ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម ប្រាប់​មន្ត្រី​ខ្លួន​ឱ្យ​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ហើយ​ពង្រឹង​ហិរញ្ញប្បទាន​ដល់​កសិករ​
29, Mar 2020 , 10:59 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបពីហ្វេសប៊ុក្រសួង)
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបពីហ្វេសប៊ុក្រសួង)
ដោយ: ថ្មីៗ
​ដោយ​៖ សែម មូ​នី​តា
 
​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​មន្ត្រី​ខ្លួន​ឱ្យ​កាត់បន្ថយ​រាល់​ការចំណាយ​ផ្សេងៗ​ដែល​ពុំ​ចាំបាច់ ហើយ​ពង្រឹង​ធ្វើ​ហិរញ្ញប្បទាន​ដល់​ប្រជាកសិករ ដើម្បី​អាចឱ្យ​ពួកគេ​មានលទ្ធភាព​បង្កើត​កសិដ្ឋាន​ថ្មី តាម​លក្ខណ​បច្ចេកទេស​។ វិធានការ​របស់​រដ្ឋ​មន្ត្រី​កសិកម្ម មាន​៤​ចំណុច ដើម្បី​ឆ្លើយតប​នឹង​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នេះ​។

 
​លោក វេ​ង សាខុន បាន​ណែនាំ​ឱ្យ​មន្ត្រី​ទាំងអស់ ត្រូវ​ពិនិត្យ​សកម្មភាព​ឆ្លើយតប​ជាបន្ទាន់​ក្នុង​គម្រោង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ដោយ​ប្រើប្រាស់​សន្សំសំចៃ ជាពិសេស​ជួយ​ជីក និង​ស្ដារ​ស្រះ ត្រពាំង និង​អណ្ដូង​ជាដើម​។ ក្រៅពីនេះ មន្ត្រី​ទាំងអស់ ត្រូវ​រៀបចំ​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស ការអនុវត្ត​កសិកម្ម​ល្អ​(GAP) និង​ការធ្វើ​ហិរញ្ញប្បទាន​ដល់​ប្រជាកសិករ​តាម​គ្រប់​រូបភាព​សំដៅ​ដល់​ការបង្កើត​កសិដ្ឋាន​ថ្មីៗ ព្រមទាំង​គាំទ្រ និង​ពង្រីក​ទំហំ​ផលិតកម្ម​ស្បៀង​ដែល​ឆាប់​ផ្ដល់​ផល​។​
 
​មិនតែប៉ុណ្ណោះ​មន្ត្រី​ទាំងអស់ ត្រូវ​ពិនិត្យ​ខ្ទង់​ថវិកា ដែល​អាច​យកមកអនុវត្ត​សកម្មភាព​ឆ្លើយតប​ជាបន្ទាន់ ព​ន្លឿ​ន​ការអនុវត្ត​កម្មវិធី និង​សកម្មភាព​ទូទាត់​ថវិកា​ឱ្យបាន​ទាន់ពេលវេលា និង​កាត់បន្ថយ​នូវ​រាល់​ការចំណាយ ដែល​មិនចាំបាច់​នានា​។ ចំពោះ​លក្ខខណ្ឌ​នៃ​ការស្នើសុំ​ថវិកា​បុរេប្រទាន​គម្រោង ការសម្រួល​នីតិវិធី​លទ្ធកម្ម និង​ការធ្វើ​វិភាជន៍​ថវិកា ត្រូវ​បន្ធូ​បន្ថយ ដើម្បី​មានលទ្ធភាព​ពេញលេញ​ក្នុងការ​អនុវត្ត​ការងារ ដែល​កំពុងតែ​ចាំបាច់​។ នេះ​ជាការ​បញ្ជាក់​របស់លោក វេ​ង សាខុន​។​
 
​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា​៖«​ត្រូវ​ជំរុញ​ដល់​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​គម្រោង​ឱ្យមាន​វិធានការ​ផ្សព្វផ្សាយ និង​ពង្រីក​ទីផ្សារ​លក់​ផលិតផល​ឱ្យ​កាន់​តែមាន​ភាព​សកម្ម និង​ខ្លាំងក្លា​ជាង​មុន​»​។​
 
​បើតាម​លោក វេ​ង សាខុន វិធានការ​ទាំងនេះ មាន​ទិសដៅ​បង្កើន​ផលិតកម្ម​សន្តិសុខ​ស្បៀង​ក្នុងស្រុក ដើម្បី​ឆ្លើយតប​ជាបន្ទាន់ ដល់​កម្ម​រិ​ធី​គម្រោង​អភិវឌ្ឍន៍​នានា ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ ១៩ (Covid 19)​៕
 
 
 

Tag:
 កសិកម្ម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com