ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្មករ​ជួសជុល​ប្រាសាទ​នៅ​សៀមរាប​កាន់តែ​ធ្លាក់ខ្លួន​ក្រ ពេល​មន្ត្រី​កម្ពុជា​និង​បារាំង​បរាជ័យ​ដោះស្រាយ​ជម្លោះ​ការងារ​
30, Mar 2020 , 7:59 pm        
រូបភាព
លោក ឃុន​ ខន​ នៅខាងស្តាំដៃ ឈរតវ៉ា​ នៅមុខសាលាបារាំង​ចុង​បូព៌ាប្រទេស​ នៅថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA Khmer)
លោក ឃុន​ ខន​ នៅខាងស្តាំដៃ ឈរតវ៉ា​ នៅមុខសាលាបារាំង​ចុង​បូព៌ាប្រទេស​ នៅថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA Khmer)
ដោយ: VOA
​ក្រុង​សៀមរាប ៖ លោក ទុយ ក្តុង អាយុ​៣៩​ឆ្នាំ បាន​ដឹក​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី យន់ ពី និង​កូនស្រី​ពៅ​របស់លោក​តាម​ម៉ូតូ​កង់​បី​ដែល​ផលិត​ដោយ​ជនជាតិ​ឥណ្ឌា ទៅកាន់​ទី​រួម​ខេត្តសៀមរាប កាលពី​សប្តាហ៍​មុន​។ លោក​បាន​ឈប់​ម៉ូតូ​របស់លោក នៅ​ខាងក្រៅ​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា​ប្រទេស (École française d'Extrême-Orient) ឬ​ហៅ​កាត់​ថា EFEO​។ នៅ​ពី​ខាងមុខ​វិទ្យាស្ថាន​នេះ អតីត​សហការី​របស់លោក ទុយ ក្តុង ជាច្រើន​នាក់ កំពុង​ត្រៀម​តវ៉ា​។​

 
​លោក ទុយ ក្តុង បាន​ជួយ​ជួសជុល​ប្រាសាទមេបុណ្យខាងលិច ស្ថិតនៅក្នុង​ឧទ្យាន​ប្រាសាទបុរាណ​អង្គរ​រយៈពេល​ពីរ​ឆ្នាំ និង​ប្រាំ​មួយខែ​។ លោក​ក៏​ជា​អតីត​កម្មករ​ដែល​បាន​ជួយ​ជួសជុល​ប្រាសាទ​បា​ពូន រយៈពេល​ពីរ​ឆ្នាំ​ផងដែរ​។​
 
​ប៉ុន្តែ វិវាទ​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ និង​អាជ្ញាធរ​ជាតិ​អប្សរា ចំពោះ​បញ្ហា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​នោះ បានធ្វើ​ឲ្យ​កម្មករ​ចំនួន ១២៦​នាក់ គ្មាន​ការងារ​ធ្វើ​ជិត​ពីរ​ឆ្នាំ​មកហើយ​។ ស្របពេល​ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួល​កម្មករ​ជាច្រើន​នាក់​ទៀត​ឲ្យ​មក​ធ្វើការ ក្រោម​ការចោទប្រកាន់ថា បានទទួល​ប្រាក់​ឈ្នួល​ទាប​។​
 
​លោក ទុយ ក្តុង ដែល​ស្ថិតក្នុង​ចំណោម​កម្មករ​ទាំង ១២៦​នាក់​នោះ ថ្លែងប្រាប់ VOA នៅផ្ទះ​របស់លោក​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​ថា លោក​នៅតែ​ទទូច​សុំ​ឲ្យ​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា​ប្រទេស​ដាក់​លោក​ទៅ​កន្លែងធ្វើការ​ដើម​វិញ​។​


លោក ទុយ​ ក្តុង​ ជាកម្មករម្នាក់ដែលរងប៉ះពាល់ដោយសារ​វិវាទការងារជាមួយសាលាបារាំងចុង​បូព៌ាប្រទេស នៅខេត្តសៀមរាបនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។​ (ហ៊ុល រស្មី/VOA Khmer)


