COVID-19
ជាតិ
សង្គមជាតិ
អ្នក​រកចំណូលបាន​មួយថ្ងៃ​ចាយ​មួយថ្ងៃ ខ្លាច​«​ដាច់ពោះ​ស្លាប់​» ជាង​COVID-19
29, Mar 2020 , 11:29 am        
រូបភាព
​ភ្នំពេញ​៖ ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩(COVID-19) នៅ​កម្ពុជា បានធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ឬ អ្នក​ប្រកបមុខរបរ​តូច​-​ធំ​មួយចំនួន បង្ខំចិត្ត​ផ្អាក​ដំណើរការ​រកស៊ី​ខ្លួន ព្រោះតែ​ឥទ្ធិពល​នៃ​ការឆ្លង​មេរោគ​នេះ​។ សម្រាប់​អ្នក​ដែល​រកចំណូលបាន​មួយថ្ងៃ​សម្រាប់​ចាយ​តែមួយ​ថ្ងៃ កំពុង​ព្រួយបារម្ភ​ជាខ្លាំង នូវ​ការ​ដាច់​ស្បៀងអាហារ​ប្រចាំថ្ងៃ ដោយសារ​បាត់​ចំណូល​ទាំងស្រុង ខណៈ​ទំនិញ​ឡើងថ្លៃ លើស​ទ្វេដង​ទៀត​។ ពួកគេ​កំពុង​បារម្ភ​ខ្លាច​ដាច់ពោះ​ស្លាប់ ជាង​កូ​វីដ​១៩​។ 

​អ្នកស្រី ជួន ហៀ​ត ជា​អ្នក​ពិការភ្នែក​ម្នាក់​ប្រកបមុខរបរ​ម៉ាស្សា​មួយកន្លែង នៅ​ខេត្តបាត់ដំបង បាន​បិទ​អាជីវកម្ម​របស់ខ្លួន​អស់​រយៈពេល​មួយ​សប្តាហ៍​មកហើយ ដោយសារតែ​ឥទ្ធិពល​រាតត្បាត​ខ្លាំង​នៃ​មេរោគ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​អតិថិជន​មិន​ហ៊ាន​រក​សេវា​ម៉ាស្សា​នេះ​។ បើតាម​អ្នកស្រី ហៀ​ត ក្រៅពី​រក​ចំណូល​ប្រចាំថ្ងៃ តាមរយៈ​មុខរបរ​ម៉ាស្សា​នេះ គឺ​គ្មាន​ប្រភព​ចំណូល​អ្វី​ទៀតឡើយ សម្រាប់​ផ្គត់​ផ្គង​ជីវភាព​គ្រួសារ ដែលមាន​ស្វាមី​ជា​ជនពិការភ្នែក​ទាំង​គូ​ដូចគ្នា និង​កូនស្រី​២​នាក់​អាយុ​ក្រោម​១០​ឆ្នាំ​ក្នុងបន្ទុក​។ 
 
​ស្ត្រី​ពិការភ្នែក​រូបនេះ បាន​រៀបរាប់ថា កន្លងមក​មុខរបរ​ម៉ាស្សា​នេះ អ្នកស្រី​រកប្រាក់​បាន​មួយថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បាន​គ្រប់​មួយថ្ងៃ ដោយ​គ្មាន​សល់​ប្រាក់​អ្វី​ច្រើន​សម្រាប់​ទុក​ចំណាយ​ប្រចាំថ្ងៃ ខណៈ​សមាជិកគ្រួសារ​នៅផ្ទះ មិនអាច​រក​អ្វី​បាន​។ ដកដង្ហើម​ធំ​អស់​មួយសន្ទុះ អ្នកស្រី ជួន ហៀ​ត និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ថា ចាប់តាំងពី​ផ្អាក​ដំណើរការ​នូវ​មុខរបរ​ម៉ាស្សា​មកដល់ពេលនេះ គ្រួសារ​អ្នកស្រី​ទាំងមូល​គ្មាន​រក​ចំណូល​អ្វី​បាន​សូម្បី​តែមួយ​រៀល​។ 
 
​អ្នកស្រី ជន ហៀ​ត បាន​បន្ត​ដូច្នេះ​ថា​៖« ខ្ញុំ​ពិបាក​! យើង​រកបាន​មួយថ្ងៃ ផ្គត់ផ្គង់​មួយថ្ងៃ​។ ដល់ពេល​យើង​រក​អត់​បាន​ចឹ​ង មានតែ​រក​ខ្ចី​(​ប្រាក់​) ពី​បងប្អូន អ្នកជិតខាង សម្រាប់​ចាយ​សិន ទម្រាំ​តែ​យើង​រកប្រាក់​បាន​វិញ​»​។  បើតាម​សម្តី​របស់​ស្ត្រី​វ័យ​៣០​ឆ្នាំ​រូបនេះ បងប្អូន​អ្នកស្រី​ក៏​មិនមាន​លទ្ធភាព​ធូរធារ​ប៉ុន្មាន​ដែរ​។  
 
