COVID-19
ពីនេះ ពីនោះ
រូបត្លុក
គុណបំណាច់​គ្រូពេទ្យ​ខ្មែរ​ក្នុង​សង្គ្រាម​ប្រឆាំង COVID-19 ត្រូវបាន​គោរព​!
30, Mar 2020 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ សុធីរ និង​សំណាង និយាយ​ពី​គុណបំណាច់​របស់​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ចំណេះ ជំនាញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ គុណបំណាច់​នេះ ​ត្រូវបាន​គោរព​ដោយ​មហាជន​។ 
 
​សុធីរ​៖ អា សំណាង​! អ្ហែង និង​អញ បាន​តាមដាន​ការវិវត្ត​នៃ​មេរោគ​កូ​វីដ​១៩​។ តែ​ចំណែកឯ​គ្រូពេទ្យ​វិញ ពួកគេ​ជា​អ្នកអនុវត្ត ​និង​ជា​បុគ្គល​ជួរមុខ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ មិន​ថា​អ៊ីចឹង សំណាង​? 
 
​សំណាង​៖ ត្រូវ​ហើយ អា សុធីរ​។ វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ចំណាយពេល​ប្រតិបត្តិការ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​។ ពួកគេ​ធ្វើការ​ទាំងយប់ ទាំង​ថ្ងៃ យាម​ប្រចាំការ​ដោយ​គ្មាន​ត្អូញត្អែរ​អ្វី​ឡើយ​។
នៅពេល​ពួកយើង​កំពុងស្ថិត​នៅផ្ទះ ពួកគេ​កំពុងធ្វើការ​។ បើតាម​អញ​ដឹង​ តាមរយៈ​ការផ្សព្វផ្សាយ​នៅលើ​បណ្តាញសារព័ត៌មាន អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ ចំនួន​២៣​នាក់​ នៅក្នុង​ប្រទេស​កម្ពុ​ជា​បានជា​សះស្បើយ​រួចហើយ និង​ជិត​១០០​នាក់​ទៀត​ នៅ​ផ្ទុកមេរោគ​នៅឡើយ​។ តាមរយៈ​តួលេខ​នេះ អញ​អាច​និយាយបានថា គ្រូពេទ្យ​ធ្វើការ​ច្រើនណាស់​។ 
 
​សុធីរ​៖ បើ​អ្ហែង​អាណិត​គ្រូពេទ្យ តើ​អ្ហែង​មាន​អ្វី​ជួយ​ពួកគេ​ដែរឬទេ​? 
 
​សំណាង​៖ អញ​ខ្លួនឯង​មិនមាន​អ្វី​ជួយ​ពួកគាត់​ទេ​។ តែ​អញ​មានការ​គោរព និង​ក្តី​ស្រឡាញ់​អស់ពីដួងចិត្ត​របស់​អញ​ ចំពោះ​ពលិកម្ម​របស់​ពួកគេ ​(​គ្រូពេទ្យ​)​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត ដោយ​ក្តី​គោរព​ចំពោះ​ពួកគេ និង​មិន​ចង់​ឲ្យ​ពួកគេ​លំបាក អញ និង​គ្រួសារ​អញ​ បាន​សម្រេចចិត្ត​ចូលរួម​កាត់បន្ថយ​ការចម្លងជំងឺ​កូ​វីដ-​១៩ ​ដោយ​ស្ថិត​នៅផ្ទះ និង​មិន​ដើរ​នៅតាម​តំបន់​ដែលមាន​មនុស្ស​ច្រើន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com