COVID-19
អន្តរជាតិ
ធ្លាប់រួចផុតពីរោគរាតត្បាតអេស្ប៉ាញ ពេលនេះ បុរសអ៊ីតាលីវ័យ១០១ឆ្នាំ សះស្បើយពី COVID-19
× បុរសអាយុ១០១ឆ្នាំ នៅក្រុង Rimini ប្រទេសអ៊ីតាលី បានត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយសះស្បើយពីជំងឺរាតត្បាត CVID-19។ បើយោងតាមការផ្សាយរបស់ Forbes នេះជាការរួចផុតជីវិតលើកទី២ពីជំងឺរាតត្បាត របស់ចំណាស់រូបនេះ ដោយគាត់ក៏ធ្លាប់រងគ្រោះដោយសារជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ផងដែរ ។
ព្យាបាលនៅមន្ទីរពេទ្យមួយក្នុងក្រុង Rimini បុរសវ័យ១០១ឆ្នាំ ដែលត្រូវបានពេទ្យហៅថា Mr. P បានក្លាយជាអ្នកជំងឺគំរូម្នាក់ ដែលប្រឹងប្រែងតទល់ជាមួយជំងឺរាតត្បាតសាកល COVID-19 ហើយក៏កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីតាលីផ្ទាល់។
Mr. P បានកើតកាលពីឆ្នាំ១៩១៩ នាអំឡុងនៃការរាតត្បាតជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ដែលបានឆ្លងដល់មនុស្សប្រមាណ៥០០លាននាក់ ឬ១/៣នៃប្រជាជនលើពិភពលោក ហើយក្នុងនោះ បានស្លាប់មនុស្សចន្លោះពី១៧ ទៅ៥០លាននាក់ រួមទាំងព្រះមហាក្សត្រអេស្ប៉ាញ Alfonso XIII ផងដែរ។
អភិបាលរងក្រុង Rimini លោកស្រី Gloria Lisi បានកោតសរសើរចំពោះការប្រឹងប្រែងរបស់អ្នកជំងឺដែលមានវ័យ១០១ឆ្នាំទៅហើយ។ «ករណីនេះ បានបង្រៀនយើងថា ទោះបីជាមានអាយុ១០១ឆ្នាំក៏ដោយ ក៏អនាគតមិនមានដែនកំណត់ឡើយ។ ការសះស្បើយដ៏អស្ចារ្យ ផ្តល់នូវក្តីសង្ឃឹមនាពេលអនាគត»។ លោកស្រីអភិបាលរងក្រុងបានគូសបញ្ជាក់យ៉ាងដូច្នេះ។
ក្រុង Rimini របស់អ៊ីតាលី មានករណីឆ្លង COVID-19 ប្រមាណ១២០០ករណី។ បើតាមវិទ្យាស្ថានជាតិសុខាភិបាលអ៊ីតាលី អ្នកស្លាប់៨៦ភាគរយនៅអ៊ីតាលី ជាអ្នកជំងឺអាយុជាង៧០ឆ្នាំ ដោយករណីរបស់ Mr. P ជារឿងដ៏កម្រ ប៉ុន្តែជាសារនៃក្តីសង្ឃឹម។
ក្រៅពី Mr. P អ្នកជំងឺវ័យចាស់ជ្រេមួយចំនួនទៀតដែលបានសះស្បើយពី COVID-19 មានដូចជាលោកយាយ Zhang Guangfen វ័យ១០៣ឆ្នាំនៅក្រុងវូហាន ប្រទេសចិន ស្ត្រីអ្នកជំងឺកូរ៉េខាងត្បូងវ័យ៩៧ឆ្នាំនៅក្រុង Cheongdo និងអ្នកជំងឺផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com