ភ្នំពេញ៖ កម្ពុជាសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺCOVID-19។ ប៉ុន្តែបើជនបរទេសនោះ មានបំណងចូលមកកម្ពុជានោះ ពួកគេត្រូវមានលិខិតបញ្ជាក់សុខភាព និងបណ្ណធានារ៉ាប់រង ដែលមានទឹកប្រាក់មិនក្រោម៥ម៉ឹនដុល្លារឡើយ។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ មីនា។
ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) ស្របតាមវិធានការនានា របស់បណ្តាប្រទេសអាស៊ាននោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្ន ក្នុងការចូលមកកម្ពុជា បន្ថែមពីលើវិធានការនានារបស់ក្រសួងសុខភិបាលកន្លងមក។
តាមរយៈក្រសួងការបរទេស រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ ក្នុងរយៈពេលមួយខែ។
ប៉ុន្តែបើសិនជាជនបរទេសណា មានបំណងធ្វើដំណើរចូលមកកម្ពុជានោះ ពួកគេត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ មិនតែប៉ុណ្ណោះ ជនបរទេសគ្រប់រូបត្រូវផ្តល់នូវវិញ្ញាបនប័ត្រ បញ្ជាក់សុខភាព ចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ ដើម្បីបញ្ជាក់ថាខ្លួនពុំមានវីរុសកូរ៉ូណា(COVID-19)ឡើយ។ លើសពីនេះ ជនបរទេសត្រូវមានឯកសារធានា រ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ នេះបើតាមក្រសួងការបរទេស។
ត្រង់ចំណុចនេះ ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ៖«តម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាពមិនត្រូវបានអនុវត្ត ចំពោះជនបរទេស ដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) ឬទិដ្ឋាការផ្លូវការ (ទិដ្ឋាការ ប្រភេទ B) របស់កម្ពុជា»។
បើតាមក្រសួងការបរទេសដដែល ជនបរទេសដែលចូលមកកម្ពុជា នឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាព ដោយមន្ត្រីមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មុននឹងអនុញ្ញាតឱ្យចូលក្នុងប្រទេស។ ជនបរទេសនោះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមវិធានការចត្តាឡីស័ក ឬវិធានការនានា ដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់វីរុសនេះ ។
«រាល់ការរឹតបន្តឹងក្នុងការធ្វើដំណើរខាងលើ គឺមានលក្ខណៈជាបណ្តោះអាសន្ន ហើយនឹងត្រូវពិនិត្យឡើងវិញជាប្រចាំដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការវិវត្តន៍នៃស្ថានភាពជាសកលពាក់ព័ន្ធនឹងវីរុសនេះ»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ដែលបានបន្ថែមថា វិធានការទាំងនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ទៅ។
គិតត្រឹមថ្ងៃទី២៨ មីនានេះ កម្ពុជា មានអ្នកឆ្លងជំងឺCOVID-19 មានចំនួន១០២នាក់ ក្នុងនោះជាសះស្បើយ១៣នាក់ហើយ។ ក្នុងចំណោមអ្នកជាសះស្បើយនេះ មានជនជាតិខ្មែរ១១នាក់ អង់គ្លេស១នាក់ និងចិន១នាក់៕