អ្នកស្រី ​យន់​ ពី​ ភរិយារបស់​លោក​ទុយ​ ក្តុង​ អង្គុយលើអង្រឹង​ក្រោម​ផ្ទះគាត់​នៅសង្កាត់​គោក​ចក​ ក្រុងសៀមរាប​ ថ្ងៃទី​១៦ ខែមីនា​ ឆ្នាំ​ ២០២០។​ (ហ៊ុល រស្មី/VOA Khmer)
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​នៅតែ​ទទូច​អ៊ីចឹង​។ នៅតែ​ទទូច​សុំ​ឲ្យ​គាត់​ជួយ​ឲ្យ​បានធ្វើការ​វិញ​»​។​
 
​លោក​បាន​បន្ថែមថា ក្តី​សង្ឃឹមថា លោក​មិនសូវមាន​សង្ឃឹមថា នឹង​ទទួលបាន​ការងារ​មក​វិញ​នោះទេ តែ​លោ​កថា ការតវ៉ា​នឹងធ្វើ​បន្តទៅទៀត ប្រសិនបើ​គ្មាន​ដំណោះស្រាយ​។​
 
​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនសូវ​សង្ឃឹម​ប៉ុន្មាន​ដែរ បានជា​យើង​ចេះតែ​តាម​តវ៉ា​ក្រែងលោ​វា​បាន​ចូលធ្វើ​វិញ​»​។​
 
​សម្រាប់​លោក ទុយ ក្តុង ប្រសិនបើ​លោក​បាន​ចូល​បម្រើ​ការងារ​វិញ អាច​មានន័យថា លោក​នឹង​អាចមាន​លទ្ធភាព​សង​ប្រាក់កម្ចី​ប្រចាំខែ ដែល​លោក​បាន​ខ្ចី​សរុប​ចំនួន ៦៥០០​ដុល្លារ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ និង AMK ដើម្បី​សង់ផ្ទះ​របស់លោក​និង​ទិញ​ម៉ូតូ​កង់​បី​ឥណ្ឌា​។​
 
​បញ្ហា​កាន់តែ​អាក្រក់​សម្រាប់ លោក ទុយ ក្តុង នៅពេល​ភរិយា​របស់លោក​គឺ​អ្នកស្រី យន់ ពី បាន​បាត់បង់​ការងារ​ពី​កន្លែង​ម៉ាស្សា​មួយ​ក្នុង​ខេត្តកំពង់ចាម ក្នុង​គ្រា​មានការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា​លើ​អ្នកទេសចរ ដែល​បានធ្វើ​ឲ្យ​មាន​ការបិទ​កន្លែង​ម៉ាស្សា​។​
 
«​បើ​គេ​ចង់យក ក៏​គេ​យកទៅ ព្រោះ​អី​ខ្ញុំ​អត់​។ ខ្ញុំ​អស់​លទ្ធភាព​នឹងត្រូវ​រក​ហើយ ព្រោះ​ការងារ​ក៏​គេ​បិទ​អស់ ហើយ​។​ខ្ញុំ​ទៅធ្វើ​អី បើ​ខាង​ម៉ាស្សា ខ្ញុំ​មានតែ​មុខរបរ​ជំនាញ​ខាង​ម៉ាស្សា​។ ដល់ពេល​ម៉ាស្សា​គេ​បិទ​អស់​ចឹ​ង​ទៅ ខ្ញុំ​ធ្វើការ​អី​?​ហើយ​ប្តី​រត់​អានេះ​[​កង់​បី​]​ក៏រ​ត់វា​មិន​ដាច់​»​។​
 
​នៅពេល​ប្រពន្ធ​របស់លោក​មិនអាច​រកប្រាក់​ចំណូល​បាន​នោះ ការរកបាន​ប្រាក់​របស់លោក ទុយ ក្តុង ត្រឹម​បី​ទៅ​បួន​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ពី​ការរត់​ម៉ូតូ​កង់​បី​ប្រចាំថ្ងៃ រឹតតែ​ធ្វើ​ឲ្យ​គ្រួសារ​របស់លោក​ពិបាក​សម្រាប់​ការចំណាយ​ផ្សេងៗ​។​
 
«​ប៉ុន្មាន​ថ្ងៃ​ហ្នឹង អត់​រកលុយ​បានទេ ព្រោះ​ភ្ញៀវ​អត់​មាន​ហើយ អត់​មាន​booking[​កក់​ទុក​]​ឲ្យ​ទៀត​...​ទៅ​រត់​មួយ​ព្រឹក​មិនបាន​មួយ​ម៉ឺន​ផង អត់​មាន booking​។ [​ចឹ​ង​] ខ្ញុំ​ខ្ជិល​ទៅ​រត់​ដោយ​អត់​មាន​ភ្ញៀវ​»​។​
 
