ជាតិ
សង្គមជាតិ
ជីវិត​និស្សិត​ខ្មែរ​នៅ​បរទេស អំឡុង​ពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​
29, Mar 2020 , 10:03 am        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ក្នុងខណៈ​ពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាលដាល​ជុំវិញ​ពិភពលោក និស្សិត​ខ្មែរ​ដែល​នៅ​បរទេស ក៏​ព្រួយបារម្ភ ពី​សុវត្ថិភាព​ផ្ទាល់ និង​សុខទុក្ខ​ក្រុមគ្រួសារ​នៅ ស្រុកកំណើត​ឯណេះ​ដែរ​។ ក្នុងអំឡុង​ពេលនេះ ពួកគេ​កំពុង​ស្ថិតនៅ​បន្ទប់​ដោយឡែក​នៅ​កន្លែង​ស្នាក់នៅ​របស់ខ្លួន ស្វ័យ​សិក្សា​។ ក្រៅពីនេះ ពួកគេ​ធ្វើ​លំ​ហាត់ប្រាណ ស្តាប់​តន្ត្រី និង​មើល​ភាពយន្ត ដើម្បី​កែ​អផ្សុក​។ ទាំងនេះ​គឺជា​ជីវិត​របស់​និស្សិត​ខ្មែរ ដែល​កំពុងស្នាក់នៅ​សិក្សា​នៅ​បរទេស​។​

 
​យុវតី ហ៊ុល ម៉ានីល ដែល​និស្សិត​ខ្មែរ​កំពុង​សិក្សា និង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​ព្រួយបារម្ភ​ណាស់​ពី​ការ​រាល​ជំងឺ​កូ​វីដ​-១៩​នេះ​។ ការ​រាលដាល​យ៉ាង​លឿន នៃ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​យុវតី​រូបនេះ សម្រេច​មិន​ត្រឡប់មក​កម្ពុជា​នោះទេ សុខចិត្ត​នៅក្នុង​បន្ទប់​ស្នាក់​នៅក្នុង​សាលា​ដោយឡែក​ពី​គេ ស្វ័យ​សិក្សា​ផង និង​ឆ្លៀតពេល​ធ្វើការ​ផង​។ និស្សិត ហ៊ុល ម៉ានីល រៀបរាប់​ដូច្នេះ​៖«​បើ​ខ្ញុំ​មក​ខ្មែរ​វិញ ខ្ញុំ​ព្រួយបារម្ភ​ពី​ការធ្វើដំណើរ​ទៅ​។ ទោះបី​ដល់​ខ្មែរ​វិញ ខ្ញុំ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​ខ្ញុំ​១៤​ថ្ងៃ ហើយ​ពេលមកដល់​ថៃ​វិញ ត្រូវ​នៅក្នុង​បន្ទប់​១៤​ថ្ងៃ​ដែរ​។ អ៊ីចឹង​វា​ត្រូវ​ចំណាយពេល​ច្រើន​មែនទែន​»​។​
  
 និស្សិត ហ៊ុល ម៉ានីល និស្សិត​កម្ពុជាសិក្សានៅប្រទេសថៃ 
​ដ្បិត​មិនបាន​ត្រឡប់មក​រស់នៅ​ជុំ​ឪពុកម្តាយ​នៅក្នុង​កាលទេស​នេះ​មែន ប៉ុន្តែ ម៉ានីល និង​គ្រួសារ​តែងតែ ខ​ល​រកគ្នា​តាម​ហ្វេ​ស​ប៊ុ​ក​រាល់ថ្ងៃ​។ និស្សិត​រូបនេះ​រៀបរាប់ថា​៖«​ពួកគាត់​តេ​មក​ខ្ញុំ​រាល់ថ្ងៃ ដោយ​ប្រាប់ថា​ឲ្យ​ខ្ញុំ​ប្រុងប្រយ័ត្ន​ផង ដោយសារតែ​គាត់​ដឹងថា​នៅ​ថៃ​នេះ មាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ច្រើនជាង​នៅ​ខ្មែរ គាត់​ក៏​បារម្ភ​ពី​ខ្ញុំ​។ ភាគច្រើន គាត់​ចូលចិត្ត​ផ្ញើ​ព័ត៌មាន​ឲ្យ​ខ្ញុំ ដោយ​ផ្តែផ្តាំ​មក​ខ្ញុំ​ថា កុំ​ដើរលេង កុំទៅ​កន្លែង​ណា​ដែលមាន​មនុស្ស​ច្រើន និង​កុំទៅ​ប៉ះ​អ្វីដែល​អាច​នឹង​ងាយ​ឆ្លង​លឿន និង​ឲ្យ​ពាក់​ម៉ាស់ ការពារ​»​។​
 
