ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
បាន​ចំណូល​តិច​មែន តែ​អ្នកស្រី គ​ន្ធា បាន​ចូលរួម​យ៉ាង​ធំធេង​រក្សា​តម្បាញ​ហូល និង​ក្បាច់​ហូល​ពី​បុរាណ
29, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាកែវ​៖ របរ​ត្បាញសំពត់​ហូល មានការ​លំបាក ដោយ​ត្រូវការ​ពេលវេលា​ច្រើន រួមទាំង​ការអត់ធ្មត់ និង​ការ​ម៉ត់ចត់​ជាដើម​។ អ្នកស្រី អ៊ឹម គ​ន្ធា ជា​សិប្បការិនី​ត្បាញសំពត់​ហូល​ជាង ២០​ឆ្នាំ​មកហើយ នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​បន្ត​ប្រក​បរបរ​ត្បាញសំពត់​ហូល បើទោះបី​តម្លៃ​សំពត់​ហូល​មានតម្លៃ​ទាប​ជាង​មុន​ក៏ដោយ​។ ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​រូបនេះ ព្រួយបារម្ភ​ចំពោះ​របរ​ត្បាញសំពត់​ហូល ដែល​បច្ចុប្បន្ន​ការ​ត្បាញសំពត់​ហូល​នៅក្នុង​ភូមិ​របស់​អ្នកស្រី មានការ​ធ្លាក់ចុះ​។


​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី អ៊ឹម គ​ន្ធា អ្នក​ត្បាញសំពត់​ហូល​នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដូចតទៅ​៖ 

​នៅ​ភូមិ​អង្គរ​វាយ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មាន​ប្រជាពលរដ្ឋ​មួយចំនួន បន្ត​ប្រក​បរបរ​ត្បាញសំពត់​ហូល ដែលជារ​បរតពី​ដូនតា​របស់​អ្នកភូមិ​នេះ​។ អ្នកស្រី អ៊ឹម គ​ន្ធា ជា​សិប្បការិនី​ត្បាញសំពត់​ហូល​ម្នាក់ ដែល​ប្រក​បរបរ​នេះ ជាង​២០​ឆ្នាំ​មកហើយ​។ 
 
​ស្ថិតនៅ​ក្រោមផ្ទះ អ្នកស្រី អ៊ឹម គ​ន្ធា កំពុង​ញាប់​ដៃជើង អង្គុយ​ត្បាញសំពត់​ហូល​ជូន​អតិថិជន​នៅ​រាជធានី​ភ្នំពេញ ដែល​តែង​បញ្ជា​ទិញសំពត់​ហូល​របស់​អ្នកស្រី​។ ការ​ត្បាញសំពត់​ហូល​នេះ ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន អត់ធ្មត់ និង​ការ​ម៉ត់ចត់​ជាដើម​។ 
 
​អ្នកស្រី គ​ន្ធា ចេះ​ត្បាញសំពត់​ហូ​លត​ពី​ដូនតា​របស់​អ្នកស្រី ដែល​ប្រក​បរបរ​នេះ​។ ទោះបី​ការ​ត្បាញសំពត់​ហូល​មាន​ផល​លំបាក ប៉ុន្តែ​អ្នកស្រី អ៊ឹម គ​ន្ធា នៅតែ​បន្ត​ត្បាញ​។ «​វា​ជា​របស់បុរាណ​ត​ពី​ដូនតា​មក យើង​ខំ​ត្បាញ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី អ៊ឹម គ​ន្ធា​។​
 
​ដើម្បី​បាន​ហូល​មួយ​សំពត់ អ្នកស្រី គ​ន្ធា ត្រូវ​ចំណាយពេល ១៥​ថ្ងៃ ទាំង​ការ​ត្បាញ និង​ការធ្វើ​សរសៃសូត្រ​។ តាមរយៈ​ការ​ត្បាញ​នេះ បាន​ជួយ​គ្រួសារ​អ្នកស្រី គ​ន្ធា ឲ្យ​មាន​ជីវភាព​ល្អប្រសើរ​ផងដែរ​។ បើតាម​អ្នកស្រី គ​ន្ធា តម្លៃ​សំពត់​ហូល និង​កម្លាំង​ពលកម្ម​នៃ​ការ​ត្បាញ គឺ​មិន​សម​គ្នា​ទេ​។ អ្នកស្រី គ​ន្ធា បន្ត​យ៉ាង​ដូច្នេះ​៖«​វា​ពិបាក​ដែរ ព្រោះ​ហូល​ឥឡូវ​គេ​ឲ្យ​តម្លៃ​ចុះ បើ​បាន​គេ​ឲ្យ​តម្លៃ​ថ្លៃ​តិច​ទៅ អ្នក​ត្បាញ មាន​កម្លាំងចិត្ត​ត្បាញ បើ​ហូល​ចុះថ្លៃ​អ៊ីចឹង វា​ពិបាក​ណាស់​»​។ 
 
​ហូល​ខេត្តតាកែវ មានឈ្មោះ​ល្បីល្បាញ និង​ពេញនិយម​សម្រាប់​អ្នកប្រើប្រាស់​។ អ្នកស្រី គ​ន្ធា បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​នៅពេល​មានការ​គាំទ្រ​ច្រើន ហើយ​អ្នកស្រី​ក៏​ចង់​ឲ្យ​អតិថិជន​ដទៃទៀត បន្ត​គាំទ្រ​ស្នាដៃ​ខ្មែរ​ផងដែរ​។ «​ការ​ត្បាញ​នេះ គឺ​កុំ​ឲ្យ​បាត់​វប្បធម៌​របស់​ដូនតា​តាំងពីដើម​មក ចង់​ឲ្យ​រក្សា​ក្បាច់បុរាណ​ឲ្យ​នៅ​គង់វង្ស​»​។ អ្នកស្រី អ៊ឹម គ​ន្ធា លើកឡើង​បែបនេះ​៕
 
 

Tag:
 ត្បាញ​
  សំពត់​
  ហូល​
  តាកែវ​
 ​របរ​
© រក្សាសិទ្ធិដោយ thmeythmey.com