ជាតិ
រដ្ឋសភា ប្រជុំអនុម័តសមាសភាពគណៈរដ្ឋមន្ត្រី
× ភ្នំពេញ៖ ដូចការគ្រោងទុក រដ្ឋសភា បានបើកកិច្ចប្រជុំវិសាមញ្ញដើម្បីពិនិត្យ និងអនុម័តលើការស្នើសុំរុះរើគណៈរដ្ឋមន្ត្រី របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ មីនា។
បើតាមលិខិតមួយរបស់សម្ដេច ហ៊ុន សែន ផ្ញើទៅប្រធានរដ្ឋសភាសម្ដេច ហេង សំរិន នោះ គឺមានរដ្ឋមន្ត្រីថ្មី៤រូប ដែលត្រូវបានស្នើឲ្យតែងតាំង រួមមាន លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា, លោក ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន, លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក, និង លោក ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទាំង៤រូប ដែលនឹងត្រូវប្តូរចេញ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសទាំងអស់គ្នា។ លិខិតតែងតាំង និងកែសម្រួលសមាភាពគណៈរដ្ឋមន្ត្រីនេះ ត្រូវបានបង្ហោះដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
មូលហេតុដែលសម្ដេចនាយករដ្ឋមន្ត្រី បានសម្រេចកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីសម្ដេច សង្កេតឃើញរដ្ឋមន្ត្រីក្រសួងខ្លះបំពេញការងារយឺតយ៉ាវ មិនឆ្លើយតបតាមគោលនយោបាយរដ្ឋាភិបាល។មុខរដ្ឋាភិបាល ធ្លាប់ប្រកាសកាលពីថ្ងៃទី២៤ កុម្ភៈថា៖«វាមិនដល់ថ្នាក់រំលាយរដ្ឋាភិបាលទេ យើងគ្រាន់តែឃើញភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច ដែលមិនទាន់ឆ្លើយតបតាមការចង់បានរបស់យើង»។
កន្លងមកអ្នកវិភាគ ក៏ធ្លាប់ស្នើឱ្យរដ្ឋាភិបាល ជម្រុះមន្ត្រីចាស់ណា ដែលបំពេញការងារគ្មានប្រសិទ្ធភាព ហើយចាក់បញ្ចូលមន្ត្រីថ្មី ដែលពោរពេញទៅដោយគុណភាព និងគំនិតច្នៃប្រឌិតថ្មី ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋពិតប្រាកដ។ មិនតែប៉ុណ្ណោះពួកគេ ក៏អំពាវនាវឱ្យរដ្ឋាភិបាល បង្រួមក្រសួងមួយចំនួនវិញផងដែរ ដោយសារតែក្រសួងខ្លះ បំពេញការងារជាន់គ្នា ហើយមិនសូវមានប្រសិទ្ធភាពឡើយ។ ក្នុងនោះរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងធនធានទឹក, ក្រសួងអភិវឌ្ឍន៍ជនបទជាដើម។ ចំណែកក្រសួងរ៉ែ និងថាមពល ,ក្រសួងឧស្សាហកម្ម និងសិប្បកម្ម (បច្ចុប្បន្នឈ្មោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)ក៏រួមបញ្ចូលគ្នាវិញដែរ៕
Tag:
ហ៊ុន សែន
គណៈរដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com