 
សកម្មភាពរបស់លោក ពិដោរ លីដែត និស្សិត​កម្ពុជាកំពុងតែបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនវានុវត្តធុរកិច្ច និងសហគ្រិនភាពនៅចក្រភពអង់គ្លេស ដែលកំពុងតែ​ស្វ័យសិក្សានៅ​ក្នុង​បន្ទប់
 
​និស្សិត​ខ្មែរ​មួយរូប​ទៀត គឺ​លោក ពិដោរ លី​ដែ​ត ដែល​ទើបតែ​ទៅ​បន្ត​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស បាន​កន្លះ​ឆ្នាំ ក៏​កំពុង​បារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន អំឡុងពេល​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះដែរ​។ លី​ដែ​ត ដែលមាន​ឪពុកម្តាយ​វ័យចាស់ៗ ផង​នោះ តែង​វីដេអូ​ខ​ល​ជាប្រចាំ​ដើម្បី​សួរសុខទុក្ខ​គ្នា​។ និស្សិត ពិដោរ លី​ដែ​ត បន្ត​៖«​ខ្ញុំ​ជជែក​ជាមួយនឹង​ក្រុមគ្រួសារ​តាម​ទូរ​សព្ទ និង​វីដេអូ​ខ​ល ដើម្បី​កាត់បន្ថយ​ការ​នឹករលឹក ពី​ក្រុមគ្រួសារ និង​ជជែក​ជាមួយ​និស្សិត​ដែល​សិក្សា​ជាមួយគ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»​។​
 
​លោក វណ្ណ ប៉ុនណា ជា​និស្សិត​កម្ពុជា​ម្នាក់ទៀត ដែល​កំពុង​សិក្សា​នៅឯ​ប្រទេស​ឥណ្ឌា​។ ប៉ុនណា រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​មាន​ក្តី​នឹករលឹក​ទៅ​ក្រុមគ្រួសារ​ជា​ពន់ពេក ដោយសារតែ​រូបគេ បាន​ចាក​ចេញទៅ​បន្ត​ការសិក្សា​រយៈពេល​មួយឆ្នាំ​មកហើយ​។ នៅពេលដែល​ជំងឺ​កូ​វីដ​-១៩ នេះ​កំពុងតែ​រាលដាល​កាន់តែខ្លាំង​ឡើង​ទៀត ក៏​រឹតតែ​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​ពី​ក្រុមគ្រួសារ​មួយកម្រិត​ទៀត​។ និស្សិត​រូបនេះ ថ្លែង​ដូច្នេះ​៖«​បារម្ភ ខ្ញុំ​ចេះតែ​បារម្ភ​ហើយ តែបើ​ឲ្យ​ភ័យខ្លាច​ខ្ញុំ​អត់​សូវ​ភ័យ​ទេ​។ ខ្ញុំ​ភ័យ​ទៅលើ​ក្រុមគ្រួសារ​ខ្ញុំ ហើយ​អ្នកផ្ទះ​ក៏​បារម្ភ​ពី​ខ្ញុំ​ដែរ​។ ទោះបី​ខ្ញុំ​រៀន​ដល់​ណា ក៏​ពួកគាត់​តែងតែ​បារម្ភ​ពី​ខ្ញុំ​ដែរ ហើយ​ណាមួយ​ដោយសារតែ​ពួកគាត់​បាន​ស្តាប់​ព័ត៌មាន​ទាក់ទង​នឹង​កូ​វីដ​-១៩ ជួនណា​ព័ត៌មាន​វា​ក្លែងក្លាយ​ទៀត គឺ​រឹតតែ​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ភ័យ​ខ្លាំង​»​។ 
 
