ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
កញ្ញា ញឹម សូ​រី​ដា​៖ ការច្នៃ​បង្កើត​ផលិតផល​ផ្ទាល់ខ្លួន​ពិបាក និង​ត្រូវការ​ពេល តែ​វា​មានតម្លៃ​
29, Mar 2020 , 10:45 am        
រូបភាព
 ​បន្ទាយមានជ័យ​៖ កញ្ញា ញឹម សូ​រី​ដា កំពុង​ខ្នះខ្នែង​ផលិត​ផលិតផល​ថែរក្សា​ស្បែក និង​ព្យាបាល​សក់​តាមបែប​ធម្មជាតិ ដែល​ភាគច្រើន​ប្រើ​ជាដើម​ឈើ និង​រុក្ខជាតិ​ដែល​នៅ​ជុំវិញ​ផ្ទះ ដូចជា​បណ្តូល​ពេជ្រ ស្លឹក​ក្រូចសើច ស្លឹក​ក្រពុលបាយ ស្លឹក​វល្លិ​យាវ និង​រុក្ខជាតិ​មួយចំនួនទៀត​។ ផ្តើមចេញពី​ការផលិត​សម្រាប់​ប្រើប្រាស់​នៅក្នុង​ក្រុមគ្រួសារ កញ្ញា ញឹម សូ​រី​ដា បាន​ពង្រីក​ការផលិត​ពី​ប្រេងលាបសក់​បំបាត់​អង្កែ រហូតដល់​មាន​ផលិតផល​ជិត​១០​មុខ ក្រោម​យីហោ De Lutosia និង បុរាណ​ឃែ​រ ត្រឹមតែ​១​ឆ្នាំ ដោយសារ​ការជំរុញ​ពី​មិត្តភក្តិ និង​សំឡឹង​ឃើញ​ឱកាស​ការផលិត​ក្នុងស្រុក​។


 
 ​បច្ចុប្បន្ន សិប្បកម្ម​ដោយ​ដៃ De Lutosia មាន​ផលិតផល​ដូចជា​សាប៊ូ​ដុស​មុខ ដុស​ខ្លួន សាប៊ូកក់សក់ ប្រេងលាបសក់ សេរ៉ូម​លាបមុខ​ផ្សំ​ពី​សំបុក​ដង្កូវនាង ឡេ​លាប​ខ្លួន ក្រែ​ម​បំបាត់​អង្កែ ប្រេង​ព្យាបាល​សក់​ជ្រុះ និង​ទឹក​អាល់កុល​លាងដៃ​ជាដើម​។ កញ្ញា ញឹម សូ​រី​ដា ដែលជា​ម្ចាស់​សិប្បកម្ម និង​ជា​អ្នក​ផលិត​ដោយផ្ទាល់ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ចាប់​ផ្តើមដំបូង ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​វា​សម្រាប់​ប្រើប្រាស់​ខ្លួនឯង នៅក្នុង​ក្រុមគ្រួសារ ដោយសារ​ខ្ញុំ​គិតថា អត់​ទៅធ្វើ​ការ អីចឹង​ហោចណាស់​ក៏​យើង​កាត់បន្ថយ​ចំណាយបាន​មួយ​ភាគ​ធំ​ដែរ​។ ប៉ុន្តែ​ដល់ពេល​ធ្វើបាន​ហើយ ក៏​ចែក​ទៅ​មិត្តភក្តិ​ប្រើ​។ គាត់​ប្រើ​ហើយ​វា​ត្រូវ​។ អ្នកខ្លះ​ដែល​គាត់​មាន​បញ្ហា មាន​អង្គែ ឬ​សក់​ជ្រុះ​អីហ្នឹង​គាត់​ប្រើ​ត្រូវ គាត់​ក៏​ចេះតែ​លើកទឹកចិត្ត​ថា កុំ​ឈប់ ធ្វើ​ទៀត​ទៅ ព្រោះ​យើង​កម្រ​មាន​អ្នក​ដែល​ធ្វើ​រឿង​អស់ហ្នឹង​ណាស់ អីចឹង​បើ​បានធ្វើ​ហើយ បន្តធ្វើ​វា​ឲ្យ​ល្អ​ជាង​មុន​ទៅ​»​។​
 
