COVID-19
អន្តរជាតិ
ពេទ្យ​ម៉ាឡេស៊ី​ម្នាក់ ប្រពន្ធ​និង​កូន​៥​នាក់​ឆ្លង​ COVID-19 តែ​សប្បាយចិត្ត​ព្រោះ​ឆ្លង​ការលំបាក​រួមគ្នា​
29, Mar 2020 , 7:39 pm        
រូបភាព
គ្រួសារម៉ាឡេស៊ីមួយដែលមានសមាជិក ៧នាក់ មានលទ្ធផលវិជ្ជមានសម្រាប់ជំងឺ COVID-19 (Facebook)
គ្រួសារម៉ាឡេស៊ីមួយដែលមានសមាជិក ៧នាក់ មានលទ្ធផលវិជ្ជមានសម្រាប់ជំងឺ COVID-19 (Facebook)
ដោយ:
​គ្រួសារ​ម៉ាឡេស៊ី​មួយ​ដែលមាន​សមាជិក ៧​នាក់ មាន​លទ្ធផល​វិជ្ជមាន​សម្រាប់​ជំងឺ COVID-19 ទាំងអស់គ្នា ក៏ប៉ុន្តែ​ឪពុក​ជា​គ្រូពេទ្យ ភរិយា​លោក និង​កូន​ទាំង​៥​នាក់​របស់​ពួកគេ នៅតែមាន​ទឹកចិត្ត​សប្បាយរីករាយ​ដដែល ព្រោះ​ពួកគេ​ឆ្លងកាត់​ការលំបាក​នេះ​រួមគ្នា​។

 
​បងប្អូន​ទាំង​៥​នាក់ ដែលជា​កូនៗ​របស់​គ្រូពេទ្យ​ម៉ាឡេស៊ី បានដាក់​នៅ​ដាច់ដោយឡែក​ជុំគ្នា​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ ក្នុង​រដ្ឋ Perak ។ នៅ​ថ្ងៃ​សុក្រ ២៧ ខែមីនា ម្នាក់​ក្នុងចំណោម​ពួកគេ បាន​បង្ហោះ​វីដេអូ​មួយ​លើ​កម្មវិធី TikTok ហើយ​វីដេអូ​នេះ ទទួល​បានជា​ចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​។​
 
​យុវតី​អាយុ ១៧​ឆ្នាំ Erika Syamim Samsu Ambia ដែលជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៥​នាក់ បាន​សរសេរ​ដូច្នេះ​ថា​៖«​ទោះបីជា​យើង​មាន​ផ្ទុក COVID-19 គ្រួសារ​យើង នឹង​ឆ្លងកាត់​រឿងនេះ​រួមគ្នា​។ បន្ថែម​ពីនេះ សុខភាព​ពួកយើង គឺ​ល្អ​ធម្មតា​។ នេះ​គឺជា​វីដេអូ TikTok ដែល​យើង​ធ្វើឡើង​ដើម្បី​កម្សាន្ត​នៅ​មន្ទីរពេទ្យ​»​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama យុវតី Erika អះអាងថា ឪពុក​នាង លោក​វេជ្ជបណ្ឌិត Samsu Ambia Ismail គឺជា​វេជ្ជបណ្ឌិត​ឯកទេស​ម្នាក់ និង​ជា​ប្រធាន​នាយកដ្ឋាន​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​ដែល​នាង​សម្រាក​ព្យាបាល​ផ្ទាល់​។ នាង​បន្តទៀតថា ឪពុក​នាង គឺជា​សមាជិកគ្រួសារ​ដំបូង​គេ​ដែល​ឆ្លង COVID-19 ហើយ​បានដាក់​នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ រយៈពេល​៦​ថ្ងៃ​មកហើយ​។ 
 
​យុវតី Erika, បងប្អូន​៤​នាក់​ផ្សេងទៀត ដែលមាន​អាយុ​ចន្លោះ ៨ និង​១៥​នាក់ ព្រមទាំង​ម្ដាយ បានដាក់​នៅ​ដាច់ដោយឡែក​មួយថ្ងៃ​បន្ទាប់ ក្រោយ​រកឃើញថា លោក​វេជ្ជបណ្ឌិត Samsu ឆ្លង​វីរុស​នេះ​។ បើតាម Bernama កូនច្បង​ប្រចាំ​គ្រួសារ​លោកគ្រូ​ពេទ្យ​ម៉ាឡេស៊ី​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​យើង​កំពុង​ប្រយុទ្ធ​តទល់​នឹង​វីរុស​នេះ​ដោយ​ប្រើ​អង់ទីគ័​ល (antibodies) យើង​ផ្ទាល់ ហើយ​សង្ឃឹមថា យើង​នឹងមាន​សុខភាព​ល្អប្រសើរ​ឡើងវិញ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​រួច​»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ២៩ ខែមីនា ប្រទេស ម៉ាឡេស៊ី មាន​ករណី​ឆ្លង COVID-19 សរុប ២៣២០​ករណី​ហើយ ក្នុងនោះ​ករណី​ឆ្លង​ថ្មី​មាន ១៥៩​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​៣២០​នាក់ ខណៈ​អ្នក​ស្លាប់មាន​២៧​នាក់​។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​៕
 
even though kitorg positive covid , kitorg as a family will go through this together plus health condition kitorg okay je ,, here’s a tiktok we made to entertain ourselves kt hosp tu haha https://t.co/BLj2O0L12z pic.twitter.com/QKHrkiYEIu
 
 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com