​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល សាលា​ក៏​ផ្អាក​បណ្តោះអាសន្ន​។ ដូច្នេះ​និស្សិត​ខ្មែរ​ទាំងនេះ ក៏ដូចជា​និស្សិត​ដទៃទៀត ត្រូវតម្រូវ​ឲ្យ​នៅ​ស្នាក់​នៅក្នុង​បន្ទប់​រៀងៗ​ខ្លួន និង​ត្រូវ​ស្វ័យ​សិក្សា​វិញ រួមទាំង​ការសិក្សា​តាម​អន​ឡាញ​ផង​។​
 
 
 សកម្មភាពរបស់លោក វណ្ណ ប៉ុនណា និស្សិតកម្ពុជា​សិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ​នៅប្រទេសឥណ្ឌា ដែលកំពុង​ស្រាវជ្រាវ និង​ស្វ័យសិក្សានៅក្នុងបន្ទប់​ 
 
​សម្រាប់ និស្សិត វណ្ណ ប៉ុនណា ក្រៅពី​សិក្សា ស្រាវជ្រាវ​មេរៀន​ដែល​គ្រូ​ដាក់​ឲ្យ លោក ក៏​ចំណាយ​ព​លេ​ខ្លះ​ធ្វើ​លំ​ហាត់ប្រាណ​នៅក្នុង​បន្ទប់​ផងដែរ ដើម្បី​បំបាត់​ភាព​អផ្សុក​ផង និង​ពង្រឹង​សុខភាព​របស់ខ្លួន​។​
 
​ដោយឡែក លី​ដែ​ត វិញ ក្រៅពី​សិក្សា​នៅក្នុង​បន្ទប់ រូបគេ​ស្តាប់​តន្ត្រី និង​មើល​ភាពយន្ត ដើម្បី​បំបាត់​អផ្សុក​។ ជាមួយគ្នានេះ រូបគេ​ត្រូវ​ចេញទៅ​ក្រៅ​រៀងរាល់​មួយអាទិត្យ​ម្តង ដើម្បី​ទិញ​ម្ហូបអាហារ​។ លី​ដែ​ត ប្រាប់​ដូច្នេះ​ថា​៖«​នៅ​នេះ​អាច​ចេញទៅ​ទិញ​ម្ហូប​បាន ដោយសារតែ​នៅ​នេះ គេ​បិទ​តែ​សាលារៀន​ទូទៅ​ផ្សេងៗ តែ​នៅតាម Mart កន្លែង​លក់​អាហារ នៅ​គ្លីនិក និង​មន្ទីរពេទ្យ​អី គឺ​នៅតែ​បើក​ដំណើរ​ដដែល​។ ពេល​ខ្ញុំ​ចេញទៅ​ក្រៅ​អី គឺ​ខ្ញុំ​ចេញ​តែ​ទៅ​ទិញ​ម្ហូប​ទេ សម្រាប់​ទុក​ញុំ​ាំ​៥ ទៅ​៦​ថ្ងៃ​។ ដោយសារតែ​កន្លែង​ខ្ញុំ​នៅ​នេះ និង​សាលារៀន និង​កន្លែង​ហូប​អី គឺ​អំណោយផល ដោយ​គ្រាន់តែ​ដើរ​តែ​១០​នាទី​អី គឺ​ដល់​ហើយ​»​។​
 
