ភ្នំពេញ៖ កម្មករក្នុងវិស័យកាត់ដេរមួយចំនួន បានបង្ហាញក្តីបារម្ភចំពោះការឆ្លងកូវីដ-១៩ តែមិនហ៊ានឈប់ ព្រោះត្រូវការលុយដើម្បីចំណាយប្រចាំថ្ងៃ និងសងបំណុល។ ពួកគេ អះអាងថា បច្ចុប្បន្ន ពួកគេជិះឡានរួមគ្នា ធ្វើការរួមគ្នា និងស្ថិតនៅជិតៗគ្នា ដែលពិបាកគេចផុតពីការឆ្លង ប្រសិនបើមាននរណាម្នាក់មានផ្ទុកជំងឺនេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យសមាគមន៍រោងចក្រកាត់ដេរកម្ពុជា ស្នើកុំឲ្យមានការបារម្ភខ្លាំង ដ្បិតរោងចក្រនីមួយៗ មានវិធានការអនាម័យជាប្រចាំ ដោយបានគិតគូរជាអាទិភាពពីសុខភាពកម្មករ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
អង្គុយជុំគ្នានៅផ្ទះជាមួយគ្រួសារ បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួចហើយនោះ កញ្ញា ខៀវ រីយ៉ា កម្មការិនីរោងចក្រមួយនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានបង្ហាញការបារម្ភចំពោះលទ្ធភាពនៃការឆ្លងជំងឺកូវីដ-១៩ ស្របពេលដែលនាងទទួលបានព័ត៌មានស្ទើររៀងរាល់ថ្ងៃ ថាមានពលរដ្ឋខ្មែរទូទៅ ឆ្លងជំងឺនេះជាបន្តបន្ទាប់។
បើទោះបីរោងចក្ររបស់រីយ៉ាធ្វើការ ផ្តល់ម៉ាស អាល់កុលលាងដៃជាប្រចាំ តែនាងនៅតែភ័យខ្លាច ។ នាងរៀបរាប់មូលហេតុយ៉ាងដូច្នេះ៖
«នៅក្នុងរោងចក្រ មានអារម្មណ៍ថាមានសុវត្ថិភាព តែពេលចេញមកវិញមានអារម្មណ៍ភ័យ ព្រោះឮសូរល្បីអីចឹងៗ។ ពេលជិះឡានមានមនុស្សច្រើន៥០ ទៅ៦០នាក់ ហើយមានអ្នកខ្លះពាក់ម៉ាស តែខ្លះអត់ពាក់ទេ។ អ្នកធ្វើការជាមួយខ្ញុំ ក្តៅខ្លួនខ្ញុំតឿនគាត់ឲ្យទៅពេទ្យ តែគាត់អត់ទៅ។ ខ្ញុំខ្លាចឆ្លងដែរ ពាក់ម៉ាសរាល់ថ្ងៃ កន្លែងបងលក្ខណ៍អីពាក់ម៉ាសទាំងអស់ តែកន្លែងខ្ញុំខ្លះពាក់ តែខ្លះអត់ទេ»។
ខៀវ រីយ៉ា ដែលមានអាយុ២១ឆ្នាំ គឺជាកូនស្រីពៅក្នុងចំណោមបងប្អូន២នាក់។ រស់នៅជាមួយម្តាយទាំងជីវភាពខ្វះមុខខ្វះក្រោយ បច្ចុប្បន្ន នាងកំពុងជួបការលំបាកខ្លាំង ដ្បិតរោងចក្រនាងខ្វះកំណាត់ ដែលតម្រូវឲ្យកម្មករធ្វើការមិនទៀងទាត់ ពោល គឺថ្ងៃណាមានកំណាត់ទើបទៅធ្វើការ ឯថ្ងៃណាគ្មានកំណាត់ ក៏សម្រាកនៅផ្ទះ ដោយទទួលបានប្រាក់៥០ភាគរយ។ មិនខុសគ្នាប៉ុន្មានពីកម្មករផ្សេងទៀតនោះទេ រីយ៉ាទទួលបានប្រាក់ខែតិចជាងមុន ស្របពេលការចំណាយនៅដដែល ដូចជា កាយចាយវាយប្រចាំថ្ងៃ និងសងបំណុលធនាគារ។
និយាយដល់ចំណុចនេះ រីយ៉ាបានធ្លាក់ទឹកមុខបន្តិច ដ្បិតឃើញបុគ្គលិកធនាគារជិះម៉ូតូចូលផ្ទះរបស់នាង។ រីយ៉ា ដែលអង្គុយលើគ្រែក្រោមផ្ទះឈើ ដំបូលប្រក់ស័ង្គសី បានរៀបរាប់យ៉ាងដូច្នេះថា៖ «កាលមុន ថែមម៉ោងទៅបានប្រាក់ខែ៣០០ដុល្លារ តែឥឡូវបានតែ២៥០។ ខ្ញុំជំពាក់លុយគេ ដោយក្នុងមួយខែត្រូវបង់ធនាគារអស់១៤០។ បើនៅតែមានបញ្ហា ខ្ញុំអត់ដឹងរករបរអ្វីទេក្រៅពីរោងចក្រ»។
តាមពិតទៅ ការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩នេះ មិនមែនកើតឡើងតែសម្រាប់កម្មការិនីរីយ៉ាប៉ុណ្ណោះទេ អ្នកស្រី ញឹក ធារ៉ា កម្មការិនីរោងចក្រនៅរាជធានីភ្នំពេញ ក៏បង្ហាញការបារម្ភពីបញ្ហានេះដែរ។ ក្នុងវ័យ៣០ឆ្នាំ ស្ត្រីរូបនេះ កំពុងស្នាក់នៅជាមួយក្រុមគ្រួសារនៅភ្នំពេញ ដោយបានពាក់ម៉ាស និងអនុវត្តតាមការណែនាំរបស់រោងចក្រ។ ទោះបីអ្នកស្រីខ្លាចឆ្លងជំងឺដ៏សហាវនេះមែន តែក៏មិនចង់បាត់បាត់ការងារនោះទេ ព្រោះអ្នកស្រីត្រូវការចំណូលទៀងទាត់ ដើម្បីចំណាយលើការរស់នៅ និងសងបំណុលគេ។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយរួម ធ្វើការ៨ម៉ោង ខ្ញុំពាក់ម៉ាសរហូត។ ពេលដោះម៉ាសចេញ លុះត្រាតែពេលញាំទឹក។ រោងចក្រខ្ញុំមានការចែកម៉ាស និងមានអាល់កុលលាងដៃជាប្រចាំ»។
ទាក់ទងនឹងការភ័យខ្លាចរបស់កម្មកររោងចក្រ កាលពីថ្ងៃទី២៥ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មិនមានគម្រោងផ្អាករោងចក្រកាត់ដេរនៅកម្ពុជានោះទេ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កង្វះវត្ថុធាតុដើមពីប្រទេសចិន និងអ្នកបញ្ជាទិញពន្យារការនាំចេញ បានធ្វើឲ្យមានរោងចក្រចំនួន៥៥ បានផ្អាកបណ្ដោះអាសន្ន។ នេះបើតាមលោក កាំង ម៉ូនីកា អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC។
ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ អ្នកនាំពាក្យរូបនេះ អះអាងថា បើទោះបីរោងចក្រទាំងនោះបានផ្អាកបណ្តោះអាសន្នមែន តែកម្មករនៅតែទទួលបានប្រាក់ឈ្នួល៦០ភាគរយ នៃប្រាក់ឈ្នួលរបស់ពួកគេ ដោយក្នុងនោះនិយោគចេញ៤០ភាគរយ និង២០ភាគរយទៀត រដ្ឋាភិបាលជាអ្នកចេញ។
ចំណែកការព្រួយបារម្ភរបស់កម្មករ ចំពោះការឆ្លងជំងឺកូវីដ-១៩ លោក កាំង ម៉ូនីកា អះអាងថា បច្ចុប្បន្ន មិនទាន់មានកម្មករណាម្នាក់ឆ្លងជំងឺនេះនៅឡើយទេ។ យ៉ាងណា រោងចក្រកាត់ដេរបានគិតគូរពីសុខភាពកម្មករជាអាទិភាព និងបានចាត់វិធានការ ទាក់ទងនឹងជំងឺកូវីដ-១៩នេះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលរួចហើយ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា ទោះបីក្នុងកាលៈទេសធម្មតាក៏ដោយ វិធានការសុខភាព អនាម័យ សុវត្ថិភាពកម្មករនិយោជិត ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពហើយ ដោយអនុលោមតាមច្បាប់ការងារ តាមបទដ្ឋានអន្តរជាតិជាដើម។ ក្នុងនោះ មានការបង្កើតឡើងគណៈកម្មការអនាម័យ សុខភាព សុវត្ថិភាពការងារ ដើម្បីយកចិត្តទុកដាក់លើបងប្អូនកម្មករយើង។ ដោយឡែក ចំពោះមានករណីកូវីដបន្ថែមទៀត គឺយើងចាត់វិធានការបន្ថែមទៀតស្របតាមការណែនាំរបស់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល»។
នៅកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាងមួយពាន់ ដែលបានផ្តល់ការងារដល់កម្មករប្រមាណ៨១ម៉ឺននាក់។ បើសិនជាវិស័យវាយនភណ្ឌ ដែលជាវិស័យសំខាន់មានបញ្ហានោះ ប្រាកដណាស់ វានឹងប៉ះពាល់ដល់ជីវភាពកម្មករ និងគ្រួសារកម្មករសរុបប្រមាណ៣លាននាក់។
ទាក់ទងនឹងការបារម្ភរបស់កម្មករនេះ លោក អាត ធន់ ប្រធានសភាពការងារកម្ពុជា អះអាងថា បច្ចុប្បន្ន កម្មករកំពុងមានការលំបាក ព្រោះត្រូវចំណាយច្រើន ដូចជា ផ្ទះជួល ទឹកភ្លើង មធ្យោបាយធ្វើដំណើរ អាហារហូបចុក សងបំណុល និងចិញ្ចឹមគ្រួសារ។ លោកថា រដ្ឋាភិបាល គួរតែមានវិធានការឲ្យបានច្បាស់លាស់ ទាក់ទងនឹងបញ្ហានេះ។
លោកថ្លែងបែបនេះថា៖ «ក្នុងកាលៈទេសៈនេះគួរតែ មានមធ្យោបាយណា ដែលអាចជួយគាត់។ យ៉ាងហោចណាស់ក៏បាន៦០ភាគរយដែរ។ ៦០ភាគហ្នឹង អ្នកខ្លះមិនទាន់បានផង។ យកបានតែ៤០ភាគរយ។ ២០ភាគរយទៀតមិនទាន់យកបានពីខាងរដ្ឋាភិបាលនៅឡើយទេ។ ដូច្នេះ គាត់លំបាកណាស់។ អ៊ីចឹង រដ្ឋគួរតែមានប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីជួយដល់កម្មករ អ្នកដែលអត់ការងារធ្វើហ្នឹងតែម្តង ខ្ញុំគិតថាវាជារឿងល្អ»។
ទន្ទឹមនឹងបញ្ហាជីវភាពកម្មករ លោកអំពាវនាវឲ្យកម្មករថែរក្សាសុខភាពផ្ទាល់ខ្លួន ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានស្នើរោងចក្រផ្តល់ម៉ាសឲ្យកម្មករ និងមានឧបករណ៍ស្ទង់កម្តៅនៅក្នុងរោងចក្រ ព្រមទាំងមានអាល់កុល ឬជែលលាងដៃសម្លាប់មេរោគ សម្រាប់កម្មករ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