COVID-19
អន្តរជាតិ
អ្នកដំណើរ៤នាក់ស្លាប់លើនាវាអាមេរិក Zaandam ដែលជាប់គាំងនៅប៉ាណាម៉ា នាវាទេសចរណ៍ Zaandam ដែលមានផ្ទុកមនុស្ស១៨០០នាក់ (AFP)
× អ្នកដំណើរ៤នាក់ បានបាត់បង់ជីវិតលើនាវាទេសចរណ៍មួយដែលអណ្ដែតតែលតោលនៅក្បែរឆ្នេរសមុទ្រប្រទេសប៉ាណាម៉ា ខណៈជាង១០០នាក់ផ្សេងទៀត មានចេញរោគសញ្ញាផ្លូវដង្ហើម។ ប្រតិបត្តិការនាវាទេសចរណ៍នេះ បញ្ជាក់បែបនេះ នៅថ្ងៃសុក្រ ២៧ ខែមីនា ដោយបន្ថែមថា ក្នុងនោះយ៉ាងតិច២នាក់មានផ្ទុក COVID-19។
នាវាទេសចរណ៍ Zaandam ដែលមានផ្ទុកមនុស្ស១៨០០នាក់ កំពុងស្ថិតក្នុងដែនទឹករបស់ប្រទេស ប៉ាណាម៉ា បន្ទាប់ពីប្រទេសមួយចំនួនបដិសេធឲ្យចូលសំចត ដោយបារម្ភ COVID_19 ។ ក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអាមេរិក Holland American Line បានបញ្ជាក់ថា ភ្ញៀវវ័យចំណាស់៤នាក់ បានបាត់បង់ជីវិតលើនាវា Zaandam ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ដែលដកស្រង់ចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមហ៊ុននេះ សង្កត់ធ្ងន់ទៀតថា កាលពីថ្ងៃ២៦ ខែមីនា អ្នកជំងឺមួយចំនួនដែលមានរោគសញ្ញាផ្លូវដង្ហើម បានធ្វើតេស្តរក COVID-19 ហើយលទ្ធផលបង្ហាញថា ២នាក់ ផ្ទុកវីរុសនេះ។
នាវាទេសចរណ៍ Zaandam បានចាកចេញពីរដ្ឋធានី Buenos Aires របស់អាហ្សង់ទីន កាលពីថ្ងៃ៧ ខែមីនា ហើយគ្រោងធ្វើដំណើរទៅដល់កំពង់ផែ San Antonio ប្រទេស ស៊ីលី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ យ៉ាងណាមិញ ចាប់ពីចូលសំចតនៅផែក្រុង Punta Arenas ក្នុងប្រទេស ស៊ីលី កាលពីថ្ងៃ១៤ មក នាវាទេសចរណ៍នេះ ត្រូវបានបដិសេធចូលចតដោយកំពង់ផែមួយចំនួន ក្រោយរាយការណ៍ថា មនុស្ស៤២នាក់លើនាវានោះ មានចេញរោគសញ្ញាផ្លូវដង្ហើម។
បន្ទាប់មក នាវានេះ បានព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក ក៏ប៉ុន្តែដើម្បីទៅដល់ទីនោះ នាវានេះ ត្រូវបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ នៅថ្ងៃសុក្រ ២៧ ខែមីនា អាជ្ញាធរប្រទេសប៉ាណាម៉ា បានបដិសេធការឆ្លងកាត់របស់នាវានេះតាមផ្លូវទឹកខ្លួន។
ខណៈជាប់គាំងនៅដែនទឹកប៉ាណាម៉ា ក្រុមហ៊ុនអាមេរិក Holland American បានសម្រេចបញ្ជូននាវាមួយគ្រឿងទៀត ឈ្មោះថា Rotterdam ដែលដឹកសម្ភារធ្វើតេស្ត COVID-19 និងបុគ្គលិកសង្គ្រោះទៅជួយនាវា Zaandam ។ តាម AFP ក្រុមហ៊ុននេះ បានបញ្ជាក់ថា ភ្ញៀវ ៥២ និងបុគ្គលិកបម្រើលើនាវា ៨៥នាក់ ដែលនៅលើនាវា Zaandam បានរាយការណ៍ថា មានចេញរោគសញ្ញាផ្លូវដង្ហើម៕
Tag:
សហរដ្ឋអាមេរិក
ប៉ាណាម៉ា
Zaandam
© រក្សាសិទ្ធិដោយ thmeythmey.com