 
 លោក លី រតនា និស្សិត​កម្ពុជាដែលកំពុងតែសិក្សានៅ​ប្រទេសបារាំង
 
​រីឯ​និស្សិត​ខ្មែរ​ម្នាក់ទៀត​ដែល​សិក្សា​នៅ​ប្រទេស​បារាំង គឺ​លោក លី រតនា ក៏​មិន​ខុសគ្នា​ពី​និស្សិត​ទាំង​៣​នាក់​ខាងលើ​ដែលមាន​ក្តីបារម្ភ​ពី​ការដើរ​ចេញទៅ​ក្រៅ និង​ព្រួយបារម្ភ​ពី​ក្រុមគ្រួសារ​ដែល​នៅ​ឆ្ងាយ​ដែរ​។ ទើបតែ​បន្ត​សិក្សា​នៅ​ប្រទេស​បារាំង​បានតែ​មួយឆ្នាំ លោក លី រតនា  ត្រូវ​មក​ស​ម្ញំ​ខ្លួន​នៅក្នុង​បន្ទប់​តែម្នាក់ឯង ដើម្បី​ស្រាវជ្រាវ និង​សិក្សា​តាម​អ៊ីនធឺណិត​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​កន្លះ​ខែ​មកហើយ ដែល​លោក​មិនអាច​ដើរទៅ​ណា​ឆ្ងាយ​ក្រៅពី​ទៅ​ផ្សា​រទិញ​ម្ហូប​សម្រាប់​ទុក​ហូប​រយៈពេល​មួយ​សប្តាហ៍​ម្តង​។ លោក លី រតនា​បាន​បញ្ជាក់ថា រាល់​ដំណើរ​ចេញចូល​ទាំងអស់​គឺ​ត្រូវសុំ​ការអនុញ្ញាត​ពី​តំបន់​ដែល​ខ្លួន​រស់នៅ​ជាមុនសិន ទើប​អាច​ចេញទៅ​ក្រៅ​បាន​។​
 
«​គេ​កំណត់​អ្នកធ្វើដំណើរ​របស់​យើង​ដែរ អ៊ីចឹង​មាន​អារម្មណ៍​ថា​ខ្លួនឯង​ដូច​ត្រូវបាន​គេ​ឃុំឃាំង​អ៊ីចឹង​។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ខ្លួនឯង​នៅក្នុង​គុក​អ៊ីចឹង​ដែរ ប៉ុន្តែ​វា​នៅតែ​អាច​ចេញ​ទៅណា​បាន​ខ្លះ​ដែរ ទាល់តែ​មានការ​ចាំបាច់​ដែរ​បាន​អាច​ចេញទៅ​កើត ហើយ​ពេលចេញ​ហ្នឹង​ក៏ត្រូវ​មាន​សរសេរ​លិខិត​សុំ​ការអនុញ្ញាត​ជាមុនសិន​ដែរ​។ ខ្ញុំ​គិតថា​មិនមែន​តែ​ខ្ញុំ​ទេ​ដែល​នៅតែ​ក្នុង​បន្ទប់ ពលរដ្ឋ​ជាច្រើន​ទូទាំងប្រទេស​ដទៃទៀត​ក៏​អ៊ីចឹង​ដែរ​»
 
​គូរ​កត់សម្គាល់ថា កម្ពុជា បាន​រកឃើញ​អ្នក​ផ្ទុក​កាន់តែ​ច្រើនឡើងៗ ដែល​សុទ្ធសឹងតែ​ជា​ករណី​នាំចូល លើកលែងតែ​បុរស​ខ្មែរ​ម្នា​ក់នៅ​ខេត្តសៀមរាប ដែល​បាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន​។ រកឃើញ​អ្នក​ឆ្លង​កើន តែ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ ក៏មាន​កំណើន​ឡើង​ដែរ​។ ហើយ​នៅ​កម្ពុជា មិនទាន់មាន​ករណី​ស្លាប់​ដោយសារ ជំងឺ​កូ​វីដ​-១៩​នេះ​នៅឡើយ គិត​ត្រឹម​ថ្ងៃទី ២៨ ខែមីនា​នេះ​៕
 
 



Tag:
 ​និស្សិត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com