អន្តរជាតិ
​បច្ចេកវិទ្យា
តើ​«Bluetooth»​មានន័យ​ដូចម្តេច​? នរណា​ជា​អ្នកបង្កើត​វា​?
29, Mar 2020 , 8:30 pm        
រូបភាព
នៅ​ក្នុងសម័យ​បច្ចុប្បន្ននេះ សឹងតែ​គ្រប់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទាំងឡាយ​សុទ្ធតែ​បង្កប់​នូវ​បច្ចេកវិទ្យា Bluetooth ដោយ​មិន​ថា​ឧបករណ៍​នោះ​ជា​ទូរ​សព្ទ​ដៃ ប្រដាប់​បំពង​សម្លេង កាស​ដាក់​ត្រចៀក កំ​ព្យូ​ទ័​រ ឬ​អេក្រង់​នៅក្នុង​រថយន្ត​មួយចំនួន​ឡើយ​។ វា​ជា​បច្ចេកវិទ្យា​មួយ​ដែលមាន​ការប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជុំវិញ​ពិភពលោក​ដោយសារតែ​ភាពសាមញ្ញ និង​ងាយស្រួល​។ តើ​បច្ចេកវិទ្យា​មួយ​នេះ​មាន​ដើមកំណើត​មកពីណា​? តាំងពី​ពេលណា​មក​? ហើយ​សញ្ញា​របស់ Bluetooth ដែល​អ្នកឃើញ​ជា​ញឹកញាប់​នោះ​មានន័យ​ដូចម្តេច​?

 
​គេហទំព័រ thoughtco.com បាន​សង្ខេប​យ៉ាងខ្លី​ថា ឫសគល់​នៃ​លំនាំ​បច្ចេកវិទ្យា​ដែល​ប្រព័ន្ធ Bluetooth ប្រើប្រាស់​មាន​ដើមកំណើត​តាំងពី​សម័យ​សង្គ្រាមលោកលើកទីពីរ​មកម្ល៉េះ​។ គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា សម័យ​សង្គ្រាមលោក​ទាំង​ពីរលើក ទោះបីជា​បាន​បំផ្លិចបំផ្លាញ​រឿងរ៉ាវ​ជាច្រើន​មែន តែ​សង្គ្រាម​ទាំងពីរ​នេះ​ក៏បាន​បង្កើត​បច្ចេកវិទ្យា​ថ្មី​ទំនើបៗ​ជាច្រើន​ដែល​មនុស្ស​សព្វថ្ងៃ​ប្រើប្រាស់​ជាប្រចាំ​ផងដែរ​។ 
 
​នៅក្នុង​អំឡុង​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៤០ អ្នកស្រី Hedy Lamarr ជនជាតិ​អូទ្រីស និង​លោក George Antheil បាន​បង្កើត​បច្ចេកវិទ្យា​វិទ្យុ​ម្យ៉ាងដែ​លអាច​ការពារ​រល​ក​វិទ្យុ​របស់ខ្លួន​ពី​ការរារាំង​រំខាន​របស់​ខ្មាំងសត្រូវ​។ ការការពារ​ការរារាំង​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ធានា​ទំនាក់ទំនង​ច្បាស់​ល្អ​រវាង​ទីតាំង​ផ្សេងៗ​នៅក្នុងពេល​ធ្វើសង្គ្រាម​។ បច្ចេកវិទ្យា​វិទ្យុ​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា «Spread-Spectrum Radio» ។ 
 
​វា​ជា​បច្ចេកវិទ្យា ដែល​ក្រោយមក ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រព័ន្ធ Bluetooth ។ រយៈ​ប្រមាណ​ជា​៤០​ឆ្នាំក្រោយ  ពោលគឺ​នៅក្នុង​ឆ្នាំ​១៩៨៩ ក្រុម​អ្នកស្រាវជ្រាវ​ខាង​បច្ចេកវិទ្យា​មួយក្រុម របស់​ក្រុមហ៊ុន Ericsson នៃ​ប្រទេស​ស្វី​ដង់ ក្នុងនោះ​មាន​លោក Jaap Haartsen និង​លោក Sven Mattisson បាន​បង្កើត​ឧបករណ៍​មួយ​ដែល​ដំណើរការ​យ៉ាង​រលូន​នៅក្នុង​រយៈ​ចម្ងាយ​ខ្លី សម្រាប់​ការភ្ជាប់​រវាង​កំ​ព្យូ​ទ័​រ និង​កាស​ដាក់​ត្រចៀក​មិន​ប្រើប្រាស់​ខ្សែ (Wireless) ។ 
 
​នៅក្នុង​ឆ្នាំ​១៩៩០ លោក Haartsen បានទទួល​ពានរង្វាន់​សម្រាប់​អ្នកបង្កើត​ថ្មី​ពី​សហគមន៍​អឺរ៉ុប ជាមួយនឹង​បច្ចេកវិទ្យា​មួយ​នេះ​។ មូលហេតុ​ដែល Bluetooth មាន​ប្រជាប្រិយ​ក៏​ពី​ព្រោះតែ​វា​អាច​ភ្ជាប់​ឧបករណ៍​រហូត​ទៅដល់​ចំនួន​៨​គ្រឿង​ក្នុងពេល​តែមួយ មិន​ងាយ​ទទួល​ការរំខាន​ពី​រលក​វិទ្យុ​ខាងក្រៅ និង​ចំណាយ​ថាមពល​តិច​ក្នុងការ​ដំណើរការ​។ 
 
​ឈ្មោះ Bluetooth មាន​ដើមកំណើត (​ដោ​យមក​ប្រែ​ពី​ភាសា​ដើម​មកជា​ភាសា​អង់គ្លេស​) មកពី​ស្តេច​បុរាណ​ម្នាក់​មាន​ឈ្មោះថា «Harald Blåtand» ដែល​បាន​គ្រប់គ្រង​ប្រទេស​ដា​ណឺ​ម៉ាក និង​ប្រទេស​ណ័​រ​វ៉េ​នៅក្នុង​ឆ្នាំ​៩៥៨​ក្រោយ​គ្រឹ​ស្ត​សករាជ​។ គាត់​គឺជា​ស្តេច​ដែល​បាន​ផ្សារភ្ជាប់​ប្រទេស​ណ័​រ​វ៉េ និង​ដា​ណឺ​ម៉ាក​ជាមួយគ្នា​។ 
 
​ហេតុដូចនេះ​ហើយ​ទើប​អ្នកបង្កើត​ប្រព័ន្ធ​មួយ​នេះ​គិតថា​គេ​បាន​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​កុំព្យូទ័រ​ជាមួយនឹង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត​។ សញ្ញា Bluetooth គឺជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​តួរ​អក្សរ​បុរាណ​មាន​ឈ្មោះថា​អក្សរ «Rune» ក្នុងនោះ​មាន​អក្សរ «H» តំណាង​ឲ្យ​ឈ្មោះ​ខាងដើម និង «B» តំណាង​ឲ្យ​ឈ្មោះ​ខាងចុង​របស់​ស្តេច​ដែល​បាន​រៀបរាប់​ខាងលើ​៕

© រក្សាសិទ្ធិដោយ thmeythmey.com