា​ម៉េច​អ្ហា​? 
​សុធីរ​៖ កែសម្រួល​សមាសភាព​ធ​ន​ធាន​មនុស្ស​។ ប៉ុន្តែ ឲ្យ​ធនធានមនុស្ស​ថ្មី​ហ្នឹង​កែទម្រង់​ចំណុច​អវិជ្ជមាន​នៅក្នុង​ក្រសួង​ទាំងអស់​ហ្នឹង​ឲ្យ​បាន​លឿន​បំផុត​។ តែ​សូម​ប្រយ័ត្ន​ផងដែរ​ថា ធនធានមនុស្ស​ថ្មី​ហ្នឹង ចូរ​កុំទៅ​កែទម្រង់​អ្វីដែល​គេ​បានធ្វើ​ល្អ​រួចហើយ​។ ជាថ្មី​ម្តង​ទៀង ចូរ​កែទម្រង់​តែ​អ្វីដែល​អាក្រក់​ឲ្យ​ទៅជា​ល្អ ចៀសវាង​កែទម្រង់​អ្វីដែល​ល្អ​ឲ្យ​ទៅជា​អាក្រក់​។ អានេះ​ហើយ គឺជា​អត្ថន័យ​នៃ​ការកែទម្រង់​។ 
 
​សំណាង​៖ សួរ​អ្ហែង​ម្តង​ទៀតថា តើ​អ្ហែង​សង្ឃឹមថា ការកែ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​ហ្នឹង​ផ្តល់​ផល​ល្អ​ជូន​ដល់​សេវា​សាធារណជន​ឬទេ​? 
​សុធីរ​៖ អញ​ពិបាក​ឆ្លើយ​ណាស់​វើ​យ​។ អ្ហែង​សួរ​ហើយ​សួរ​ទៀត​អ៊ីចឹង​។ អ្វីដែល​អញ​ធ្លាប់​លឺ​សម្តេច ហ៊ុន សែន គាត់​និយាយ​ច្រើនលើកច្រើនសារ​ហើយ​ថា កំណែទម្រង់ គឺជា​រឿង​ចាំបាច់ និង​ជា​រឿង​ស្លាប់​រស់​របស់​រដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​ប្រជាប្រិយភាព​ពី​មហាជន​។ បើ​ស្តាប់​អត្ថន័យ​នេះ អ្វីដែល​រដ្ឋាភិបាល​កំពុង​កែសម្រួល​សមាសភាព​នេះ គឺ​ក្នុងន័យ​កែទម្រង់​ហើយ តែ​រឿង​ស៊ីជម្រៅ ឬ​មិន​ស៊ីជម្រៅ​ជា​រឿង​មួយ​ផ្សេងទៀត​។ 
 
​សំណាង​៖ នៅ​ថ្នាក់ជាតិ រដ្ឋាភិបាល​កំពុងតែ​ត្រៀម​កែសម្រួល​សមាសភាព​គណៈ​រដ្ឋមន្ត្រី ចុះ​ថ្នាក់​ខេត្ត​ក្រុង​វិញ សុធីរ​? 
​សុធីរ​៖ អានេះ​សួរ​អញ មើល​តែ​អញ​ដឹង​គ្រប់​រឿង​អ៊ីចឹង​អ្ហា​! អញ​អត់​ដឹង​ទេ​! តែបើ​អាច​ផ្លាស់ប្តូរ ឬ​កែសម្រួល​ថ្នាក់ដឹកនាំ​ខេត្ត​ណា​ដែល​ស្ពឹក​ស្រពន់ មិនចេះ​អភិវឌ្ឍ ចេះតែ​ដើរ​«​ប្រូ​»​ចេញ​- ប្រហែលជា​ខេត្ត​នោះ អភិវឌ្ឍ​បាន​លឿន ហើយ​អាច​ទាក់ទាញ​ការគាំទ្រ​ពី​ពលរដ្ឋ​បាន​លឿន​។ បើតាម​អញ​សង្កេត គឺថា ថ្នាក់ដឹកនាំ​ខេត្ត​ខ្លះ ខ្វះ​គំនិត​ច្នៃប្រឌិត​អភិវឌ្ឍ​ក្នុង​ខេត្ត​តែម្តង​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com