COVID-19
ជាតិ
សង្គមជាតិ
មូលនិធិ​Jack Ma និង​Alibaba បានផ្ដល់​សារធាតុ​គីមី​ម្យ៉ាង​ដល់​កម្ពុជា សម្រាប់ធ្វើ​តេស្ត​រក​ជំងឺ​COVID-19
28, Mar 2020 , 3:27 pm        
រូបភាព
​ភ្នំពេញ​៖ មូលនិធិ​Jack Ma និង​មូលនិធិ​Alibaba តាមរយៈ​ទូត​ចិន​ប្រចាំ​កម្ពុជា បានផ្ដល់​សារធាតុ​គីមី​ម្យ៉ាង ដែលមាន​ឈ្មោះថា Detection Reagent ដល់​កម្ពុជា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធ្វើតេស្ត​រក​ជំងឺ​COVID-19​។​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានប្រគល់​ប្រអប់​សារធាតុ​ធ្វើតេស្ត​នេះ ដល់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៨ មីន​នេះ​។​


 
​លោក Wang Wentian បាន​បញ្ជាក់ថា ភាគី​ចិន​នឹង​បន្ត​ផ្តល់​រាល់​ជំនួយ​ទៅតាម​លទ្ធភាព ដល់​កម្ពុជា ដើម្បី​ជួយ​ជា​កម្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​យក​ជម្នះ ជាមួយនឹង​ជំងឺ​ប្រភេទ​ថ្មី​នេះ​។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖«​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ពិនិត្យ​រក​ជំងឺ​វីរុស​COVID-19 ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​សម្របសម្រួល​ជាមួយ​មូលនិធិ​Jack Ma និង​មូលនិធិ​Alibaba​ជាបន្ទាន់ ដើម្បី​ធ្វើការ​ផ្តល់នូវ​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​មួយចំនួន​ជូន​ដល់​ភាគី​កម្ពុជា សង្ឃឹមថា​វា​អាចជួយ​ជា​កម្លាំង​គាំទ្រ​ជូន​ដល់​ភាគី​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ប្រភេទ​ថ្មី​មួយ​នេះ​»​។​
 
​មូលនិធិ​Jack Ma និង​មូលនិធិ​Alibaba នេះ បានផ្ដល់​ជំនួយ​សារធាតុ Detection Reagent សម្រាប់ធ្វើ​តេស្ត​លើ​មនុស្ស ២​ម៉ឺន​នាក់​។ នេះ​បើតាម Wang Wentian ។ 
​ទទួលបាន​ជំនួយ​ពី​ភាគី​ចិន​ហើយ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង បាន​សង្កត់ធ្ងន់ថា កម្ពុជា​នឹង​ចងចាំ​រាល់​ការជួយ​របស់​ភាគី​ចិន​ក្នុង​ក្រអៅបេះដូង ជាពិសេស​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ចិន​យ៉ាង​ស្អិតល្មួត​ទៀត ដើម្បី​យកជ័យ​ជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​COVID-19 ក្នុងពេល​ឆាប់ៗ​នេះ​។​
 
«​ក្រោយពី​កម្ពុជា​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​(COVID-19) ភាគី​ចិន​បាន​ជំនួយសម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ជាច្រើន និង​បាន​ចាត់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​(​មក​កម្ពុជា​)​នេះ បាន​ជួយ​បង្កើន​ជំនឿ​ចិត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ជូន​ដល់​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ម ប៊ុនហេង​។​
 
​សារ​ធាតុគីមី​ប្រតិកម្ម (Detection Reagent) គឺជា​សារធាតុ​គីមី សម្រាប់​តាមដាន​រក​វត្តមាន​របស់​វីរុស​COVID-19​។ បើសិនជា​ដាក់​សារធាតុ​ប្រភេទ​នេះ ចូលទៅក្នុង​ឧបករណ៍​ធ្វើតេស្ត គេ​អាច​រកឃើញ​វីរុស​COVID-19 ក្នុង​រយៈពេល​១៥​នាទី ដែល​វា​លឿន​ជាង​ការប្រើប្រាស់​តេស្ត​ប្រភេទ Polymerase Chain Reaction ឬ PCR ដែល​ទាមទារ​ថវិកា និង​ពេលវេលា​ច្រើន​ក្នុងការ​តាមដាន​លទ្ធផល​។ ជាធម្មតា តេស្ត PCR ត្រូវការ​ប្រើប្រាស់​ពេល​ពី​៤ ទៅ​៦​ម៉ោង​ក្នុង​ការដឹង​វត្តមាន​នៃ​វីរុស​។ 
 
​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​៧​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​COVID-19 កាលពី​ថ្ងៃទី​២៣ មីនា​។ ក្រៅពីនេះ ចិន​ក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារ​ពេទ្យ​មួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(​ម៉ាស់​), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​។​
​គិត​ត្រឹម​ថ្ងៃទី​២៨ មីនា​នេះ កម្ពុជា មាន​អ្នកជំងឺ​COVID-19 ចំនួន​១០២​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​១៣​នាក់ ។ អ្នក​ទាំង​១៣​នោះ មាន​ជនជាតិខ្មែ​១១​នាក់ អង់គ្លេស​១​នាក់ និង​ចិន​១​នាក់​៕
 
 

Tag:
 COVID-19
  Jack Ma
© រក្សាសិទ្ធិដោយ thmeythmey.com