COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឥណ្ឌា សុំទោស​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ទុក្ខ​ព្រោះ​បិទ​ប្រទេស​
30, Mar 2020 , 10:29 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី  (ប្រភពរូប៖ Outlock India)
លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី (ប្រភពរូប៖ Outlock India)
ដោយ:
​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ស្នើសុំ​ការអត់ឱន​ពី​សំណាក់​ពលរដ្ឋ​ឥណ្ឌា​ក្រីក្រ ដែល​រង​ទុក្ខ​ដោយសារ​ចំណាត់​ការបិទ​ប្រទេស​៣​សប្តាហ៍​ទប់ទល់ COVID-19 របស់​រដ្ឋាភិបាល​លោក​។ មេដឹកនាំ​រូបនេះ បន្ត​និយាយ​ការពារ​ចំណាត់ការ​នេះ ដោយ​អះអាងថា វា​នឹង​ជួយ​ឥណ្ឌា​យកឈ្នះ COVID-19 ដែល​កំពុង​អុកឡុក​ពិភពលោក​។

 
​តាមរយៈ​វិទ្យុជាតិ​ក្នុងការ​ថ្លែង​ទៅកាន់​ប្រជាជាតិ​ប្រចាំខែ លោកនាយក​រដ្ឋមន្ត្រី ម៉ូ​ឌី និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សុំទោស​សម្រាប់​ការដាក់ចេញ​វិធានការ​ក្តៅ​ទាំងនេះ ដែល​បង្ក​ការលំបាក​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ជាពិសេស ពលរដ្ឋ​ក្រីក្រ​»​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​កាតា Aljazeera លោក ម៉ូ​ឌី បញ្ជាក់ទៀតថា​៖«​ខ្ញុំ​ដឹងថា អ្នកខ្លះ ប្រាកដជា​ខឹង​ខ្ញុំ​។ ក៏ប៉ុន្តែ ចំណាត់ការ​រឹងត្អឹង​ទាំងនេះ ទាមទារ​ដាក់ចេញ​ចាំបាច់​ដើម្បី​យកឈ្នះ​សមរភូមិ​មួយ​នេះ​»​។ 
 
​កាលពី​សប្តាហ៍​មុន ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​រូបនេះ បានប្រកាស​ពី​ចំណាត់​ការបិទ​ប្រទេស​ចំនួន​២១​ថ្ងៃ ដែល​បាន​ចូល​ជា​ធរមាន​រហូតដល់​ថ្ងៃ​២៥ ខែមីនា ។ គោលដៅ​គឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សាកល COVID-19 ដែល​សម្លាប់​មនុស្ស​ជាង​៣,៣​ម៉ឺន​នាក់ និង​ឆ្លង​ជាង​៧២​ម៉ឺន​នាក់​។ ក៏ប៉ុន្តែ​ការសម្រេចចិត្ត​បែបនេះ បានធ្វើ​ឲ្យ​ប្រជាជន​ក្រីក្រ​ឥណ្ឌា​រាប់លាន​នាក់​រងទុក្ខវេទនា ដូចជា អត់ឃ្លាន និង​បាត់បង់​ការងារ​ធ្វើ ជាដើម​។ 
 
​ទាក់ទិន​រឿងនេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​វ័យ​៦៨​ឆ្នាំ​រូបនេះ លើកឡើងថា ពលរដ្ឋ​ក្រីក្រ ច្បាស់​ជា​គិតថា តើ​លោក​ជា​នាយករដ្ឋមន្ត្រី​ប្រភេទ​ណា​ទើប​ដាច់ចិត្ត​ដាក់​ពលរដ្ឋ​ខ្លួនឯង​ក្នុងស្ថានភាព​លំបាកលំបិន​បែបនេះ​។ ត្រង់ចំណុច​នេះ លោក ម៉ូ​ឌី ទទូច​ឲ្យ​ប្រជាជន​យល់ដឹង​រឿង​មួយ​ថា លោក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទៀតឡើយ ហើយ​លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ចំណាត់ការ​ទាំងនេះ នឹង​ផ្ដល់ឱកាស​ឲ្យ​ឥណ្ឌា​យកជ័យ​ជម្នះ​លើ COVID-19»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ៣០ ខែមីនា ប្រទេស ឥណ្ឌា បាន​រកឃើញ​ករណី​ឆ្លង COVID-19 សរុប ១០២៤​ករណី ក្នុងនោះ​ករណី​ថ្មី ៣៧​នាក់​។ ចំណែក​អ្នក​ស្លាប់មាន ២៧​នាក់ ហើយ​អ្នកជា​សះស្បើយ​សរុប មាន​៩៥​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​ករណី COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 ឥណ្ឌា​
  COVID-19
  នា​រិ​ន្ទ្រា ម៉ូ​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com