​អ្នកស្រី ជួន ហៀ​ត ដែល​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ខ្លួន​នេះ ក៏​គ្មាន​ចម្ការ​ឬ​ស្រែ​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ផងដែរ​។  រាល់ថ្ងៃ​អ្នកស្រី​ដេក​ពិបាកចិត្ត​ព្រោះ​គ្មាន​លទ្ធភាព​រក​ស្បៀងអាហារ​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ  ក្នុង​រយៈពេល​អ្នកស្រី និង​សាមី បាត់បង់​មុខរបរ ដោយសារតែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩​។ 
«​ខ្ញុំ​ខ្លាច​សមាជិក​ក្នុង​គ្រួសារ​ពិសេស​កូនស្រី​ទាំង​២​របស់ខ្លួន អត់​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​រាងកាយ និង​សុខភាព​ទន់ខ្សោយ ងាយ​នឹងមាន​ជំងឺ និង​មាន​នឹង​ឆ្លង​មេរោគ​ផ្សេងៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ជួន ហៀ​ត ដែលមាន​បំណង​ចង់​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​គ្រួសារ​។ 
 
​ជាមួយគ្នានេះ មុខរបរ​អ្នករត់​ម៉ូតូ​កង់​បី ក៏​កំពុង​ប្រឈម​ខ្លាំង​នៃ​កត្តា​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។ បច្ចុប្បន្ន​កញ្ញា  ម៉ា​នី បាន​ក្លាយជា​មនុស្ស​អត់​ប្រាក់ចំណូល​ប្រចាំថ្ងៃ និង​ប្រចាំខែ ដោយសារតែ​កញ្ញា​ផ្អាក​មុខ​របស់ខ្លួន​បណ្តោះអាសន្ន ព្រោះតែ​មេរោគ​កូ​វីដ​១៩ ដែល​ធ្វើ​ឲ្យ​កញ្ញា​ខ្លាច​ឆ្លង​មេរោគ​នេះ ពី​អ្នកដំណើរ​ណា​ម្នាក់​ដោយ​មិនដឹង​ខ្លួន​។ 
 
​មុន​កញ្ញា ម៉ា​នី មិនទាន់​ផ្អាក​ដំណើរ​មុខរបរ​នេះ នាង​អាចមាន​លទ្ធភាព​រក​ចំណូល​ជា​មធ្យម​បាន​ត្រឹម​១​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​តាមរយៈ​មុខរបរ​មួយ​នេះ ម៉ា​នី គ្មាន​សេសសល់​ប្រាក់​បម្រុង​ទុក សម្រាប់​ចាយ​ពេល​ផ្អាក​ការរកស៊ី​ឡើយ ។ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ពី​របរ​រត់​ម៉ូតូ​កង់​បី មុន​ពេលដែល​កញ្ញា​សម្រេច​ចិត្ត​ផ្អាក​ដូច្នេះ​ថា ៖«​ក្នុង​មួយ​សប្តាហ៍ រកប្រាក់​បានតែ​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ថ្ងៃ​ខ្លះ​បាន​១​ម៉ឺន​រៀល ថ្ងៃ​ខ្លះ​រកបាន​៤​ម៉ឺន​រៀល ព្រោះតែ​កញ្ញា​ផ្តោតលើ​ការជួយ​សង្គម​។  ចំពោះ​អ្នកជំងឺ ព្រះសង្ឃ លោកតា​លោកយាយ​ដែល​ទៅ​វត្ត និង​មនុស្ស​ចាស់ជរា​... គឺ​ខ្ញុំ​ដឹក​មិន​យកប្រាក់​ពី​គាត់​ឡើយ​»​។ 
 
​ជា​អ្នក​ប្រកបមុខរបរ​រកចំណូលបាន​មួយថ្ងៃ​សម្រាប់តែ​រស់​មួយថ្ងៃ  កញ្ញា ម៉ា​នី គ្មាន​សេសសល់​ប្រាក់​អ្វី​សម្រាប់​ចំណាយ​ប្រចាំ​លើ​អាហារ​បី​ពេល បង់ថ្លៃ​ទឹក និង​បន្ទប់​ជួល​ប្រចាំ​នោះទេ ។ ម៉ា​នី មានតែ​សម្រេចចិត្ត​ខ្ចីប្រាក់​ពី​ម្តាយ មិត្តភក្តិ និង​សុំ​ម្ចាស់ផ្ទះ​ពន្យារ​បង់ថ្លៃ​បន្ទប់​ស្នាក់នៅ ដើម្បី​ដោះ​ទាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុង​គ្រា​ប្រទេសជាតិ ក៏​ដូច​ប្រទេស​នានា​ក្នុង​ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​មេរោគ​កូ​វីដ​១៩​នេះ​។​
 
