COVID-19
ជាតិ
COVID-19 ៖ កម្ពុជា​រកឃើញ​៤​នាក់​ទៀត កើនឡើង​១០៧​នាក់ ខណៈ​អ្នកជា​សះស្បើយ​ឡើង​២៣​នាក់​
30, Mar 2020 , 9:00 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ថែម​៤​នាក់​ទៀត នៅ​ថ្ងៃទី​៣០មីនា​នេះ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​២​នាក់​ដែរ​។ សរុបមក​អ្នកជំងឺ​COVID-19 មាន​ចំនួន​១០៧​នាក់​ហើយ​។ ចំណែកអ្នកជាសះស្បើយ បានកើនឡើងដល់ ២៣នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​។​



​សេចក្តីជូនព័ត៌មានដដែល បញ្ជាក់ថា អ្នក​ដែល​រកឃើញឆ្លងជំងឺCOVID-19 គឺជាបុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានទីលំនៅនៅសង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាបុគ្គលិកបម្រើការងារ​នៅកាស៊ីណូ និងខារ៉ាអូខេមួយនៅច្រកប៉ោយប៉ែត។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបាន​ដាក់​ឲ្យព្យាបាលនៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។ ករណីមួយទៀត គឺជាបុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែល​ជាអ្នក​ដំណើរ​ត្រឡប់​មកពីប្រទេសជប៉ុន មកដល់កម្ពុជា នៅថ្ងៃទី ២៨ មីនា ឆ្នាំ២០២០។ បច្ចុប្បន្នបុរសរូបនេះ កំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ចំណែកស្ត្រី​ខ្មែរអាយុ២០ឆ្នាំម្នាក់ទៀត នៅសង្កាត់​អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញក៏មានឆ្លងជំងឺCOVID-19ដែរ។ ស្ត្រីរូបនេះ ជានិស្សិតដែលបានវិលត្រឡប់​មកពីប្រទេសអង់គ្លេស ដែល​មក​ដល់​កម្ពុជា នៅថ្ងៃទី២៨ មីនា។ បច្ចុប្បន្ន និស្សិតរូបនេះ កំពុងសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ករណីទី៤ ដែលរកឃើញឆ្លង COVID-19 គឺជាបុរសជនជាតិបារាំង អាយុ៦១ឆ្នាំ នៅទួល​ទំពូង ដែល​មាន​ប្រវត្តិធ្វើ​ដំណើរ​ទៅប្រទេស ហ្គុយយ៉ាណា មកដល់​ប្រទេសកម្ពុជា ២២ ខែមីនា។ បច្ចុប្បន្ន បុរសជនជាតិបារាំងរូបនេះ កំពុងសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែកអ្នកជំងឺCOVID-19 ចំនួន២នាក់ទៀត នៅខេត្តសៀមរាប និងបន្ទាយមានជ័យ បានជាសះស្បើយ ហើយពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញទៅផ្ទះវិញ។ សរុបមកដល់ពេលនេះ មានអ្នកជាសះស្បើយ ចំនួន២៣នាក់ហើយ។

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com