COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ គ្រូ និង​កីឡាករ Juventus មិន​យកឈ្នួល​ពី​ក្លិប​៤​ខែ ស្មើ​១០០​លាន​ដុល្លារ​
29, Mar 2020 , 1:04 pm        
រូបភាព
​កីឡាករ និង​លោក Maurizio Sarri អ្នកចាត់ការ​ទូទៅ​រប​ស់ Juventus យល់ព្រម​មិន​យកប្រាក់​ឈ្នួល​រយៈពេល​៤​ខែ ដែល​ស្មើនឹង​ទឹកប្រាក់​៩០ លាន​អឺរ៉ូ (១០០ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​ក្លិប​របស់​ពួកគេ អំឡុងពេល​មាន​វិបត្តិ​ដោយសារ COVID-19​។​


​ក្រុម​កីឡាករ​របស់​ម្ចាស់​ជើងឯក Serie A ដែល​រួមទាំង​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ខ្សែបម្រើ Aaron Ramsey និង Paulo Dybala ជាដើម​នោះ នឹងមិន​យកប្រាក់​ឈ្នួល​ពេញ​ទេ នៅក្នុង​ខែមីនា មេសា ឧសភា និង​មិថុនា ឆ្នាំ​២០២០​នេះ​។​
 
​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​នៅ​អ៊ីតាលី​ត្រូវបាន​ផ្អាក​រហូតដល់​ថ្ងៃទី​៣ ខែមេសា បន្ទាប់ពី​ជំងឺ​ដ៏​កាច​សាហាវ COVID-19 រាតត្បាត​ខ្លាំង​ឡើងៗ រហូត​សម្លាប់​មនុស្ស​ជាច្រើន ជាពិសេស​ប្រជាជន​អ៊ីតាលី​ដល់​ទៅ​ជាង​មួយ​ម៉ឺន​នាក់​។ មុន​ការផ្អាក​ក្របខណ្ឌ​លី​គ​បាល់ទាត់​កំពូល​អ៊ីតាលី ក្រុម​របស់លោក Sarri ឈរ​នៅ​កំពូល​តារាង Serie A ដោយ​នាំមុខ Lazio ចំនួន​១​ពិន្ទុ​។​
 
​បន្ទាប់​ក្រុម​កីឡាករ និង​អ្នកចាត់ការ​ទូទៅ​លះបង់​ប្រាក់​ឈ្នួល​យ៉ាងច្រើន​សន្ធឹក​បែបនេះ ក្លិប Juventus បានបង្ហាញ​ការ​អរគុណ​ដល់​សមាជិក​ក្រុម​ខ្លួន​ចំពោះ​ការជួយជ្រោមជ្រែង​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ ក្រុម​រហស្សនាម​សេះបង្កង់​នេះ មាន​កីឡាករ​ច្រើន​រូប​ផងដែរ ដែល​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​។​
 
​ដោយឡែក​នៅ​អាល្លឺម៉ង់​វិញ ក្លិប​ធំៗ​មួយចំនួន​ដូចជា Bayern Munich និង Borussia Dortmund កីឡាករ​របស់​ពួកគេ​បាល់​ព្រមព្រៀងគ្នា​កាត់បន្ថយ​ប្រាក់ខែ ដើម្បី​យកប្រាក់​ទៅ​ជួយ​ក្លិប​តូចៗ​ផ្សេងទៀត​ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កូ​វីដ​-១៩​។​
 
​រហូតមកទល់​ពេលនេះ អ៊ីតាលី​នៅតែ​ជា​ប្រទេស​នៅ​អឺរ៉ុប​ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​រហូតដល់​ជាង​មួយ​ម៉ឺន​នាក់​។ ដោយឡែក​អ្នក​ឆ្លង​មាន​ជាង​៩​ម៉ឺន​ករណី និង​អ្នក​សះស្បើយ​ចំនួន​ជាង​មួយ​ម៉ឺន​នាក់​ផងដែរ​៕
 

Tag:
 COVID-19
  Juventus
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com