​នារី​វ័យ​៣៣​ឆ្នាំ​រូបនេះ មាន​សុខភាព​ទន់ខ្សោយ ដោយសារ​ជំងឺ​ប្រចាំកាយ​(​គ្រួស​តម្រុង​នោម​) រស់នៅ​តែម្នាក់ឯង​ក្នុង​បន្ទប់​ជួល នៅ​រាជធានី​ភ្នំពេញ  កំពុង​បារម្ភ​ខ្លាច​ដាច់បាយ ជាង​មេរោគ​កូ​វីដ​១៩​ទៀត​។ « មេរោគ​នេះ​ទាំង​ខ្ញុំ ទាំង​គេ គឺ​ខ្លាច​ឆ្លង​ណាស់  ប៉ុន្តែ​ជីវិត​ប្រចាំ​ក៏​ខ្ញុំ​បារម្ភ​ខ្លាំង​ផងដែរ​។​បើ​យើង​ខ្វះខាត​អស់​អី​ហូប យើង​អាច​រក​គេ​ដើម្បី​ដោះ​ទាល់​មួយគ្រាៗ​។ តែ​យើង​ក៏​មិនអាច​រក​គេ​បាន​រហូត​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា ម៉ា​នី ដែល​បាន​បន្ថែមថា ទោះ​ផ្អាក​រត់​ម៉ូតូ​កង់​បី​ព្រោះ​មេរោគ​កូ​វីដ​១៩​ក្តី តែ​ក​ញ្ញ​ក៏​មិន​បណ្តោយ​ជីវិត​ឲ្យ​រស់នៅ​ទាំង​វេទនា​ដែរ ។ ស្ត្រី​រាង​ស្គម​រូបនេះ កំពុង​ព្យាយាម​ដាក់ពាក្យ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេងៗ ដើម្បី​ទទួលបាន​ចំណូល​សម្រាប់​ចំណាយ និង​ទ្រទ្រង់​ជ​វិត​របស់​ប្រចាំថ្ងៃ​ខ្លួន​។​
 
​ក្រៅពី​អ្នក​ប្រកបមុខរបរ​ខាងលើនេះ អ្នករត់ម៉ូតូឌុប កម្មករសំណង់ និង​អ្នក​រកចំណូលបាន​មួយថ្ងៃ សម្រាប់​មួយ​ឯទៀត​ក៏​ប្រឈម​នឹង​ដាច់​ស្បៀង​ប្រចាំថ្ងៃ ព្រោះ​បាត់បង់​ចំណូល ក្នុង​សម័យកាល​ឆ្លង​មេរោគ​កូ​វីដ​១៩ ពេញ​ពិភពលោក​នេះ​ផងដែរ​។ 
 
​ពិភពលោក​កំពុង​ជួប​វិបត្តិ និង​បញ្ហា​ប្រឈម​នឹង​វីរុស​COVID-19 នេះ​។ បណ្ដា​ប្រទេស​ទាំងនោះ កំពុង​ចាត់វិធានការ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។ វីរុស​COVID-19​នេះ មិន​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ទេ វា​ថែមទាំង​ធ្វើឱ្យ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​ជីវភាព​រស់នៅ រង​ផលប៉ះពាល់​ទៀតផង​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩​មីនា ឆ្នាំ​២០២០ ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ សរុប​នៅ​ទូទាំង​ពិភពលោក បាន​ឡើងដល់​ជាង​៦០​ម៉ឺន​ករណី ហើយ ខណៈ​អ្នកស្លាប់​ជាង​៣​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​ជាង ១៤​ម៉ឺន​នាក់​។ ក្នុងនោះ​កម្ពុ​ជាមាន​អ្នក​ឆ្លង​មេរោគ​១០៣​ករណី ខណៈ​អ្នកជា​សះស្បើយ​២១​នាក់​។​
​កម្ពុជា កំពុង​សិក្សា​លើ​វិធាន​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ បើសិនជា​ករណី​ជំងឺ​COVID-19 កាន់តែ​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។​សម្រាប់​ការដាក់​ប្រទេស​នៅក្នុង​គ្រាអាសន្ន អាចមាន​២​កម្រិត ដោយ​អាស្រ័យ​លើ​ស្ថានភាព​ធ្ងន់ និង​ស្រាល របស់​ប្រទេស​។ ហើយ​បើ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ហើយ សិទ្ធិ​ស៊ីវិល ត្រូវបាន​ប៉ះពាល់​ទាំងអស់ ដូចជា​ហាម​ប្រមូលផ្តុំ ហាម​ជួបជុំ ហាម​ចេញពីផ្ទះ និង​បម្រាម​ផ្សេងទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​មេដឹកនាំ​កម្ពុជា ដែល​កំពុង​ឱ្យ​អ្នកច្បាប់​សិក្សា​លើ​បញ្ហា​នេះ​៕

Tag:
 មុខរបរ​
  ម៉ាស្សា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com