COVID-19
អន្តរជាតិ
Zoom បណ្តាញណាត់ជួបតាមវីដេអូពេញនិយមជាងគេនាសម័យ COVID-19 សារព័ត៌មានថ្មីៗ ណែនាំបុគ្គលិកពីការប្រើប្រាស់ Zoom ជាមធ្យោបាយទំនាក់ទំនង។ រូបថត លាង ដឺលុច
× បង្កើតឡើងកាលពីឆ្នាំ២០១១ Zoom ទើបតែត្រូវបានគេស្គាល់កាន់តែច្រើន បើគិតចាប់តាំងពីការរាតត្បាតមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) នៅប្រទេសចិន ពីចុងខែធ្នូ ឆ្នាំ២០១៩មក។ បច្ចុប្បន្ន Zoom ក្លាយជាបណ្តាញនៃទំនាក់ទំនងតាមវីដេអូ (video-conference) នាំមុខគេ សម្រាប់បណ្តាសាលារៀន ក្រុមហ៊ុន និងក្រុមគ្រួសារ ខណៈពួកគេត្រូវនៅដាច់ដោយឡែកពីគ្នា ដើម្បីទប់ស្កាត់ការឆ្លង COVID-19។
យោងតាមការផ្សាយរបស់ Forbes ការទាញយក (ដោនឡូត) Zoom Cloud Meeting ទៅប្រើប្រាស់កើនឡើងដល់ទៅ៦៧ភាគរយ បើគិតចាប់តាំងពីដើមឆ្នាំ រហូតដល់ពាក់កណ្តាលខែមីនា។ ការប្រើប្រាស់ Zoom ជាមធ្យោបាយនៃ Video-conference មានកម្រិតខ្ពស់ជាង Google Hangouts, Houseparty, FaceTime, Skype, Facebook Messenger និងបណ្តាញសង្គមដទៃទៀត។
លោក Eric Yuan ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Zoom
គេអាចប្រើប្រាស់ Zoom បានតាមរយៈការទាញយក App ពី iOS, Android និងតម្លើងដាក់កុំព្យូទ័រ បានផងដែរ។ Zoom មានគុណភាពវីដេអូ និងសំឡេងស្តង់ដា ហើយថែមទាំងមានមុខងារដ៏មានប្រយោជន៍ជាច្រើនទៀតសម្រាប់ទំនាក់ទំនងគ្នាពីចម្ងាយ។
ទោះបីជាយ៉ាងណាក៏ដោយ Zoom កំណត់រយៈពេលតែ៤០នាទីប៉ុណ្ណោះ សម្រាប់ទំនាក់ទំនងគ្នាដែលមិនបង់ថ្លៃ ប៉ុន្តែសម្រាប់ការជាវ អ្នកប្រើប្រាស់បញ្ចូលអ្នកចូលរួមច្រើនជាង១០០នាក់ ជាមួយនឹងពេលវេលាដែលមិនកំណត់។ សម្រាប់ការណាត់ជួប អ្នករៀបចំត្រូវផ្តល់ Meeting ID ផ្ទាល់ខ្លួន ដែលមាន១០តួលេខ ឬឲ្យតំណភ្ជាប់របស់ Zoom ទៅបុគ្គលដែលត្រូវចូលរួមពីពិភាក្សា។
Zoom Video Communications ជាក្រុមហ៊ុនអាមេរិក ដែលមានទីស្នាក់ការកណ្តាលនៅក្រុង San Jose រដ្ឋកាលីហ្វនីញ៉ា ប៉ុន្តែស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន គឺលោក Eric Yuan ដែលជាមហាសេដ្ឋីជនជាតិចិន។ បើតាម CNBC លោក Yuan មានភាគហ៊ុននៅ Zoom ប្រមាណ៥.៦ពាន់លានដុល្លារអាមេរិក។
នៅចិន ក្រុមហ៊ុន Tencent និង Alibaba ក៏ព្យាយាមពង្រីកសក្តានុពលខ្លួនផងដែរ ដើម្បីប្រកួតប្រជែងជាមួយ Microsoft, Google និង Zoom។ កាលពីខែធ្នូ ឆ្នាំ២០១៩ Tencent Cloud បានដាក់ដំណើរការកម្មវិធី Tencent Meeting (Voov) ដោយភ្ជាប់ជាមួយ WeChat រីឯ Alibaba ពង្រីកកម្មវិធី Dingtalk ជាដើម។
ទោះបីជានៅចិន ការប្រើប្រាស់ Zoom មិនត្រូវបានអនុញ្ញាតជាផ្លូវការក៏ដោយ ក៏បណ្តានិស្សិតចិននៅតែព្យាយាមទាញយក Zoom ទៅប្រើប្រាស់ដើម្បីពង្រីកទំនាក់ទំនងរបស់ខ្លួននៅក្រៅប្រទេស។ នាអំឡុងនៃការរាលដាល COVID-19 នេះផងដែរ លោក Yuan បានជួយសម្រួលច្រើនដល់កម្មវិធីសិក្សារបស់សិស្ស ជាពិសេសនៅជប៉ុន អ៊ីតាលី និងសហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com