​ភាពចម្រូងចម្រាស​បាន​ធ្វើ​ឲ្យ​កម្មករ​ប្រាសាទ​ដែលមាន​ជំនាញ ស្ថិតក្នុង​ស្ថាន​ភាពមិន​ប្រាកដប្រជា​អស់​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​កម្មករ​ខ្លះ​ធ្លាក់​ក្នុង​បំណុល និង​ខ្លះទៀត​បាត់​ឱកាស​ដែលមាន​បន្តិចបន្តួច ដើម្បី​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ ដែលជា​ជំនាញ​មានតម្លៃ​មួយ​ក្នុងការ​ជួសជុល​ប្រាង្គ​ប្រាសាទពី​សម័យអង្គរ​។​
 
​គម្រោង​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ស្ថានទូត​បារាំង ក្រោម​ការអនុវត្ត​រប​ស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ឬ​ហៅ​ម្យ៉ាង​ទៀតថា​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា​ប្រទេស ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​ជា​ផ្នែក​មួយ​នៃ​ការផ្តល់​ឲ្យ​កម្មករ​នូវ​អត្ថប្រយោជន៍​ល្អប្រសើរ​ជាង​មុន​នោះ សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ឬ EFEO និង​សហជីព​តំណាង​កម្មករ បាន​ចរចា​ចុះ​អនុសញ្ញា​រួមមួយ ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ដុំកំភួន​ដល់​កម្មករ​ទាំងនេះ​។​
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី EFEO និង​រដ្ឋាភិបាល​បារាំង​បាន​បញ្ឈប់​ផ្តល់​មូលនិធិ​ដល់​គម្រោង​នេះ​ក្នុង​ឆ្នាំ ២០១៨​នោះ EFEO បានប្រគល់​គម្រោង​រប​ស់​ខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​អតីត​កម្មករ​ជួសជុល​ប្រាសាទ​និយាយថា ស្ថាប័ន​រដ្ឋាភិបាល​កម្ពុ​ជា​បាន​កាត់បន្ថយ​កម្រិត​ប្រាក់ខែ និង​បាន​បន្ថយ​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​ការណ៍​នេះ​បានធ្វើ​ឲ្យ​អនុសញ្ញា​រួម​នោះ​អាច​បាត់បង់​សុពលភាព​។​


ប្រាសាទ​មេបុណ្យ​ខាងលិច​ ​ស្ថិតក្រោម​ការជួសជុល​ នៅសង្កាត់គោកចក​ ក្រុងសៀមរាប ថ្ងៃទី​ ១៦ ខែមីនា​ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/VOA Khmer)
 
​ចាប់តាំងពី​ពេលនោះ​មក កម្មករ​បាន​ខិតខំ​ជំរុញ​ឲ្យ​ភាគី​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា​ស្វែងរក​ដំណោះស្រាយ ក្នុងនោះ​រួមមាន​ប្រាក់​សំណង​សម្រាប់​ការខាតបង់​ប្រាក់ខែ រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ពួកគេ​មិនមាន​ការងារ​ធ្វើ​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តីប្រកាស មួយ​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ ដោយបាន​និ​ិ​យាយ​ការពារ​ថា កម្មករ​អាច​ត្រឡប់មក​ធ្វើការ​វិញ ប្រសិនបើ​ពួកគេ​ព្រម​ធ្វើតាម​លក្ខខណ្ឌ​ថ្មី​របស់​ស្ថាប័ន​រដ្ឋាភិបាល បើទោះជា​កិច្ចការ​នេះ​អាចធ្វើ​ទៅបាន តាម​ការ​ពិនិត្យឡើងវិញ​នូវ​លក្ខខណ្ឌ​របស់​គម្រោង​ក្តី​។​
 
​លោក ឡុង​កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា​ជម្លោះ​បច្ចុប្បន្ន គឺជា​ជម្លោះ​រវាង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស និង​ស្ថានទូត​បារាំង និង​កម្មករ ហើយ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ដែល​គ្រប់គ្រង​ប្រាសាទ​នោះទេ​។​
 
