ពីនេះ ពីនោះ
សង្គមជាតិ
COVID-19៖«​ចូរ​កុំ​ប្រាប់​គេ​ឲ្យ​ចែករំលែក តែ​ខ្លួនឯង​អាត្មានិយម​!»
29, Mar 2020 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ សុធីរ និង​សំណាង និយាយ​ច្រើន​រឿងរ៉ាវ​ជុំវិញ​ប្រធានបទ​ផល​បះ​ពាល់​ដែល​បណ្តាលមកពី​មេរោគ​កូ​វីដ​១៩​។ ប្រធាន​ដែល សុធីរ និង​សំណាង ជជែក​គ្នា​នៅថ្ងៃនេះ គឺ​ទង្វើ​សប្បុរសធម៌ ឬ​វប្បធម៌​ចែករំលែក​កំពុង​ចាក់ឫស​នៅក្នុង​សង្គម​ខ្មែរ​។

​សុធីរ​៖ អា សំណាង​! អញ​ឃើញ​មាន​ចលនា​កាន់តែ​ច្រើនឡើង​រួមគ្នា​ចូល​លុយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​។ សកម្មភាព​នេះ​ផុស​ឡើង​ច្រើន​ណាស់ណា៎​! អ្ហែង​មាន​សង្កេតឃើញ​ដូច​អញ​អត់​?  
​សំណាង​៖ អើ​! ទាំង​ឧកញ៉ា ទាំង​អ្នកមាន​មធ្យម ទាំង​អ្នក​ធម្មតា បាននាំគ្នា​ធ្វើ​វិភាគទាន​ជួយផ្តល់​លុយកាក់​ដើម្បី​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​ហ្នឹង​។ អ្នកខ្លះ​ជួយ​ជា​លុយ អ្នកខ្លះ​ជួយ​ជា​សម្ភារ អ្នកខ្លះ​ជួយ​ជា​ម្ហូបអាហារ​ដល់​គ្រូពេទ្យ​។ អញ​ឃើញ​ទង្វើរ​សប្បុរ​ធម៌ ឬ​វប្បធម៌​ចែ​ល​រំលែក​នេះ​កើតឡើង និង​ចាក់ឫស​កាន់តែ​ជ្រៅ​នៅក្នុង​សង្គម​ខ្មែរ​យើង​ឥឡូវនេះ​។ 
 
​សុធីរ​៖ អា សំណាង​! ចុះ​អ្ហែង​មានបាន​ជួយ​គេ​ខ្លះ​ហើយ​ឬ​នៅ​? 
​សំណាង​៖ អញ​មិនបាន​ជួយ​អ្វី​ធំដុំ​ទេ​។ តែ​អញ​បាន​ទិញ​ទឹក​អាកុល​ចែក​អ្នកក្រខ្សត់​មួយចំនួន​។ អញ​បាន​ចែករំលែក​ពងមាន់ ពង​ទា ត្រីងៀត ទៅ​ឲ្យ​អ្នក​ខ្វះខាត​ជាង​អញ​ខ្លះ​ហើយ​។ មាន​តិច​ជួយ​តិច មាន​ច្រើន​ជួយ​ច្រើន​។ កុំ​គិតថា ចាំ​ដល់​តែមាន​ច្រើន ទើប​ជួយ វា​អាច​ហួសពេល​ណា៎​!​។ ក្នុង​គ្រានេះ ចែកគ្នា​រស់​ទៅ វា​ប្រសើរ​ជាង​។ កុំ​ដណ្តើម​គ្នា​រស់​។ កុំ​ចង់​រស់​តែឯង​!​។ 
 
​សុធីរ​៖ អញ​សួ​រឯង​មួយទៀត មាន​មនុស្ស​មួយ​ក្តាប់​តូច មាន​លុយ​គួរសម​ដែរ តែ​អត់​ចែករំលែក​ទេ ហើយ​គិតតែ​ពី​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «​អ្នកមាន​»​ត្រូវតែ​ជួយ​ធ្វើ​ទាន​ឲ្យ​អ្នកក្រ​។ ត្រូវតែ​ឲ្យ​អ្នកនេះ ឬ​ឲ្យ​អ្នកនោះ​។ តែ​ខ្លួនឯង​អត់​ជួយ​គេ​ទេ​។ អ្ហែង​យល់​ម៉េច​ដែរ​? 
​សំណាង​៖ ក្រុមមនុស្ស​ប្រភេទ​នេះ ពិតជា​មាន​។ ខ្លួនឯង​អាត្មានិយម តែ​ដើរ​ចង្អុល​ឲ្យ​គេ​ជួយ​អ្នកនេះ ឬ​ជួយ​អ្នកនោះ​។ ក្រុម​អាត្មានិយម​ចង់រក​សេចក្តីសុខ​តែ​ខ្លួនឯង​ទេ​។ ដូច​អញ​និយាយ​ខាងលើ​អ៊ីចឹង មិនចាំបាច់​មាន​ច្រើន​ទេ មាន​ប៉ុន្មាន​ធ្វើ​ទាន​ប៉ុណ្ណឹង​ទៅ វា​ស្រេច​ទៅហើយ​។ មាន​តិច​ជួយ​តិច មាន​ច្រើន​ជួយ​គេ​ច្រើន​ទៅ​។ អានេះ​ហើយ​ទើប​គេ​ថា មនុស្ស​ល្អ​។ អ្នកខ្លះ ខ្លួនឯង​អាត្មានិយម អត់​ជួយ​គេ​សោះ ដោយ​យក​លេស​គិតថា ខ្លួនឯង​មិនទាន់មាន (​តាមពិត​ធូ​ធារ​ហើយ​) ដូច្នេះ អត់​ធ្វើ​ទាន​ទេ ហើយ​គិតតែ​ពី​អំពាវនាវ​ឲ្យ​អ្នកផ្សេង​ធ្វើ​ទាន​ទៅវិញ​។ អញ​និយាយ​ត្រូវ​អត់ អា សុធីរ​? 
 
​សុធីរ​៖ អ្ហែង​និយាយ​ត្រូវ​ហើយ​។ បើ​យើង​មានចិត្ត​បរិសុទ្ធ​ជ្រះថ្លា អ្វីៗ​ត្រូវ​ផ្តើមចេញពី​ខ្លួនឯង​ជាមុនសិន ទោះ​មាន​តិច ឬ​ច្រើនក្តី​។ ចូរ​កុំ​បញ្ជា​ឲ្យ​តែ​គេ​ធ្វើ ហើយ​ខ្លួនឯង​អត់​ធ្វើ​អី​សោះ​នោះ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com