COVID-19
ជាតិ
អ្នកជា​សះស្បើយ​៨​នាក់​ទៀត ខណៈ​អ្នក​វិជ្ជមាន​COVID-19 មានតែ​១​នាក់​ប៉ុណ្ណោះ នៅ​ថ្ងៃទី​២៩ មីនា​
29, Mar 2020 , 7:43 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ថែម​១​នាក់​ទៀត នៅ​ថ្ងៃទី​២៩ មីនា​នេះ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​៨​នាក់​ដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​។​



អ្នក​ផ្ទុក​ជំងឺ​COVID-19 ដែល​ក្រសួង​រកឃើញ​នេះ គឺជា​ស្ត្រី មាន​វ័យ​៣៦​ឆ្នាំ ដែល​បម្រើការ​ការងារ​នៅ​ស្ដា​ធី​វី (Star TV) រស់នៅ​ភូមិ​បា​លេ​ឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

​សម្រាប់​អ្នកជា​សះស្បើយ​៨​នាក់​វិញ គឺមាន​បុរស​ជនជាតិ​អង់គ្លេស​វ័យ​៧៣​ឆ្នាំ និង​ស្ត្រី​អង់គ្លេស​វ័យ​៦៩​ឆ្នាំ , បុរស​ជនជាតិ​បារាំង​វ័យ​៦៩​ឆ្នាំ , បុរស​ជនជាតិខ្មែរ​វ័យ​២៧​ឆ្នាំ និង​វ័យ​៦៣​ឆ្នាំ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​។​

​ចំណែក​បុរស​ជនជាតិខ្មែរ​វ័យ​៣០​ឆ្នាំ​នៅ​ខេត្តបាត់ដំបង និង​បុរស​វ័យ​៣០​ឆ្នាំ​នៅ​ខេត្តកំពង់ឆ្នាំង រួមទាំង​បុរស​វ័យ​៣៩​ឆ្នាំនៅព្រះវិហារ ដែលមាន​ផ្ទុក​COVID-19 ក្រោយពី​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​នោះ ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ដែរ​។

​សរុបមក​ដល់ពេលនេះ កម្ពុជា មាន​អ្នកជា​សះស្បើយ​២១​នាក់​ហើយ ខណៈ​អ្នកជំងឺ​COVID-19 មាន​ចំនួន​១០៣​នាក់​។ បច្ចុប្បន្ន មាន​អ្នកជំងឺ​COVID-19 កំពុង​សម្រាល​ព្យាបាល​៨២​នាក់​៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com