«​នេះ​មិនមែនជា​កាតព្វកិច្ច​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ទេ​។ គាត់​គួរតែ​បញ្ចប់​ការងារ​នេះ ការទាមទារ​នេះ ជាមួយនឹង​អាជ្ញាធរ​ជាតិ​អប្សរា​។ អាជ្ញាធរ​ជាតិ​អប្សរា​អត់​មាន​កាតព្វកិច្ច ត្រូវបំពេញ​ជាមួយ​គាត់​ទេ​។ អ្នក​ត្រូវបំពេញ​កាតព្វកិច្ច​ជាមួយ​គាត់​គឺ​ភាគី​ដែល​បាន​ព្រមព្រៀង​ដោយ​មាត់ទទេ ជាមួយ​គាត់​»​។​
 
​លោក ឡុង កុសល កំពុងនិយាយ​សំដៅ​ដល់​ការព្រមព្រៀង​ដោយ​ពាក្យសម្តី​រវាង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​និង​កម្មករ ដើម្បី​បន្ត​គោលការណ៍​នៃ​អនុសញ្ញា​រួម ទោះបីថា​វា​បាន​អស់​សុពលភាព​នៅ​ឆ្នាំ​២០១៦​ក៏ដោយ​។​
 
​លោក​បន្ថែមថា នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច មាន​កម្មករ និង​អ្នកជំនាញ​គ្រប់គ្រាន់​រួចទៅហើយ​។​
 
«​ក្នុងពេល​បច្ចុប្បន្ន កម្មករ​បំពេញ​កិច្ចការងារ​នេះ គឺមាន​រួចស្រេច​ទៅហើយ​។ អីចឹង​យើង​ពុំ​អាចនឹងទទួល​គាត់​ឲ្យ​មក​បំពេញ​កិច្ចការងារ​នេះ​បន្ថែម​នៅលើ​ការដ្ឋាន​ដែលមាន​កម្មករ ដែលមាន​អ្នកជំនាញ​គ្រប់គ្រាន់ ក្នុងការ​បំពេញភារកិច្ច​ហ្នឹង​ទេ​»​។​
 
​ទោះយ៉ាងណា មន្ត្រី​អាជ្ញាធរ​អប្សរា​រូបនេះ​និយាយថា អតីត​កម្មករ​នៅ​ប្រាសាទមេបុណ្យខាងលិច​អាចដាក់​ពាក្យ​សុំចូល​បម្រើ​ការងារ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ប្រសិនបើ​មានឱកាស​ការងារ​ថ្មី​នៅពេល​ខាងមុខ​។ លោក​ថា អាជ្ញាធរ​នឹងមិន​ច្រានចោល​ពាក្យសុំ​ធ្វើការ​របស់​ពួកគាត់​ទេ​។​
 
​អតីត​កម្មករ​ដែល​ពេលនេះ​មាន​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា (BWTUC) ជា​តំណាង​នោះ បានដាក់​គោលដៅ​នៃ​ការតវ៉ា​របស់​ពួកគេ​នៅ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ​។​
 
​នៅពេល​ធ្វើ​ការតវ៉ា​កាលពី​សប្តាហ៍​មុន​នៅខាងមុខ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (EFEO) នា​ក្រុង​សៀមរាប​នោះ ក្រុម​អតីត​កម្មករ​ត្រូវបាន​គេ​មើលឃើញថា បាន​លើក​បដា ដែល​សរសេរថា​៖ «​យើង​អភិរក្ស​វប្បធម៌​ខ្មែរ សង​ការងារ​យើង​វិញ​មក​»​។​


អ្នកស្រី​ អុង​ សាន​ អាយុ​៤៧​ឆ្នាំ​ អតីតកម្មករ​មួយរូប​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិចចូលរួមការតវ៉ា​នៅមុខ​ វិទ្យាស្ថានបារាំង​ចុង​បូព៌ាប្រទេស​ (EFEO)​ ​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ ២០២០។​ (ហ៊ុល​ រស្មី/VOA)​
 
