ជាតិ
​នាំគ្នា​បិទ​ភ្លើង​និមិត្តរូប​១​ម៉ោង​នៅ​យប់​នេះ សម្រាប់​ភពផែនដី​!
28, Mar 2020 , 12:21 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា និង​បណ្តា​ប្រទេស​នានា​លើ​ពិភព នឹង​ប្រារព្ធ «​ទិវា​១​ម៉ោង​សម្រាប់​ភពផែនដី​» តាមរយៈ​ការបិទ​ភ្លើង​ជា​និមិត្តរូប​រយៈពេល​១​ម៉ោង ចាប់ពី​ម៉ោង​៨​កន្លះ​យប់ ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ចាប់យក​ឥរិយាបទ​រស់នៅ​ប្រកបដោយ​និរន្តរភាព​។​



«​ទិវា​១​ម៉ោង​សម្រាប់​ភពផែនដី​» ឬ «Earth Hour» នេះ ប្រព្រឹត្តឡើង​ស្របពេល​ពិភពលោក​ប្រឈម​បញ្ហា​មួយចំនួន​ដូចជា  ការប្រែប្រួល​អាកាសធាតុ ការបាត់បង់​ធនធាន ជីវចម្រុះ ការបំពុល​បរិស្ថាន ការ​រិច​រិល​ដី កង្វះខាត​ទឹក និង​ហានិភ័យ​លើ​សុខភាព​មនុស្ស​។​

​ការបិទ​ភ្លើង​១​ម៉ោង ជា​និមិត្ត​រូបនៃ​ការចូលរួម​ការពារ​ភពផែនដី​ឲ្យ​មាន​លក្ខណៈ​ប្រសើរឡើង ក្នុងចំណោម​វិធីសាស្ត្រ​ដូចជា ការ​សន្សំសំចៃ និង​ការកែច្នៃ​សម្រាប់​ប្រើប្រាស់​ឡើងវិញ ការកាត់បន្ថយ​សារធាតុ​ប្លា​ស្ទិ​ក ការ​ងាក​ទៅ​ចាប់យក​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ក៏ដូចជា​កំណត់​វិធានការ​ដើម្បី កាត់បន្ថយ​កម្រិត​កាបូន ជាដើម​។​

​អង្គការ WWF កម្ពុជា បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ទិវា​១​ម៉ោង​សម្រាប់​ភពផែនដី​ផ្តល់ឱកាស​ឲ្យ​សាមញ្ញ​ជន​គ្រប់រូប ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រលាញ់​របស់​ពួកគេ​ចំពោះ​បរិស្ថាន និង​ធម្មជាតិ ព្រមទាំង​ប្តេជ្ញាចិត្ត​ចាប់យក​សកម្មភាព​នានា​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ សម្រាប់​ជាការ​រួមចំណែក​ដល់​ស​ង្គ​ម​មួយ​ប្រកបដោយ​និរន្តរភាព​។​

បើតាម​លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា​៖  «​បន្ទាប់ពី​ការបង្ហាញ​ឆន្ទៈ​ដោយ​ការបិទ​ភ្លើង ១​ម៉ោង​នេះ​រួច យើងខ្ញុំ​សូម​ស្នើ​យ៉ាងទទូច​ដល់​ប្រជាជន​ទាំងអស់​ឲ្យ​បន្តធ្វើ​សកម្មភាព​វិជ្ជមាន​សម្រាប់​ភពផែនដី និង​បង្កើន ការសន្ទនា និង​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​អំពី​វិធីសាស្ត្រ​អនុវត្ត​ល្អៗ ដែល​យើងទាំងអស់គ្នា​អាចធ្វើ​បានជា​ប្រចាំថ្ងៃ​»​។​

«​ចូរ​យើង​រួមគ្នា​កសាង​ជំនាន់​របស់​យើង​សម្រាប់​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ដើម្បី​ជួយ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព​របស់​យើង​»​។ នេះ​ជា​សំណូមពរ​របស់​កញ្ញា សួន ស្រី​ដែ​ត និស្សិត នៃ​មហាវិទ្យាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

Hashtags ដែល​បង្ហាញ​ពី​ការចូលរួម​ក្នុង​ទិវា​នេះ គឺ #EarthHourCambodia, #Connect2Earth #VoiceForThePlanet ៕



© រក្សាសិទ្ធិដោយ thmeythmey.com