បទ ជាប់ទង
ទ័ពអាវស ល្អទាំងចិត្ត ឥតរួញរា
ស្ម័គ្រការពារ ជាទ័ពច្បាំង តាំងជួរមុខ
វីរុសថ្មី ល្បីថាកាច អាចផ្តល់ទុក្ខ
តាមវាយលុក រុករួបរឹប ពិតរអា។
ទោះប្រឈម ព្រមលះបង់ ចង់ជួយជាតិ
គ្រួសារឃ្លាត ញាតិខ្លះខ្លាច អាចខ្លះថា
ពុកម៉ែយំ ពុំចង់បែក ស្រែតវ៉ា
កូនស្តាប់បា ថាកុំទៅ នៅឲ្យនឹង។
យុវជន ធនធានមាស ពាសពារពាំង
ធ្វើរនាំង រាំងការពារ ជារំពឹង
ដល់ប្រជា គ្រាលំបាក យ៉ាកបែបហ្នឹង
រដ្ឋរាស្ត្រពឹង ទ្រឹងច្បាស់ធ្លោយ រោយមុនស្លាប់។
ជានិស្សិត ឥតសុខបាន ប្រាណក្តៅងំ
រឿងជាតិធំ ពុំអាចប្រៀប រៀបលំដាប់
វីរុសដល់ ខ្វល់គ្រប់គ្នា គ្រានេះយ៉ាប់
ជួយបានឆាប់ ចាប់កម្ចាត់ កាត់កម្ចាយ។
លាម៉ែពុក ទុកស្នេហា ការពារាស្ត្រ
ឈរពាំងពាស រាស្ត្រស្ងប់សុខ ស្រុកស្រស់ស្រាយ
ត្រូវយកឈ្នះ ឈ្នះមេរោគ ជោគសប្បាយ
ឈឺមិនស្តាយ ចាយជីវិត ពិតមានន័យ៕