​អ្នកស្រី អ៊ុង សាន ដែល​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​និយាយថា ក្រុមកម្មករ​រំពឹងថា ពួកគេ​ត្រូវបាន​ផ្អាក​ពី​ការងារ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ប៉ុណ្ណោះ  ខណៈ​គម្រោង​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​ស្ថិតក្នុង​អន្តរកាល​នៃ​ការផ្ទេរ​ឲ្យ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​។ អ្នកស្រី​នៅ​បន្ត​រង់ចាំ​ការ​ត្រឡប់​ទៅធ្វើ​ការ​វិញ​។​
 
«​ចា៎​លំបាក​!​គ្រាន់ ចិញ្ចឹម​កូន​....​ចេះតែ​ចាំមើល​ផ្លូវ​ទេ​មិន​ហ៊ាន​ទៅរក​ការងារ​ឯណា​ទេ​។​ចុះ​ឃើញថា​បញ្ឈប់​តែ​រយៈពេល​មួយខែ ទៅ​បី​ខែ​នោះ ចេះតែ​ផ្អាក​សិន ចេះតែ​រង់ចាំ​ទៅណា៎​»​។​
 
​សហការី​របស់​អ្នកស្រី​គឺ​លោក ឃុន ខន ជាជាង​ដាប់ថ្ម និង​បាន​ជួយ​ការងារ​ជួសជុល​ប្រាសាទ​នៅឯ​ប្រាសាទបាពួន​ដ៏​ល្បីល្បាញ​អស់​រយៈពេល​១៥​ឆ្នាំ មុនពេល​លោក​ចូលរួម​ក្រុម​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​នៅ​ឆ្នាំ ២០១២​។​
 
​ដូចនឹង​កម្មករ​ឯទៀត លោក ឃុន ខន មិនមាន​អ្វី​ធ្វើ​ទេ ក្រៅពី​ការងារ​ចិញ្ចឹម​គោ និង​រើស​អេតចាយ​ដើម្បី​រកប្រាក់​តិចតួច ផ្គត់ផ្គង់​គ្រួសារ​។​
 
​លោក​បាន​និយាយ​នៅមុខ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ថា​៖ «​មានបាន​ទៅរក​អី​ណា​ទៀត នៅតែ​ផ្ទះ​ចិញ្ចឹម​តែ​គោ​»​។​
 
​លោក សួ ឆ្លួ​ញ អនុប្រធាន​ទីមួយ​នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC)​បាន​និយាយថា ការអត្ថាធិប្បាយ​របស់​លោក ឡុង កុសល ថា​កម្មករ​ទទួលបាន​សំណង​ទាំងអស់ ហើយ​ឈានដល់​ការបញ្ចប់​ជម្លោះ​នោះ មិន​ត្រឹមត្រូវ​នោះទេ​។​
 
​លោក​បាន​មានប្រសាសន៍​ទៀតថា អតីត​កម្មករ​នៅ​ប្រាសាទមេបុណ្យខាងលិច បានទទួល​តែ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​ឈ្នួល​សម្រាប់​ការងារ​ដែល​បានធ្វើ​ប្រចាំថ្ងៃ មុន​ពួកគេ​ត្រូវបាន​បញ្ឈប់​។ លោក​ថា ក្រុមកម្មករ​មិនទាន់​ទទួលបាន​ប្រាក់​សំណង​ពេញលេញ​សម្រាប់​ការបាត់បង់​ការងារ​ធ្វើ​រយៈពេល​ពីរ​ឆ្នាំ​នោះទេ​។​


លោក សួ​ ឆ្លួញ អនុ​ប្រធាន​ទីមួយនៃ​សហព័ន្ធសហជីព​កម្មករសំណង់​ និងព្រៃឈើ​កម្ពុជា (BWTUC) សួរមតិពីកម្មករ មុនទៅតវ៉ា​នៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA Khmer)


លោក ឃុន​ ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA នៅមុខនៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/VOA) 

​តំណាង​កម្មករ​រូបនេះ​លើកឡើង​បន្ថែមថា សហជីព​បាន​ផ្ញើលិខិត​ជា​ច្រើនដង​ទៅកាន់​ស្ថានទូត​បារាំង ហើយ​កម្មករ​កំពុង​ពិចារណា​ស្វែងរក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​
 
