COVID-19
ជាតិ
បុរសខ្មែរដំបូងដែលឆ្លង COVID-19 ជាសះស្បើយ ក្រោយព្យាបាលជិតមួយខែ
× សៀមរាប៖ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ដែលឆ្លងជំងឺកូវីដ-១៩ ពីជនជាតិជប៉ុន បានជាសះស្បើយហើយ បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជិតមួយខែរួចមក។ បុរសរូបនេះ ត្រូវបានធ្វើតេស្ដរកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី៧ មីនា។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមគ្រូពេទ្យនឹងអនុញ្ញាត ឱ្យបុរសជនជាតិខ្មែរដំបូងគេ ដែលឆ្លងជំងឺកូវីដ-១៩ ត្រឡប់ទៅវិញនៅរសៀលថ្ងៃទី៣០ មីនានេះ។ លោកបញ្ជាក់ថា លទ្ធផលតេស្ដបញ្ជាក់ពីភាពអវិជ្ជមាន នៃជំងឺចំនួន២លើកជាប់គ្នា គឺមានន័យថា បុរសរូបនេះបានជាសះស្បើយពីជំងឺកូវីដឥ១៩នេះហើយ។
លោក ក្រុស សារ៉ាត់ បន្ថែមថា បុរសវ័យ៣៨ឆ្នាំនេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាំងពីថ្ងៃទី៥ មីនា គឺមកដល់ពេលនេះមានរយៈពេល២៤ថ្ងៃ។ លោកប្រធានមន្ទីរសុខាភិបាលមិនបានបញ្ជាក់លម្អិតពីមូលហេតុដែលការព្យាបាលអ្នកជំងឺរូបនេះមានរយៈពេលយូរបែបនេះនោះទេ តែកន្លងមកតាមការបង្ហើបពីក្រុមគ្រូពេទ្យ អ្នកជំងឺរូបនេះមានជំងឺរលាកថ្លើមប្រភេទបេក្នុងខ្លួន ទើបធ្វើឱ្យមេរោគថមថយរៀងយឺត៕
© រក្សាសិទ្ធិដោយ thmeythmey.com