សម្ដេច ហ៊ុន សែន ស្នើឱ្យ​ម្ចាស់​ទីតាំង​ជួល​អគារ បញ្ចុះ​ថ្លៃ និង​ពន្យា​រពេល​បង់​ដល់​អ្នករកស៊ី​
COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យ​ម្ចាស់​ទីតាំង​ជួល​អគារ បញ្ចុះ​ថ្លៃ និង​ពន្យា​រពេល​បង់​ដល់​អ្នករកស៊ី​
30, Mar 2020 , 11:13 am        
រូបភាព
​ភ្នំពេញ​៖ ម្ចាស់​ទីតាំង​ជួល​អគារ​ទាំងអស់ គួរតែ​បញ្ចុះ​ថ្លៃ និង​ពន្យារ​ពេល​បង់​ដល់​អ្នករកស៊ី ដែល​កំពុង​ប្រឈមមុខ​ខាតបង់​ចំណូល ដោយសារ​វីរុស​COVID-19​។ នេះ​ជាការ​ស្នើសុំ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​៣០ មីនា​។​


 
«​សូម​ម្ចាស់​អគារ​ជួល​ទាំងអស់​ យោគយល់​ដល់​អ្នក​ជួល​អគារ​រកស៊ី​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា ម្ចាស់​អគារ គួរតែ​យក​ថ្លៃ​៥០​ភាគរយ នៃ​តម្លៃ​ជួល ឬ​អនុគ្រោះ​ពេល​បង់មួយរយៈ​សិន ដើម្បី​ជួយ​សម្រាល​ដល់​ការរកស៊ី​របស់​ពួកគេ​។​
 
​ជាមួយគ្នានេះ រដ្ឋាភិបាល ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ ទម្លាក់​ថវិកា​៥០០ ​ទៅ​៦០០​លាន​ដុល្លារ ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្ចី​ប្រើប្រាស់ ជាពិសេស​ជួយ​សម្រាល​បន្ទុក​ដល់​ព​ល​រដ្ឋ ដែល​ជំពាក់​បំណុល​ធនាគារ ស្រប​ពេលដែល​ជំងឺ​COVID-19 កំពុង​រាតត្បាត​នេះ​ផងដែរ​។​
 
​កាលពី​ថ្ងៃទី​២៧ មីនា ធនាគារជាតិ បាន​ណែនាំ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​ជួយ​ដោះ​បន្ទុក​លំបាក​របស់​ពល​រដ្ឋ ដែល​កំពុង​ប្រឈមមុខ​បាត់បង់​ចំណូល ដោយ​ជំងឺ​COVID-19​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com