​ការផលិត​របស់ De Lutosia ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩ ដោយ​កញ្ញា ញឹម សូ​រី បាន​យក​ផ្ទះ​ស្រុកកំណើត​មួយ​ល្វែង​ខាងក្រោម ធ្វើជា​កន្លែង​ផលិត វេច​ខ្ចប់ និង​ទុកដាក់​វត្ថុធាតុដើម​ផ្សេងៗ សម្រាប់​ការផលិត​។ វា​ជា​ចាប់ផ្តើម​មួយ​ដ៏​ថ្មី​សន្លាង សម្រាប់​កញ្ញា សូ​រី​ដា​ដែល​ធ្លាប់​ឆ្លងកាត់​ការងារ​ជា​គ្រូបង្រៀន បុគ្គលិក​អង្គការ និ​ង៊​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯកជន​នោះ​។ កញ្ញា បាន​រំឭកថា ការវិល​មក​ស្រុកកំណើត ធ្វើ​កិច្ច​ការដែល​ជួយ​ដល់​សហគមន៍​វិញ គឺជា​ក្តី​ស្រមៃ​តាំងតែ​ពី​តូច​របស់ខ្លួន​។ 
 
​សហគ្រិន​វ័យ​៤០​ឆ្នាំ​រូបនេះ រៀបរាប់ថា​៖«​វា​ជា​ក្តី​ស្រមៃ​ពី​តូ​ចមក គឺ​តែងតែ​គិតថា​ចង់​ធ្វើ​ស្អី​មួយ នៅក្នុង​ស្រុកភូមិ​របស់​យើង​។ ខ្ញុំ​ធ្លាប់​អាន​ចំ​សៀវភៅ​មួយ​ក្បាល គេ​និយាយថា មនុស្ស​សំណាង​ជាងគេ គឺ​អ្នក​ដែល​អាចមក​ស្លាប់​នៅលើ​ដី​កេរ​ឪពុក​។ តាមពិត​នៅទីនេះ មិនមែន​ស្រុកកំណើត​របស់​ឪពុកម្តាយ​ខ្ញុំ​ទេ​។ ប៉ា​ខ្ញុំ​អ្នក​កំពង់ចាម​។ ម្តាយ​ខ្ញុំ​អ្នក​ភ្នំពេញ​។ ក៏ប៉ុន្តែ​ខ្ញុំ​គិតថា ខ្ញុំ​កើត ធំធាត់​នៅ​ហ្នឹង អីចឹង​វា​ជា​រឿង​ល្អ ដែល​យើង​អាច​ត្រឡប់មក​ស្រុកភូមិ​របស់​យើង ជាពិសេស​អភិវឌ្ឍន៍ នៅក្នុង​ស្រុកភូមិ​របស់​យើង​»​។ នេះ​ជាការ​រៀបរាប់​របស់ កញ្ញា ញឹម សូ​រី​ដា​។​
 