«​ពួកគាត់​គឺជា​កម្មករ​ដែល​ជំនាញ​ធ្វើការ​ជាង ២០​ឆ្នាំ​មកហើយ​នៅក្នុង​ការជួសជុល​ប្រាសាទពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ​បាទ​។ អ៊ីចឹង​សូម​សម្តេច​ជួយ​ពួកគាត់​ទាំងអស់គ្នា ដើម្បី​បាន​ចូលធ្វើការ​វិញ​ផង​»​។​
 
​លោក ឃុន ថា​រ៉ូ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គ​ការសង់​ត្រា​ល់ (Central) មានប្រសាសន៍ថា ក្រុម​អតីត​កម្មករ​នៅ​ប្រាសាទមេបុណ្យខាងលិច​សុទ្ធតែជា​កម្មករ​មាន​ជំនាញ​ច្បាស់លាស់ ដូច​អ្វីដែល​ពួកគេ​បានធ្វើ​នៅ​ប្រាសាទបាពួន​។ លោក​ថា អាជ្ញាធរ​គួរ​ឲ្យ​ពួកគេ​ធ្វើការ​វិញ​ដើម្បី​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​។​
 
«​អ៊ីចឹង​បាន​ហើយ​!​យើង​អំពាវនាវ​ទៅដល់​មិន​ថា​ខាង EFEO ទេ សូម្បីតែ​រាជរដ្ឋាភិបាល​ក៏ដូចជា​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ហ្នឹង ត្រូវ​គិតពិចារណា​ឡើងវិញ​នៅក្នុង​ការ​ផ្តល់នូវ​មូលនិធិ​នៅក្នុង​ការជួសជុល​ប្រាសាទ ដើម្បី​ធានាថា កម្មករនិយោជិត​ដែលជា​កម្មករ​ជំនាញ​នៅក្នុង​ការធ្វើ​ការជួសជុល​ប្រាសាទ​ហ្នឹង គាត់​អាច​ចូលធ្វើ​ការងារ​វិញ​។​គាត់​អាច​ទទួលបាន​ការងារ​វិញ​»​។​
 
​អ្នកយកព័ត៌មាន VOA បានធ្វើ​ដំណើរ​ទៅ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​នៅក្នុង​ក្រុង​សៀមរាប​ចំនួន​ពីរលើក ប៉ុន្តែ​លោក Brice Vincent ប្រធាន​មជ្ឈមណ្ឌល EFEO បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ​អំពី​ជម្លោះ​ជាមួយ​អតីត​កម្មករ​នៅ​ប្រាសាទមេបុណ្យខាងលិច​ទេ​។ លោក​ថា លោក​ត្រូវមាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​របស់លោក​ដើម្បី​ផ្តល់​ការអត្ថាធិប្បាយ​ដល់​បណ្តាញ​ព័ត៌មាន​។​
 
«​អ៊ីចឹង​អត់​ចង់​និយាយ​អំពី​រឿងនេះ​ជាមួយ​កាសែត​ឥឡូវ​ទេ​»​។​
 
​នៅឯ​ផ្ទះ​របស់លោក ទុយ ក្តុង ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ប្រពន្ធ​របស់លោក គឺ​អ្នកស្រី យន់ ពី ឥឡូវនេះ​បារម្ភ​អំពី​ការបាត់បង់​ដីធ្លី ដែល​អាច​កើតឡើង ប្រសិនបើ​ពួកគេ​មិនអាច​សងបំណុល​ប្រចាំខែ​ទៅ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ពីរ​នោះ​។​
 
​ដី​ទំហំ​តូច​មួយ​និង​ផ្ទះ​ជញ្ជាំង​ស្លឹកត្នោត ហើយ​ដំបូល​ប្រក់​ស័ង្កសី គឺជា​ទ្រព្យ​ដែល​ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន ក្រៅពី​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​។ អ្នកស្រី យន់ ពី បញ្ជាក់ថា ការបាត់បង់​ដីធ្លី​នឹងធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នកស្រី​គ្មានអ្វី​នៅ​សេសសល់​ទេ​។​
 
«​ចា៎​ប្រហែលជា​អាច ព្រោះ​អី​បើ​យើង​សុទ្ធតែ​បង់​គេ​។ បើ​យើង​មិន​បង់​គេ មួយខែ បើ​យើង​អត់​បង់​គេ​គេ​មានតែ​រឹបអូស​យក​ដី​ប៉ុណ្ណោះឯង ព្រោះ​យើង​ដាក់​ប្លង់ដី​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com