COVID-19
ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ៖​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​រៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ការលំបាក​ព​ល​រដ្ឋ ព្រោះ​COVID-19
29, Mar 2020 , 8:30 am        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា
លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់  រៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ការលំបាក​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត​ត្បត​នៃ​ជំងឺ​COVID-19​។ បើតាម​ធនាគារជាតិ លក្ខខណ្ឌ​មួយចំនួន ត្រូវមាន​ការកែសម្រួល​តាមរយៈ​ឥណទាន​រៀបចំ​ឡើងវិញ​។ នេះ​បើតាម​សេចក្តីណែនាំ​របស់​ធនាគា​រ​ជាតិ កាលពី​ថ្ងៃទី​២៧ មីនា​។​



«​ឥណទាន​រៀបចំ​ឡើងវិញ​» ជា​ឥណទាន​ដែល​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​ត្រូវបាន​កែប្រែ​ដោយ​ផ្តល់​ការអនុគ្រោះ​ដល់​អតិថិជន ដែល​ជួប​ស្ថានភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ជាក់ស្តែង និង​បណ្តោះអាសន្ន​។ នេះ​ជាការ​បញ្ជាក់​របស់​ធនា​គារ​ជាតិ​។​

​តាមរយៈ​ឥណទាន​រៀបចំ​ឡើងវិញ​នេះ ធនាគារជាតិ បានកំណត់​លក្ខខណ្ឌ​មួយចំនួន ដើម្បី​សម្រាល​បន្ទុក​ពលរដ្ឋ ដែល​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​COVID-19​។ លក្ខខណ្ឌ​អនុគ្រោះ​ទាំងនោះ​រួមមាន​១៖ ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន​,២៖ ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​, ៣៖ ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់​,៤៖ ការពន្យារ​ឥណទាន​ប្រតិ​ទាន​,៥៖ ការបន្ថែម និង​/​ឬ ការផ្លាស់ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន​, ៦៖ ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន​, ៧៖ ការលើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ,៨៖ ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង​ចុងក្រោយ​ការផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការទូទាត់​សង ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​

​ធនាគារជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​របស់​វីរុស​កូ​វីដ​១៩ ជាពិសេស​ដើម្បី​សម្រាល​បន្ទុក​ដល់​អ្នក​ខ្ចីប្រាក់​ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ចម្បង និង​មានការ​លំបាក​ក្នុងការ​ទូទាត់​សង ធនាគារជាតិ​នៃ​កម្ពុជា សម្រេច​ដាក់ឱ្យអនុវត្ត​នូវ​សារាចរ​រ​ណែនាំ​នេះ សំដៅ​ធានា​ការរៀបចំ​ឥណទាន​ឡើងវិញ ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ (​តទៅ​នេះ ហៅ​កាត់​ថា គ្រឹះស្ថាន​)​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​»​។​

​បើតាម​ធនាគារជាតិ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​ផ្ដល់ជូន​អតិថិជន​ដែល​ការទូទាត់​សង​ការប្រាក់ ឬ​/​និង​ប្រាក់​ដើម មិន​ហួស​កាលកំណត់​សង​លើសពី​៣០​ថ្ងៃ (​ប្រភេទ​ឥណទាន​ដំណើរការ​) និង​រំពឹងថា អតិថិជន​ជួបប្រទះ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ និង​ការទូទាត់​សង​តែ​ក្នុង​រយៈពេល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​វា​មាន​សុពលភាព​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។​

«​ការអនុគ្រោះ​សំដៅ​ដល់​លក្ខខណ្ឌ​ពិសេស​នៃ​កិច្ចសន្យា ដែល​គ្រឹះស្ថាន​ផ្ដល់​ដល់​អតិថិជន ដែលមាន​ជួប​ស្ថាន​ភាពលំបាក​ហិរញ្ញវត្ថុ​ជាក់ស្ដែង អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការបំពេញ​កាតព្វកិច្ច​ទូទាត់​សង​។ ការរៀបចំ​ឥណទាន​ឡើងវិញ ត្រូវធ្វើឡើង​ស្របតាម​គោលការណ៍​គ្រប់គ្រង​ហានិភ័យ​ប្រុងប្រយ័ត្ន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ធនា​គារ​ជាតិ​។​

​វិស័យ​ចំនួន​៤ ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​COVID-19 នេះ រួមមាន​៖ ទេសចរណ៍ (​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោ​ជ្ជ​នី​យ​ដ្ឋា​ន ដោយ​រាប់បញ្ចូល​ទាំង​ចំណីអាហារ ភេសជ្ជៈ និង​សេវាកម្ម​គាំទ្រ​ផ្សេងៗ​), កាត់ដេរ (​ដោយ​រាប់បញ្ចូល​ទាំង​និយោជិត​), សំណង់ (​ចំពោះតែ​ឥណទាន​សាងសង់​ផ្ទះ​/​ហាង​ដំបូង និង​ឥណទាន​ទិញ​ផ្ទះ​ដំបូង​) និង​ការដឹកជញ្ជូន (​ជាពិសេស អ្នកបើកបរ​តាក់ស៊ី និង​រ៉ឺម៉ក​កង់​បី​) និង​ឡូ​ជី​ស្ទីក​។ ដូច្នេះ​គ្រឹះស្ថាន​ធានា​គារ និង​ហិរញ្ញវត្ថុ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​អតិថិជន​នោ​ក្នុង​វិស័យ​ទាំងនេះ​។ នេះ​ជាការ​បន្ថែម​របស់​ធនា​គារ​ជាតិ​។​

​នា​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​៥៥ កាលពី​ថ្ងៃទី​៩ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ពន្យារ​ការបង់ និង​អត់​យកការប្រាក់​ពី​កម្មករ​រោងចក្រ ដែល​ព្យួរការងារ ដោយសារ​រោងចក្រ​បិទទ្វារ​បណ្ដោះអាសន្ន នៅ​គ្រា​ដែល​ចិន​ជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏​ធំ កំពុង​ប្រយុទ្ធប្រឆាំង​បញ្ហា​វីរុស COVID-19​។ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​

​មកដល់ពេលនេះ កម្ពុជា មាន​អ្នកជំងឺ​COVID-19 ជាង​១០០​នាក់​ហើយ ក្នុងនោះ​ជាសះស្បើយ​ជាង​១០​នាក់​៕


Tag:
 COVID-19
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com