COVID-19
អន្តរជាតិ
COVID-19៖ ថៃនិងសិង្ហបុរី មានអ្នកស្លាប់បន្ថែមមួយករណីថ្មីរៀងខ្លួន
× នារសៀលថ្ងៃអាទិត្យ ២៩ ខែមីនា ប្រទេស ថៃ និងបុរីរដ្ឋសិង្ហបុរី បានប្រកាសពីករណីស្លាប់ដោយសារជំងឺផ្លូវដង្ហើម COVID-19 ចំនួនមួយករណីថ្មីបន្ថែមរៀងៗខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរសុខាភិបាលរបស់ប្រជាជាតិទាំងពីរ។
នៅសិង្ហបុរី អ្នកជំងឺអាយុ ៧០ឆ្នាំម្នាក់ បានស្លាប់នៅម៉ោង ១២ថ្ងៃត្រង់។ បើតាមក្រសួងសុខាភិបាល បុរសសិង្ហបុរីរូបនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ Singapore General Hospital (SGH) កាលពីថ្ងៃ២៩ កុម្ភៈ ហើយបានបញ្ជាក់ថាមានផ្ទុក COVID-19 កាលពីថ្ងៃ ២ មីនា។
ក្រោយមក លោកបន្តទទួលការព្យាបាលនៅបន្ទប់ ICU រហូត ហើយបានវិវត្តិទៅកាន់សភាពធ្ងន់ធ្ងរ។ ចុងក្រោយ លោកស្លាប់ដោយសារជំងឺនេះ ២៧ថ្ងៃក្រោយស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ក្រសួងអះអាងបែបនេះ ដោយបន្ថែម អ្នកស្លាប់រូប ធ្លាប់មានប្រវត្តិនៃការលើសសម្ពាធឈាមនិងលើសជាតិខ្លាញ់។ នេះបើតាមទូរទស្សន៍សិង្ហបុរី Channel News Asia ។
ជនជាតិសិង្ហបុរីរូបនេះ ជាករណីស្លាប់ទី៣ហើយក្នុងប្រទេសនេះ ដែលករណីទី១លើស្ត្រីសិង្ហបុរីអាយុ ៧៥ឆ្នាំម្នាក់ និងម្នាក់ទៀតគឺបុរសឥណ្ឌូណេស៊ីអាយុ ៦៤ឆ្នាំ។ គិតត្រឹមថ្ងៃសៅរ៍ ២៨ ខែមីនា ករណី COVID-19 សរុបនៅសិង្ហបុរីឡើងដល់ ៨០២ករណី ក្នុងនោះករណីរកឃើញថ្មី ៧០នាក់។
ដោយឡែក នៅប្រទេសថៃវិញ ក៏បានរកឃើញអ្នកស្លាប់ម្នាក់ថ្មីផងដែរ ដែលជាបុរសថៃអាយុ ៦៨ឆ្នាំម្នាក់។ ជនរងគ្រោះចុងក្រោយនេះ គឺជាអ្នកដែលធ្លាប់ចូលទស្សនាពហុកីឡដ្ឋានប្រដាល់ Lumpinee នៅបាងកក ដែលទីតាំងឆ្លងជាចង្កោម។
ករណីស្លាប់ថ្មីនេះ បានធ្វើតួលេខអ្នកស្លាប់សរុបដោយសារ COVID-19 សរុបនៅប្រទេសនេះឡើងដល់ ៧នាក់ហើយ។ គិតត្រឹមរសៀលថ្ងៃអាទិត្យ តួលេខឆ្លង COVID-19 សរុបនៅថៃ ឡើងដល់១៣៨៨ នាក់ ក្នុងនោះករណីរកឃើញថ្មីចំនួន ១៤៣នាក់។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ ដោយដកស្រង់សម្តីរបស់អ្នកនាំាពាក្យក្រសួងសុខាភិបាលថៃ៕
Tag:
សិង្ហបុរី
ថៃ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com