កម្ពុជា ផ្អាកនាំចេញអង្ករនិងស្រូវទៅក្រៅប្រទេស លើកលែងតែអង្ករក្រអូប
COVID-19
ជាតិ
សេដ្ឋកិច្ច
កម្ពុជា ផ្អាកនាំចេញអង្ករនិងស្រូវទៅក្រៅប្រទេស លើកលែងតែអង្ករក្រអូប
30, Mar 2020 , 1:19 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុក សហព័ន្ធស្រូវ អង្ករ កម្ពុជា
រូបភាពបានពីទំព័រហ្វេសប៊ុក សហព័ន្ធស្រូវ អង្ករ កម្ពុជា
ដោយ: ថ្មីៗ
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បញ្ជាឲ្យផ្អាកនាំអង្ករស (អង្ករស្កាយឬអង្ករធម្មតា) និងស្រូវ ទៅកាន់ទីផ្សារបរទេស តែអង្ករក្រអូប នៅអនុញ្ញាតឲ្យនាំចេញធម្មតា។ បទបញ្ជានេះ ត្រូវចាប់ផ្តើមអនុវត្ត ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ តទៅ រហូតដល់មានបទបញ្ជាថ្មី។



សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា ការទុកពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទីទី៤ ខែមេសា គឺដើម្បីឲ្យឈ្មួញ ដែលបានប្រមូលទិញអង្ករនិងស្រូវ ហើយត្រៀមនាំចេញទៅក្រៅប្រទេស ជាពិសេសទៅកាន់ថៃនិងវៀតណាម អាចនាំចេញអង្ករនិងស្រូវទាំងនោះ ទៅក្រៅប្រទេសឲ្យរួចស្រេចបាច់ មុននឹងបទបញ្ជានៃការផ្អាកនាំចេញ ត្រូវបានអនុវត្ត។

សម្តេចនាយករដ្ឋមន្រ្តី លើកមូលហេតុថា ការផ្អាកនាំចេញអង្ករសនិងស្រូវទៅក្រៅប្រទេស គឺដើម្បីទុកផ្គត់ផ្គង់ក្នុងប្រទេស។ ក្នុងសន្និសីទកាសែត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេច ថ្លែងដូច្នេះថា៖«យើង ត្រូវតែរក្សាស្បៀងនៅក្នុងស្រុកយើង ហើយស្បៀងនេះ ខ្ញុំ មិនសំដៅលើដំឡូងមី ពោត សណ្តែកទេ គឺសំដៅលើអង្ករតែម្តង ហើយអង្ករនេះ សំដៅតែអង្ករស និងស្រូវតែប៉ុណ្ណោះ»។

ប្រមុខរដ្ឋាភិបាល បន្តថា អង្ករស គឺជាប្រភេទអង្ករ ដែលមានតម្រូវការខ្លាំងនៅក្នុងស្រុក ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុត ហូបអង្ករនេះ ចំណែកអង្ករក្រអូប ដែលជាអង្ករប្រភេទលេខមួយ និងមានតម្លៃថ្លៃ ប្រជាពលរដ្ឋ មិនសូវហូបឡើយ ហើយក៏មិនសូវមានតម្រូវការក្នុងស្រុកដែរ។ នេះ ជាមូលហេតុ ដែលរដ្ឋាភិបាល មិនផ្អាកការនាំចេញអង្ករក្រអូបទៅក្រៅប្រទេស។

ប្រមុខរដ្ឋាភិបាល បន្ថែមថា ក្រសួងសេដ្ឋកិច្ច នឹងពិនិត្យបញ្ជានេះ ដើម្បីត្រៀមថវិកា ទុកទិញអង្ករ ពីរោងម៉ាស៊ីនកិនស្រូវ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យថៅកែរោងម៉ាស៊ីនកិនស្រូវ ដើរប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដោយរក្សាតម្លៃឲ្យបានល្អ។

ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«បើឈ្មួញទាំងនោះ មិនមកទិញទៀតទេ ប្រជាពលរដ្ឋរបស់យើង មិនដឹងលក់ស្រូវឲ្យអ្នកណាទេ អ៊ីចឹងមានតែជម្រើសមួយ គឺរដ្ឋ ត្រូវផ្តល់ទុនទៅឲ្យរោងម៉ាស៊ីនកិនស្រូវ ទិញស្រូវយកមករក្សាទុក ដើម្បីជាការបម្រុងរបស់រដ្ឋ...»៕

Tag:
 COVID-19
 ​ ផ្អាកនាំចេញអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម