COVID-19
បទសម្ភាសន៍
សង្គមជាតិ
អ្នក​ពិការភ្នែក ចង់​ឲ្យ​មាន​សារ​អប់រំ​ពី​វិធី​ការពារ​ខ្លួន​ពី​ការឆ្លង​កូ​វីដ​-១៩ ឲ្យ​ច្រើន
28, Mar 2020 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន សូ សៀម​សុខ​ឃីម ជា​ជនពិការភ្នែក​ទាំងសងខាង ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ចែករំលែក​ព័ត៌មាន​ពិត និង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​សម្ភារ​ការពារ​ខ្លួន​ឲ្យ​បាន​ច្រើន សម្រាប់​ជនពិការភ្នែក​។ ការស្នើសុំ​នេះ គឺ​ស្រប​ពេលដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កាន់តែច្រើន ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ មីនា មាន​មនុស្ស​ចំនួន ៩៦​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។  ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ការរក្សា​អនាម័យ និង​ពាក់​ម៉ាស់​នៅពេល​ចាំបាច់​។​


​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​យុវជន សូ សៀម​សុខ​ឃីម ជនពិការភ្នែក​ដូចតទៅ​៖ 



​យុវជន សូ សៀម​សុខ​ឃីម ជនពិការភ្នែក​ទាំងសងខាង និយាយថា​បញ្ហា​សម្រាប់​ជនពិការ គឺ​ការជួប​មនុស្ស​ដែល​មិន​ស្គាល់ ដែល​អាច​ចម្លង​មេរោគ ហើយ​ជនពិការភ្នែក​ក៏​ប្រើប្រាស់​ដៃ​សម្រាប់​ស្ទាប និង​កាន់​វត្ថុ​អ្វីមួយ​។ ដូច្នេះ​ការយល់ដឹង​ពី​វិធី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩  និង​ការទទួល​ព័ត៌មាន​ពិត​ជុំវិញ​ជំងឺ​រាតត្បាត​ជាស​កល​នេះ ពិតជា​សំខាន់​ណាស់​សម្រាប់​ជនពិការភ្នែក​។ នេះ​ជាការ​លើកឡើង​របស់ យុវជន សូ សៀម​សុខ​ឃីម ជនពិការភ្នែក​ទាំងសងខាង​។ យុវជន សុខ​ឃីម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«​ក្នុងនាម​ខ្ញុំ ជា​អ្នក​ពិការភ្នែក​ម្នាក់ ខ្ញុំ​គ្រាន់​មាន​សំណូមពរ​មួយចំនួន​។ ទី​១ មនុស្ស​ជុំវិញខ្លួន​គាត់ (​អ្នក​ពិការ​) គួរតែ​ចែករំលែក​ព័ត៌មាន​ពិត ព្រោះ​អ្នក​ពិការភ្នែក ចាំបាច់​ណាស់ ដើម្បី​ទទួលយក​ព័ត៌មាន​។ ទី​២ គួរតែ​បង្ហាត់បង្ហាញ​ពី​របៀបការ​ប្រើប្រាស់​សម្ភា​រ​នៅក្នុង​ការការពារ​ខ្លួន ដូច​ជាការ​លាងដៃ ការប្រើប្រាស់​អាល់កុល សាប៊ូ ការប្រើប្រាស់​ម៉ាស់​ជាដើម​»​។  ​ក្រៅពីនេះ យុវជន សុខ​ឃីម ក៏​ស្នើ​ឲ្យ​អ្នក​ដែលមាន​ពិការភាព​ភ្នែក តាមដាន​ព័ត៌មាន​ពី​ជំងឺ​កូ​វីដ -១៩ ឲ្យ​បានជា​ប់លាប់​ផងដែរ​។ 
 
«​ក្នុងស្ថានភាព​កូ​វីដ​១៩​នេះ សម្រាប់​ជនពិការ​ភាព​ផ្នែក​ភ្នែក ត្រូវមាន​កិច្ចការពារ​គឺ​ការធ្វើ​អនាម័យ​។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​លាងដៃ​នៅពេលដែល​ខ្ញុំ​កាន់​ទូរ​សព្ទ និង​កាន់​វត្ថុ​ផ្សេង​។ ខ្ញុំ​ពាក់​ម៉ាស់​នៅពេលដែល​ខ្ញុំ​ចេញ​ក្រៅ ហើយ​បើ​មិនចាំបាច់​ខ្ញុំ​មិន​ចេញ​ក្រៅ​ទេ​»​។ នេះ​ជាការ​រៀបរាប់​ពី​វិធី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ របស់ យុវជន សូ សៀម​សុខ​ឃីម​។ 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែមីនា កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ ចំនួន​៩៦​នាក់​ហើយ ក្នុងនោះ​មាន​១០​នាក់ បានជា​សះស្បើយ​៕
 
 

Tag:
 ពិការភ្នែក​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com