​រំភើប និង​មាន​មោទកភាព ដែល​អាច​ផលិត​របស់​ប្រើប្រាស់​ដោយ​ខ្លួនឯង​
 
​ការស្រាវជ្រាវ និង​ច្នៃ​បង្កើត​ផលិតផល​មួយ​ដោយ​ខ្លួនឯង មិនមែនជា​រឿង​ងាយស្រួល​នោះ​ឡើង ដ្បិត​កញ្ញា មិន​ធ្លាប់​ប្រឡូក​នឹង​ការងារ​ផលិតកម្ម​ដោយ​ដៃ​ដូច្នេះ​។ កញ្ញា ចេះ​ធ្វើ​ផលិតផល​ថែរក្សា​សម្ផស្ស​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​មួយ ដែល​កញ្ញា បាន​រៀន​នៅ​ប្រទេស​ថៃ និង​រៀន​ពី​មិត្តភក្តិ​ដែលជា​ជនជាតិ​ថៃ អំឡុងពេល​ឈប់​ធ្វើការ និង​វិល​មក​រស់នៅ​ស្រុកកំណើត​វិញ​។ ក្រៅពីនេះ ចំណេះដឹង​អំពី​ការផលិត និង​ការច្នៃប្រឌិត​ផ្សេងៗ​ទៀត គឺ​បាន​ពី​ការអាន សិក្សា​ស្រាវជ្រាវ​បន្ថែម និង​អភិវឌ្ឍន៍​រូបមន្ត​ផ្ទាល់ខ្លួន តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​
 
​កញ្ញា ញឹម សូ​រី​ដា អះអាង​ដូច្នេះ​៖ «​ខ្ញុំ​រៀន តាមរយៈ​ការអនុវត្ត​។ ខ្ញុំ​រៀន​ពី​កំហុស​។ ខ្ញុំ​ព្យាយាម​បង្កើត​កំហុស ដើម្បី​ឲ្យ​ដឹងថា​តើ ខ្ញុំ​អាចធ្វើ​យ៉ាងម៉េច ដើម្បី​រក​ត្រូវ​។ អីចឹង​ផលិតផល​មួយៗ ទម្រាំ​ចេញ​ជាង​រូបរាង​ហ្នឹង គឺ​ខុស​ច្រើនដង​។ ខ្ញុំ​រៀន​ពី​គេ​ដែរ តាម​អន​ឡាញ ក៏ប៉ុន្តែ​នៅពេលដែល​ខ្ញុំ រៀន​មូលដ្ឋាន​ហ្នឹងហើយ ខ្ញុំ​អត់​យក​អាហ្នឹង​មក​ធ្វើ​ទេ​។ នៅពេលដែល​ខ្ញុំ​យល់​មូលដ្ឋាន​ហើយ ខ្ញុំ​ព្យាយាម​បង្កើត​រូបមន្ត​ថ្មី​របស់​សាប៊ូ ដែលមាន​រូបមន្ត​ផ្សេងៗ​គ្នា​»​។​
 
​សម្រាប់​កញ្ញា ញឹម សូ​រី​ដា នៅពេលដែល​កញ្ញា អាច​ផលិត​ផលិតផល​មួយ​មុខៗ បាន​ជោគជ័យ កញ្ញា រំភើប និង​មោទកភាព​ជាខ្លាំង​។ «​ចាប់ផ្តើម​ធ្វើ​ផលិតផល​ដំបូង ខ្ញុំ​សប្បាយ​មែនទែន រំភើប​ខ្លាំង​ដែល​អាច​ធ្វើបាន ព្រោះ​ពេលខ្លះ យើង​គិតថា​យើង​បាន​ប៉ុណ្ណេះ​ដែរ យើង​ធ្លាប់​ធ្វើការ​ប្រាក់ខែ​ច្រើន ប៉ុន្តែ​នៅពេល​យើង​មក​ធ្វើ​អ្វីមួយ​ខ្លួនឯង ចេញពី​ដៃ​ខ្លួនឯង វា​អារម្មណ៍​ខុសគ្នា​»​។ 
 
​ការផលិត​ក្នុងស្រុក មិនទាន់​សម្បូរ តែ​កញ្ញា សូ​រី​ដា ចាត់ទុកថា​វា​ជា​ឱកាស​សម្រាប់​បញ្ចេញថ្វីដៃ​
 
​តម្លៃ និង​ទីផ្សារ នៃ​ផលិតផល​ក្នុងស្រុក ពិបាក​ប្រជែង​ផលិតផល​នាំចូល​។ នៅពេល​អ្នក​ផលិត​នៅក្នុង​ស្រុក នៅមានកម្រិត​តិច​នៅឡើយ ការចែករំលែក​ចំណេះដឹង បច្ចេកទេស និង​បទពិសោធន៍ ក៏​នៅ​ស្តួចស្តើង​ដែរ​។ ហើយ​ទន្ទឹមនឹងនោះ ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​ពាក់ព័ន្ធ​នឹង​ខ្សែចង្វាក់​ផលិតកម្ម​ក៏​នៅ​ខ្វះខាត​ច្រើន​។ ទាំងអស់នេះ គឺជា​បញ្ហា​ចម្បង​មួយ ដែល​អ្នក​ផលិត​ក្នុងស្រុក​កំពុង​ជួបប្រទះ​។ នេះ​គឺជា​រឿង​ដែល​អ្នក​ផលិត​គ្រប់រូប​ពិបាក​ប្រកែក​។ កញ្ញា ញឹម សូ​រី​ដា ក៏​ទទួលស្គាល់​ដូច្នេះ​ដែរ ក៏ប៉ុន្តែ កញ្ញា សូ​រី​ដា បែរជា​ចាត់ទុក​បញ្ហា​ទាំងអស់ ថា​ជា​ឱកាស​សម្រាប់​អ្នក​ផលិត​ក្នុងស្រុក បញ្ចេញថ្វីដៃ​ទៅវិញ​។ 
 
​កញ្ញា​រៀបរាប់​ដូច្នេះ​៖ «​ខ្ញុំ​ចង់​ឲ្យ​មាន​ការផលិត​ក្នុងស្រុក​កាន់តែច្រើន អីចឹង​បានជា​ពេលដែល​ខ្ញុំ​ចាប់​ផ្តើមធ្វើ បើសិនជា​សួរថា​តើ​ខ្ញុំ​ទៅ​ប្រកួតប្រជែង​ជាមួយ​គេ​បាន​អត​? វា​ប្រាកដជា​មានការ​ប្រកួត​ប្រជែង ប៉ុន្តែ​គំនិត​ដំបូង ដែល​ខ្ញុំ​ចាប់​ផ្តើមធ្វើ គឺ​ខ្ញុំ​យល់ថា យើង​ទៅ​បំពេញ​ចន្លោះ​ទីផ្សារ​ខ្វះខាត​ដែល​យើង​អត់​ទាន់​មាន​។ ទី​២ គឺ​យើង​អាចជា​គំរូ ទៅ ឲ្យ​អ្នកផ្សេង​ដែល​គាត់​ចង់​ធ្វើ​ឲ្យ​គាត់​ធ្វើ​ដែរ​។ អីចឹង​បើសិនជា​អ្វីដែល​យើង​ធ្វើ អាច​ឲ្យ​អ្នកផ្សេង​គាត់​ធ្វើ​អីចឹង​ដែរ អីចឹង​នឹងមាន​អ្នកធ្វើ​កាន់តែច្រើន​។ មាន​អ្នកធ្វើ​កាន់តែច្រើន ខ្ញុំ​ជឿថា យើង​អាចធ្វើ​ល្អ​ជាង​មុន​»​។​
 
​នៅក្នុង​កាលៈទេសៈ​នេះ កញ្ញា ញឹម សូ​រី​ដា លើកទឹកចិត្ត​ដល់​អ្នក​ដែលមាន​ចំណេះដឹង និង​ចង់​ផលិត ឬ​បង្កើត​អ្វីមួយ ជា​ស្នាដៃ​របស់​កូន​ខ្មែរ ឲ្យ​ពួកគាត់​ចាប់​ផ្តើមធ្វើ ដើម្បី​ធ្វើជា​គំ​រូប​សម្រាប់​អ្នកជំនាន់ក្រោយ​ផង និង​រួមចំណែក​ដល់​ការផលិត​ក្នុងស្រុក ឲ្យ​បាន​កាន់តែច្រើន​ផង​៕
 









 

© រក្សាសិទ្ធិដោយ thmeythmey.com